(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរសាលាដំបូងលោក ធាម ចន្ទ័ពិសិដ្ឋ បានចេញដីកាឃុំខ្លួនស្រ្តីម្នាក់ ពាក់ព័ន្ធ ពីបទក្លែងឯកសារឆបោកទឹកប្រាក់ជាង៩ម៉ឺនដុល្លារ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន។ នេះបើតាមមន្រ្តីតុលាការថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំតុលាការ លោក ជួន សុជាតិ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
ជនសង្ស័យឈ្មោះ សួន ពៅ អាយុ៦៧ឆ្នាំ មុខរបរគួកជេរដី ស្នាក់នៅផ្ទះជួលក្នុងបូរីហុកឆេង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បានតាមចាប់ឃាត់ខ្លួន និងបញ្ជូនជនសង្ស័យខាងលើទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទឆបោក និងក្លែងឯកសារ។
ការចាប់ឃាត់ខ្លួនជនសង្ស័យ បានធ្វើឡើងនៅចំណុចបណ្តោយមហាកម្ពុជាក្រោម សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៧៨៨ «ស»ដ.ច.ន ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ របស់លោក ធាម ចន្ទ័ពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។ ដើមចមបណ្តាលឲ្យមានដីកាចាប់ខ្លួនជនសង្ស័យនេះ កើតឡើង កាលពីអំឡុងឆ្នាំ២០១៥ និងដើមឆ្នាំ២០១៦ ស្ត្រីឈ្មោះ សួន ពៅ មានមុខរបរជាអ្នករកស៊ីទិញ លក់ និងគួកជេរដីនៅតំបន់ជាយក្រុងភ្នំពេញ បានធ្វើឯកសារដាក់ចូលធនាគារមួយ ដើម្បីដកប្រាក់ជាង៩ម៉ឺនដុល្លារ ក្នុងគោលបំណងយកទៅប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន។
ក្រោយមកធនាគារមួយនោះ ត្រូវការប្រាក់ ហើយក៏បានអញ្ជើញជនសង្ស័យ ឲ្យយកប្រាក់ទៅបង់ចូលធនាគារវិញ តែជនសង្ស័យមិនព្រមខ្លួនទេ ទើបម្ចាស់ធនាគារបានចាត់ការតាមផ្លូវច្បាប់៕