(ភ្នំពេញ)៖ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅទីសាលប្រជុំក្នុងក្រសួងវប្បធម៌ បានអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីបើកវេទិកាសិល្បៈ លើកទី២ ក្រោមប្រធានបទ «ភាពជាដៃគូ ក្នុងវិស័យសិល្បៈវប្បធម៌» ដែលបានសហការជាមួយនឹងអង្គការយូណេស្កូ ប្រចាំនៅកម្ពុជា។ ក្នុងនោះក៏មានតំណាងមកពីអង្គការ សង្គមស៊ីវិលជាតិ និងអន្តជាតិ ក្រសួងពាក់ព័ន្ធ តំណាងមកពីក្រុមហ៊ុននានា ជាច្រើននាក់ទៀត ចូលរួមផងដែរ។
រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា បានថ្លែងឲ្យដឹងថា ការរៀបចំវេទិការសិល្បៈ គឺជាផ្នែកមួយនៃការអនុវត្ត គោលនយោបាយជាតិស្ដីពីវិស័យវប្បធម៌ និងសារប្រយោជន៍ ដែលបានកើតចេញពីការចំវេទិការសិល្បៈ លើកទី១ ហើយលទ្ធផលនៃការរៀចំ វេទិការសិល្បៈលើកទី១នោះ ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងដៃគូពាក់ព័ន្ធ រួមគ្នាយកមកគិតគូបន្ត និងអនុវត្តទៅតាមលទ្ធភាព ដែលភាគីនីមួយមាន។
លោកស្រីបន្តថា សិល្បៈវប្បធម៌មិនត្រឹមតែជាសម្រស់ និងអត្តសញ្ញាណរបស់សង្គមជាតិនោះទេ ថែមទាំងចូលរួមចំណែកយ៉ាងធំធេង ជួយដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ ហើយដែលរាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់លើកកម្ពស់លើវិស័យនេះ។ ការលើកស្ទួយវិស័យសិល្បៈវប្បធម៌ មិនមែនជាកាតព្វកិច្ចក្រសួងវប្បធម៌ ឬរាជរដ្ឋាភិបាលតែឯងនោះទេ ពោលគឺទាមទារឲ្យមានការ សហការមូលមាត់គ្នាទាំងរដ្ឋ និងឯកជន។
លោកស្រីបានថ្លែងជឿជាក់ថា ការរៀបចំវេទិការសិល្បៈថ្ងៃនេះ អាចឲ្យយើងប្រមូលបាន នូវអនុសាសន៍ល្អៗ ដែលគ្រប់ភាគីទាំងអស់អាចទទួលយកបាន និងអាចរួមកម្លាំងគ្នា ក្នុងគោលការណ៍រួម ដើម្បីលើកតម្កើងវិស័យសិល្បៈវប្បធម៌កម្ពុជា ឲ្យកាន់តែប្រសើរឡើង៕