(កំពង់ធំ)៖ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ជាទុក្ខលំបាករបស់រដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា។
លោករដ្ឋមន្ត្រីលើកឡើងដូចនេះ ក្នុងឱកាសលោករួមជាមួយលោក សុខ លូ អភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ទីទួលសុវត្ថិភាព ចំនួន៣កន្លែង ដែលសាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងក្របខ័ណ្ឌជំនួយអត់សំណងរបស់មូលនិធិអភិវឌ្ឍន៍ណ័រឌិក (NORDIC DEVELOPMEN FUND) នៅឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
លោក អ៊ុក រ៉ាប៊ុន បានថ្លែងថា «សមិទ្ធិផលទំាងនេះ គឺជាការរួមចំណែក នៃការរីកចម្រើនប្រទេសជាតិយើង និងជាកន្លែងទីទួលសុវត្ថិភាពធានានៅពេល មានគ្រោះធម្មជាតិកើតឡើងម្តងៗ ព្រោះគ្រោះធម្មជាតិមនុស្សមិនអាចយកឈ្នះបានទេ ប៉ុន្តែមនុស្សអាចបញ្ចៀសគ្រោះធម្មជាតិបាន តាមរយៈការសាងសង់ទីទួលសុវត្ថិភាព ដើម្បីជួយបងប្អូនឲ្យគេចផុតពីគ្រោះថ្នាក់ជាយថាហេតុ។ ហើយទីទួលសុវត្ថិភាពនេះមិនមែនជាកន្លែងឯកជន នោះទេ ដូច្នេះសូមបងប្អូនត្រូវចេះជួយថែរក្សាឲ្យបានគង់វង្ស និងស្ថិតស្ថេរតទៅទៀត»។
លោករដ្ឋមន្រ្តីបានបន្តថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានខិតខំទាក់ទាញ អ្នកវិនិយោគគិនជាតិ និងអន្តរជាតិ ដើម្បីធ្វើការវិនិយោគក្នុងប្រទេស ដើម្បីធ្វើការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានហេដ្ឋារចនាសម្ព័ន្ធនានាដូចជា៖ ផ្លូវលំ ប្រឡាយទឹក មន្ទីរពេទ្យ សាលារៀន វត្តអារាម អណ្តូងទឹក ជាដើម ដើម្បីជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតាមមូលជនបទ។
លោក សុខ លូ បានថ្លែងអំណរគុណដល់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានជួយគាំទ្រអនុវត្តគម្រោងជាពិសេសម្ចាស់មូលនិធិអភិវឌ្ឍន៍ណ័រឌិក (NDF) ដែលបានផ្តល់ជំនួយដ៏មានសារសំខាន់នេះ ដើម្បីសាងសង់រោងជម្រកនៅទីទួលសុវត្ថិភាពចំនួន៣កន្លែង និងមណ្ឌលប្រតិបត្តិការ សង្គ្រោះបន្ទាន់២កន្លែង និងមណ្ឌលព័ត៌មានសង្គ្រោះបន្ទាន់ ដោយមានបំពាក់សម្ភារទំនើបៗ ដើម្បីធ្វើការឆ្លើយតបបានទាន់ពេលវេលា និងជួយសម្រួលដល់ប្រជាពលរដ្ឋនៅពេលមានជួបគ្រោះធម្មជាតិ៕