(ព្រះសីហនុ)៖ អតីតជំទប់ទី២ ក្រុមប្រឹក្សាឃុំ និងបេក្ខជនបម្រុងក្រុមប្រឹក្សាឃុំ នៅក្នុងខេត្តព្រះសីហនុ សរុប៨នាក់ទៀតហើយ ដែលទើបរលាយ បានប្រកាសចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដោយសារតែពួកគាត់បានឃើញ នូវអំពើក្បត់ជាតិរបស់មេគណបក្សសង្គ្រោះជាតិ ដែលបម្រើបរទេស។ នេះបើតាមលិខិតដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
ការសម្រេចដើរចេញរបស់អតីតមន្រ្តីគណបក្សសង្រ្គោះជាតិទាំង៨រូបនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូលបានកាត់ទោសរំលាយគណបក្ស សង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
អតីតមន្ដ្រីគណបក្សសង្គ្រោះជាតិទាំង៨រូបនោះ រួមមាន៖
ទី១៖លោក ឡាយ អឿន ជាអតីតជំទប់ទី១ ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
ទី២៖លោក ពេជ សំណាង សមាជិកក្រុមប្រឹក្សា ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
ទី៣៖លោក នៅ ណាន ជាអតីតលេខរៀងទី៧ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
ទី៤៖លោក ម៉ាត់ មូសើ ជាអតីតលេខរៀងទី៧ ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
ទី៥៖លោក ទីន សារ៉ន ជាអតីតបេក្ខជនក្រុមប្រឹក្សា ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
ទី៦៖ លោក សៅ ចាន់ ជាអតីតលេខរៀងទី១៦ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
ទី៧៖ លោក ឡុក សុផល ជាអតីតបេក្ខជនលេខរៀងទី៦ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
និងទី៨៖ លោក ថាច់ វេង ជាអតីតលេខរៀងទី១២ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
គណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ បានប្រកាសស្វាគមន៍ និងទទួលសមាជិកសមាជិកាថ្មី មកពីអតីតគណបក្សសង្គ្រោះជាតិទាំង៨រូបនេះ ដែលសុំចូលរួមរស់ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីបានជ្រួតជ្រាបនូវអំពើក្បត់ជាតិរបស់មេបក្សខ្លួន។
សម្រាប់ការចុះចូលពីសំណាក់អតីតមន្រ្តីគណបក្សសង្គ្រោះជាតិខាងលើនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា បានប្រកាសតាមបណ្តាញសារព័ត៌មាន Fresh News ថា «ការស្ម័គ្រចិត្តចុះចូលមកគណបក្សប្រជាជនកម្ពុជា មានឱសានវាទត្រឹមថ្ងៃទី២៤ ខែវិច្ឆិកាប៉ុណ្ណោះ ព្រោះការរៀបចំបញ្ជីក្រុមប្រឹក្សាឃុំសង្កាត់ថ្មី ដើម្បីបញ្ជូនទៅកាន់ គជប នឹងត្រូវបិទត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា, ប្រសិនបើចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកាទៅ ការចុះចូលនៅតែបន្តដដែល ប៉ុន្តែមិនផ្តល់តួនាទីអ្វីនោះទេ»។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យអតីតមន្រ្តីគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលកាត់រំលាយសូមប្រញាប់ប្រញាល់ចុះចូល ជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបាននូវតួនាទីឋានៈអ្វីៗដដែល ព្រោះការកំណត់ពេលវេលាត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា នេះ ធ្វើឡើងតាមលក្ខខណ្ឌរបស់ គ.ជ.ប៕