(ភ្នំពេញ)៖ ប្រជាជនកម្ពុជា ប្រាកដជាធ្លាប់លឺឡេលាយ ហើយអាចនិយាយបានថា អ្នកខ្លះធ្លាប់ប្រើ អ្នកខ្លះឈប់ប្រើ ចំណែកឯអ្នកខ្លះទៀត ក៏កំពុង តែប្រើប្រាស់ឡេលាយនេះ ជារៀងរាល់ថ្ងៃដែរ ដើម្បីឲ្យស្បែករបស់ពួកគេសឆាប់រហ័ស។ ប៉ុន្តែ មានចម្ងល់មួយចំនួននៅត្រង់ថា តើឡេលាយអស់ទាំងនោះ ត្រូវបានគេលាយយ៉ាងដូចម្តេច ត្រឹមត្រូវតាមក្បួនខ្នាតដែរឬទេ ហើយមានប្រភពមកពីណាពិតប្រាកដ និងមានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួង សុខាភិបាល ឬមួយក៏ស្ថាប័នពាក់ព័ន្ធនៃប្រទេសកម្ពុជាដែរឬទេ?

ដោយសារតែហេតុផលមិនច្បាស់លាស់ខាងលើនេះហើយ ទើបរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង នាពេលកន្លងទៅនោះ ធ្លាប់បានជំរុញឲ្យ ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ និងចៀសវាងប្រើប្រាស់ផលិតផល ក្នុងនោះមានទាំងឡេលាយ លាបស្បែកស ឆាប់រហ័ស ដែលវាអាចបង្កឲ្យ មានផលប៉ះពាល់ធ្ងន់ធ្ងរ ដល់សុខភាពអ្នកប្រើប្រាស់។

តាមគ្រូពេទ្យឯកទេសជំនាញរោគសើស្បែកបានបញ្ជាក់ប្រាប់បណ្តាសារព័ត៌មានឲ្យដឹងថា ឡេលាយ ដែលផ្សំឡើងពីសារធាតុ និងល្បាយផ្សេងៗ ជាច្រើនទាំងនោះនឹងនាំឲ្យស្បែកឆាប់សមែន តែស្បែកនោះនឹងខូចទៅវិញ ហើយនឹងប៉ះពាល់ដល់សុខភាពនាពេលខាងមុខ។ ឡេលាយលាបស្បែក អាចធ្វើឲ្យស្បែករបស់អ្នកឡើង កន្ទួលក្រហម រមាស់ និងរលាក ទៀតផង ហើយប្រសិនបើស្បែករបស់អ្នកឆាប់មានប្រតិកម្ម អ្នកនឹងអាចរងផលប៉ះពាល់ធ្ងន់ធ្ងរជាងនេះ។

អ្នកជំនាញបានបន្តថា សារធាតុដែលមាននៅក្នុងឡេ បង្កឱ្យស្បែកមានប្រតិកម្ម។ ការហើមស្បែក បំពង់ក និងអណ្តាត គឺអាចជាផលប៉ះពាល់ មកពីការប្រើឡេលាបស្បែក។ វាមិនត្រឹមតែធ្វើឲ្យប្រតិកម្មស្បែកខាងក្រៅប៉ុណ្ណោះទេ វាថែមទាំងអាចបណ្តាលឱ្យមានប្រតិកម្មធ្ងន់ធ្ងរ ដែលទាមទារ ការព្យាបាលជាបន្ទាន់។ វាអាចធ្វើឲ្យអ្នកឡើងរមាស់ ហើម អស់កម្លាំង ឬ មានបញ្ហាផ្លូវដង្ហើម ។ ដូច្នេះ អ្នកគួរប្រើផលិត ផលដែលមានគុណភាពល្អ និងចុះបញ្ជីការត្រឹមត្រូវទទួលស្គាល់ដោយក្រសួងសុខាភិបាល៕