(សៀមរាប)៖ តាំងពីឆ្នាំ១៩៩៨មក ជាពេលដែលកម្ពុជាទទួលបានសន្តិភាពពេញលេញ ក្រោមនយោបាយឈ្នះឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឲ្យកិត្តិសព្ទអង្គរខ្ចរខ្ចាយកាន់តែខ្លាំងទៅកាន់ឆាកអន្តរជាតិ និងមានភ្ញៀវទេសចរជាតិ-អន្តរជាតិមកទស្សនាច្រើនឡើងៗ។
ក្រោមដំបូលសន្តិភាព និងស្ថិរភាពនយោបាយនេះ រមណីយដ្ឋានអង្គរក៏កំពុងតែបន្តភាពល្បីល្បាញ និងកាន់តែទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិកាន់តែច្រើនឡើងៗ ឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ។ អង្គរធ្លាប់ទទួលបានចំណាត់លេខ១ ជាប់គ្នាពីស្ថាប័នវាយតម្លៃធំៗលើលោកដូចជា Archaeo Madness, Trip Advisor, Lonely Planet ជាដើម។
ប្រាសាទអង្គរវត្ត គឺសក្ខីភាពមួយដែលបញ្ជាក់លើករណីនេះ ដោយកំណើននៃភ្ញៀវទេសចរឥតថមថយ និងមានតែកើនឡើងនូវចំនួនអ្នកចូលទស្សនា។ ជាក់ស្តែង ជារៀងរាល់ព្រឹកដែលព្រះអាទិត្យមិនទាន់រះផង ភ្ញៀវទេសចរបានសម្រុកទៅមើលទិដ្ឋភាពថ្ងៃរះនៅប្រាសាទនេះ រាប់ពាន់នាក់រួចទៅហើយ ដើម្បីមើលថ្ងៃរះចំកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត (Angkor Equinox) ភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺនាក់ បានទៅរង់ចាំទស្សនាពុំដែលខកខានម្តងណាឡើយ។
ភាពទាក់ទាញភ្ញៀវទេសចរមកកាន់រមណីយដ្ឋានអង្គរទាំងអស់នេះ ក្រៅពីភាពល្បីល្បាញនៃភាពអស្ចារ្យរបស់ប្រាសាទផ្ទាល់ និងមានកត្តាដ៏សំខាន់មួយទៀត ដែលយើងមិនអាចបំភ្លេចបាននោះគឺ សន្តិភាព និងស្ថិរភាពនយោបាយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានពុះពារដណ្តើមមកបាន និងកំពុងតែបន្តរក្សាដោយប្រុងប្រយ័ត្នបំផុត។
សូមបញ្ជាក់ថា សម្រាប់រយៈពេល១០ខែ ឆ្នាំ២០១៧នេះ មានភ្ញៀវទេសចរអន្តរជាតិចំនួន ១,៩៤០,៥៧៣នាក់ បានទិញប័ណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ ចាប់ពីខែមករា ដល់ខែតុលា បើធៀបនឹងរយ:ពេល១០ខែដូចគ្នា កាលពីឆ្នាំ២០១៦ គឺមានការកើនឡើង១២.២៥%។ សម្រាប់ចំណូលសរុបបានចំនួន ៨៤,២១៥,០១៤ដុល្លារអាមេរិក មានការកើនឡើង ៧១.៥៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៦៕