(កំពង់ចាម)៖ អតីតបេក្ខជនបម្រុងក្រុមប្រឹក្សា និងជាអនុប្រធានប្រតិបត្តិការគណបក្សសង្គ្រោះជាតិ ឃុំព្រៃឈរ និង​បេក្ខជនបម្រុងក្រុមប្រឹក្សាឃុំ នៅក្នុងកំពង់ចាម សរុប៥នាក់​ទៀតហើយ ដែលទើបរលាយ បានប្រកាសចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដោយសារតែពួកគាត់​បានឃើញ នូវអំពើក្បត់ជាតិរបស់មេគណបក្សសង្គ្រោះជាតិ ដែលបម្រើបរទេស។ នេះបើតាមលិខិតដែល​អង្គភាព Fresh News ទទួលបាន​នៅ​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

ការសម្រេចដើរចេញរបស់អតីតមន្រ្តីគណបក្សសង្រ្គោះជាតិ​​ទាំង៥រូបនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូល បានកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

អតីត​មន្ដ្រីគណបក្សសង្គ្រោះជាតិ​​ទាំង៥រូបនោះ រួមមាន៖​
ទី១៖ លោក ឡាវ ថេង អតីតបេក្ខជនបម្រុង និងជាអនុប្រធានប្រតិបត្តិការគណបក្សសង្គ្រោះជាតិ ឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម
ទី២៖ លោក នង ហុង អតីតបេក្ខជនបម្រុង ឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម
ទី៣៖ ហេង វិច័ត្រ អតីតបេក្ខជនបម្រុង ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម
ទី៤៖ លោក គែម ទូច អតីតបេក្ខជនបម្រុង ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម
ទី៥៖ លោកស្រី យូ ហ្គេកណៃ អតីតបេក្ខជនក្រុមប្រឹក្សាឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។

អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម លោក គួច ចំរើន បានប្រកាសស្វាគមន៍ និងទទួលសមាជិកសមាជិកាថ្មី មកពីអតីតគណបក្សសង្គ្រោះជាតិ​​​​​​ទាំង៥រូបនេះ ដែលសុំចូលរួមរស់ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីបានជ្រួតជ្រាបនូវអំពើក្បត់ជាតិរបស់មេបក្សខ្លួន។

សម្រាប់ការចុះចូលពីសំណាក់អតីតមន្រ្តីគណបក្សសង្គ្រោះជាតិខាងលើនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា បានប្រកាសតាមបណ្តាញសារព័ត៌មាន Fresh News ថា «ការស្ម័គ្រចិត្តចុះចូលមកគណបក្សប្រជាជនកម្ពុជា មានឱសានវាទត្រឹមថ្ងៃទី២៤ ខែវិច្ឆិកាប៉ុណ្ណោះ ព្រោះការរៀបចំបញ្ជីក្រុមប្រឹក្សាឃុំសង្កាត់ថ្មី ដើម្បីបញ្ជូនទៅកាន់ គជប នឹងត្រូវបិទត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា, ប្រសិនបើចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកាទៅ ការចុះចូលនៅតែបន្តដដែល ប៉ុន្តែមិនផ្តល់តួនាទីអ្វីនោះទេ»។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យអតីតមន្រ្តីគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលកាត់រំលាយ សូមប្រញាប់ប្រញាល់ចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបាននូវតួនាទីឋានៈអ្វីៗដដែល ព្រោះការកំណត់ពេលវេលាត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា នេះ ធ្វើឡើងតាមលក្ខខណ្ឌរបស់ គ.ជ.​ប៕