(សៀមរាប)៖ អតីតបេក្ខជនបម្រុងក្រុមប្រឹក្សាឃុំ នៅក្នុងខេត្តសៀមរាប សរុប១២នាក់ទៀតហើយ ដែលទើបរលាយ បានប្រកាសចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដោយសារតែពួកគាត់បានឃើញ នូវអំពើក្បត់ជាតិរបស់មេគណបក្សសង្គ្រោះជាតិ ដែលបម្រើបរទេស។ នេះបើតាមលិខិតដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
ការសម្រេចដើរចេញរបស់អតីតមន្រ្តីគណបក្សសង្រ្គោះជាតិទាំង១២រូបនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូល បានកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
អតីតមន្ដ្រីគណបក្សសង្គ្រោះជាតិទាំង១២រូបនោះ រួមមាន៖
ទី១៖លោក បេង ស៊ីន អតីតសមាជិកបម្រុងក្រុមប្រឹក្សាឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប
ទី២៖លោក ហៀន សុជា អតីតបេក្ខជនបម្រុងឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប
ទី៣៖លោក តេង ជ្រុង អតីតបេក្ខជនបម្រុងឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប
ទី៤៖លោក មុត ចំរើន អតីតបេក្ខជនបម្រុងឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប
ទី៥៖លោក ហែម ផុន អតីតបេក្ខជនក្រុមប្រឹក្សាបម្រុងឃុំស្វាយលើ ស្រុកស្វាយលើ
ទី៦៖លោក ធីម ឈុនហាក់ អតីតបេក្ខជនក្រុមប្រឹក្សាបម្រុងឃុំតាសៀម ស្រុកស្វាយលើ
ទី៧៖លោក ទុំ វេត អតីតបេក្ខជនក្រុមប្រឹក្សាបម្រុងឃុំកន្តួត ស្រុកស្វាយលើ
ទី៨៖លោក ភោគ ផាន អតីតបេក្ខជនក្រុមប្រឹក្សាបម្រុងឃុំបឹងមាលា ស្រុកស្វាយលើ
ទី៩៖លោក ញ៉ញ់ ចយ អតីតបេក្ខជនក្រុមប្រឹក្សាបម្រុងឃុំកន្តួត ស្រុកស្វាយលើ
ទី១០៖លោក ផេង រស្មី អតីតបេក្ខជនក្រុមប្រឹក្សាបម្រុងឃុំកណ្តែក ស្រុកប្រាសាទបាគង
ទី១១៖លោក សួន ពិសេស អតីតបេក្ខជនក្រុមប្រឹក្សាបម្រុងឃុំកណ្តែក ស្រុកប្រាសាទបាគង
ទី១២៖លោក អ៊ូ ប្លោក អតីតបេក្ខជនក្រុមប្រឹក្សាបម្រុងឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី
គណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប បានប្រកាសស្វាគមន៍ និងទទួលសមាជិកសមាជិកាថ្មី មកពីអតីតគណបក្សសង្គ្រោះជាតិទាំង១២រូបនេះ ដែលសុំចូលរួមរស់ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីបានជ្រួតជ្រាបនូវអំពើក្បត់ជាតិរបស់មេបក្សខ្លួន។
សម្រាប់ការចុះចូលពីសំណាក់អតីតមន្រ្តីគណបក្សសង្គ្រោះជាតិខាងលើនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា បានប្រកាសតាមបណ្តាញសារព័ត៌មាន Fresh News ថា «ការស្ម័គ្រចិត្តចុះចូលមកគណបក្សប្រជាជនកម្ពុជា មានឱសានវាទត្រឹមថ្ងៃទី២៤ ខែវិច្ឆិកាប៉ុណ្ណោះ ព្រោះការរៀបចំបញ្ជីក្រុមប្រឹក្សាឃុំសង្កាត់ថ្មី ដើម្បីបញ្ជូនទៅកាន់ គជប នឹងត្រូវបិទត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា, ប្រសិនបើចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកាទៅ ការចុះចូលនៅតែបន្តដដែល ប៉ុន្តែមិនផ្តល់តួនាទីអ្វីនោះទេ»។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យអតីតមន្រ្តីគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលកាត់រំលាយ សូមប្រញាប់ប្រញាល់ចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបាននូវតួនាទីឋានៈអ្វីៗដដែល ព្រោះការកំណត់ពេលវេលាត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា នេះ ធ្វើឡើងតាមលក្ខខណ្ឌរបស់ គ.ជ.ប៕