(ភ្នំពេញ)៖ ក្រុមនិសិ្សតប្រមាណ១០០នាក់ ដែលជាតំណាងឲ្យនិសិ្សតអាហារូបករណ៍សហភាពសហព័ន្ធយុវជនកម្ពុជាទាំងអស់ បានរៀបចំពិធីថ្លែងអំណរគុណ ដល់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលបានផ្តល់អាហារូបករណ៍ ១០ម៉ឺនដុល្លារក្នុងមួយឆ្នាំតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅរោងចក្ររបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។
កញ្ញា ញឹម សុដ្ឋានាថ និស្សិតអាហារូបករណ៍ និងជានិស្សិតឆ្នាំទី៣ ផ្នែកទំនាក់ទំនងអន្តរជាតិ នៅវិទ្យាស្ថានភាសាបរទេស បានលើកឡើងថា «កាយវិការដ៏សប្បុរសនេះ បង្ហាញឲ្យឃើញពីស្មារតីយកចិត្តទុកដាក់ និងផ្តល់ឱកាសរបស់ក្រុមហ៊ុនចំពោះនិស្សិត ដែលមានជីវភាពខ្វះខាតក្នុងការកសាងសមត្ថភាព ដើម្បីទទួលបានភាពជោគជ័យនាពេលអនាគត។ និស្សិតអាហារូបករណ៍សហភាពសម្ព័ន្ធយុវជនកម្ពុជាទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ដល់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលបានផ្តលអាហរូបករណ៍ដល់យើងខ្ញុំ»។
លោកឧកញ៉ា លាង ឃុន ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ថា «ការផ្តល់អាហារូបករណ៍នេះ គឺជាការរួមចំណែកមួយក្នុងការបង្កើនធនធានមនុស្សទាំងក្នុង និងក្រៅប្រទេស ដែលកំពុងមានការប្រកួតប្រជែងខ្លាំង»។
លោកឧកញ៉ាបានបន្តថា «ក្រុមហ៊ុននឹងទទួលស្វាគមន៍ ប្អូនៗនិសិ្សតណា ដែលមានសមត្ថភាពឲ្យចូលបម្រើការងារក្នុងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងអស់របស់ ជីប ម៉ុង គ្រុប ដែលមានស្ទើរក្នុងគ្រប់វិស័យ»។
នៅឆ្នាំ២០១២ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចាប់ផ្តើមផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សា តាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា ហើយនៅឆ្នាំ២០១៦ ក្រុមមហ៊ុនបានចុះអនុស្សរណៈយោគយល់គ្នាជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ដោយផ្តល់អាហារូបករណ៍១០ម៉ឺនដុល្លារថ្នាក់ឧត្តមសិក្សាជារៀងរាល់ឆ្នាំ៕