(ភ្នំពេញ)៖ លោក ចន រ៉ាយ (Jonh E. Rice) អនុប្រធានក្រុមហ៊ុន GE ជាក្រុមហ៊ុនដ៏ធំមួយរបស់អាមេរិក បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលតែងគាំទ្រ និងជំរុញឲ្យការរកស៊ីរបស់ពួកគេនៅក្នុងប្រទេសកម្ពុជា មានការរីកចម្រើនលូតលាស់ជាបន្តបន្ទាប់។
លោក ចន រ៉ាយ បានថ្លែងបែបនេះ ក្នុងពេលរូបលោកត្រូវបានសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារមួយចំនួននៅវិមានសន្តិភាពនាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។ ជំនួបនាព្រឹកនេះ គឺជាជំនួបលើកទី៥ហើយ រវាងរូបលោក ជាមួយសម្តេចតេជោ ហ៊ុន សែន។
លោក Jonh E. Rice បានជំរាបសម្តេចតេជោ ហ៊ុន សែន ថាបច្ចុប្បន្នក្រុមហ៊ុន GE មានគម្រោងលើវិស័យសំខាន់ៗចំនួន២ គឺវិស័យអគ្គិសនី និងវិស័យសុខាភិបាលដែលទាក់ទងនឹងឧបករណ៍ពេទ្យ ដែលកន្លងមកត្រូវបានប្រើក្នុងមន្ទីរពេទ្យជាច្រើនមកហើយ។
បើតាមលោក Jonh E. Rice បានឲ្យដឹងថា បច្ចុប្បន្ន ក្រុមហ៊ុន GE របស់លោក កំពុងសិក្សាលើការផលិតថាមពលអគ្គសនីដើរដោយធ្យូងថ្ម ក្នុងខេត្តព្រះសីហនុផងដែរ។ ទន្ទឹមនេះ ក្រុមហ៊ុន ក៏កំពុងសិក្សាលើបណ្តាញអគ្គិសនី និងការបែងចែកអគ្គសនី ទៅកាន់ប្រជាពលរដ្ឋ ដែលគម្រោងនេះនឹងបញ្ចប់នាចុងឆ្នាំ២០១៧។ លោក Jonh E. Rice បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចតេជោ ដែលបានគាំទ្រ ជួយសម្រួល និងជំរុញកិច្ចការវិនិយោគរបស់ក្រុមហ៊ុន GE រហូតដល់មានការរីកចម្រើនមកដល់ពេលនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា កម្ពុជាកំពុងមានតម្រូវអគ្គិសនីចម្រុះ គ្រប់ទីកន្លែង គឺទាំងវារីអគ្គិសនី និងថាមពលអគ្គិសនីប្រើដោយធ្យូងថ្ម។
សូមបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុន GE ក៏បានជួយក្នុងជំហ៊ានទី១ក្នុងការប្រើប្រាស់ទឹកស្អាតនៅតាមមន្ទីរពេទ្យចំនួន១២ក្នុងប្រទេសកម្ពុជាផងដែរ។ ក្រុមហ៊ុន GE នឹងបន្តជំហានទី២ ក្នុងការជំរុញការប្រើប្រាស់ទឹកស្អាតនេះ នៅតាមមន្ទីរពេទ្យចំនួន១២ ផ្សេងទៀតនៅកម្ពុជា៕