(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើភាគីជប៉ុនទទួលកម្មសិក្សាការីខ្មែរបន្ថែមទៀត ខណៈចំនួនប្រជាជនវ័យចំណាស់ក្នុងប្រទេសនេះ កំពុងមានកើនឡើងខ្ពស់ ហើយត្រូវការអ្នកថែទាំមនុស្សចាស់ក្នុងមួយឆ្នាំៗពី ២០-៣០ម៉ឺននាក់។
ការស្នើបែបនេះរបស់លោករដ្ឋមន្ត្រី អ៉ិត សំហេង ធ្វើឡើងក្នុងជំនួបពិភាក្សាការងារពាក់ព័ន្ធនឹងការបញ្ជូនកម្មសិក្សាការីទៅបម្រើការងារ លើវិស័យសេវាកម្មថែទាំមនុស្សចាស់ នៅប្រទេសជប៉ុន ជាមួយលោក CHIBA Shinya ប្រធានសហជីពធនធានមនុស្សអន្តរជាតិ នៅទីស្តីការក្រសួងការងារ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោក CHIBA Shinya បានលើកឡើងថា គោលបំណងរបស់គណៈប្រតិភូជប៉ុនមកកម្ពុជាក្នុងពេលនេះ គឺដើម្បីពិភាក្សាពីការបញ្ជូនកម្មសិក្សាការីកម្ពុជាទៅធ្វើការនៅប្រទេសជប៉ុន លើវិស័យសេវាកម្មថែទាំមនុស្សចាស់ ដោយកន្លងកម្ពុជាបញ្ជូនតែកម្មសិក្សាការី ដែលបម្រើការងារក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងវិស័យសំណង់ប៉ុណ្ណោះ ដូច្នេះលោកសូមឲ្យមានការគាំទ្រ ពីលោករដ្ឋមន្ត្រី ដើម្បីជំរុញការងារនេះឲ្យទទួលបានជោគជ័យ។
លោក CHIBA បានបន្តថា បច្ចុប្បន្នប្រទេសជប៉ុនមានប្រជាជនវ័យចំណាស់ច្រើន ដូច្នេះកម្លាំងពលកម្មក៏មានការថយចុះ ទើបរដ្ឋាភិបាលជប៉ុនរៀបចំបង្កើតច្បាប់ថ្មី ដើម្បីទទួលកម្មសិក្សាការីផ្នែកថែទាំមនុស្សចាស់ទៅធ្វើការនៅជប៉ុន ហើយរាជរដ្ឋាភិបាលជប៉ុនបានយកចិត្តទុកដាក់ និងចាត់ទុកថាជារឿងសំខាន់ចំពោះបញ្ហានេះ ក្នុងនោះរាជរដ្ឋាភិបាលជប៉ុនត្រូវការកម្មសិក្សាការីពីបរទេសពី ២០-៣០ម៉ឺននាក់ ក្នុងមួយឆ្នាំ ដើម្បីបម្រើការងារលើវិស័យថែទាំមនុស្សចាស់នេះ។
លោកបន្ថែមទៀតថា សហជីពរបស់លោកមានក្រុមហ៊ុនជាដៃគូច្រើន ដូច្នេះសហជីពរបស់លោកត្រូវការកម្មសិក្សាការីទៅបម្រើការងារនៅជប៉ុនចំនួន ២ទៅ៣ម៉ឺននាក់។ ប្រការនេះហើយ ទើបលោកមកធ្វើការសិក្សានៅកម្ពុជា ដើម្បីស្វែងរកដៃគូសហការ និងសុំការគាំទ្រពីក្រសួងការងារ ដើម្បីជំរុញការងារនេះឲ្យបានជោគជ័យ។
បន្ទាប់ពីការលើកឡើងរបស់ភាគីជប៉ុន លោករដ្ឋមន្រ្តី អ៉ិត សំហេង បច្ចុប្បន្នជប៉ុនបានទទួលកម្មសិក្សាការីកម្ពុជាទៅបម្រើការងារ នៅប្រទេសខ្លួនមានជាង ៥ពាន់នាក់ ក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងសំណង់។
លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា កន្លងមកកម្ពុជា ជប៉ុនមានតែកិច្ចព្រមព្រៀងតែលើវិស័យកសិកម្ម ឧស្សាហកម្ម និងសំណង់ប៉ុណ្ណោះ ហើយលោកក៏ចង់ឲ្យមានកិច្ចសហការលើវិស័យសេវាកម្មថែទាំមនុស្សចាស់ ពីសំណាក់រាជរដ្ឋាភិបាលជប៉ុន ដើម្បីផ្តល់ភាពស្របច្បាប់ និងគិតគូរពីសុខទុក្ខរបស់កម្មសិក្សាការីកម្ពុជា ដូច្នេះហើយលោករដ្ឋមន្ត្រីបានជំរុញឲ្យភាគីជប៉ុន បង្កើនការទទួលកម្មសិក្សាការីពីកម្ពុជាបន្ថែម ពិសេសវិស័យថែទាំមនុស្សចាស់នេះតែម្ដង។
លោក អ៉ិត សំហេង បានបន្តថា ដើម្បីឲ្យកិច្ចសហប្រតិបត្តិការដំណើរការទៅបាន ខាងសហជីពធនធានមនុស្សអន្តរជាតិត្រូវមានការណែនាំតម្រង់ទិស និងបណ្តុះបណ្តាលពីភាគីជប៉ុនមុន និងបញ្ជូនកម្មសិក្សាការីទៅបម្រើការងារ ហើយសហជីពត្រូវបង្កើតភ្នាក់ងារដើម្បីណែនាំ និងត្រូវចុះបញ្ជីនៅក្រសួងការងារជាមុនសិន៕