(ព្រះវិហារ)៖ ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ លោក ពឹង ទ្រីដា បានអំពាវនាវឲ្យប្រជាកសិករងាកមកដាំដុះ បន្លែតាមបែបបច្ចេកវិទ្យាថ្មីព្រោះក្រៅពី បានផ្តល់នូវប្រាក់ចំណូលច្រើន គឺយើងអាចដាំដុះ ដោយមានលក្ខណៈងាយស្រួល និងអាចធ្វើបានពេញមួយ ឆ្នាំថែមទៀតផង។
លោក ពឹង ទ្រីដា បានថ្លែងថា ស្របពេលដែលបន្លែគ្រប់ប្រភេទ ត្រូវបាននាំចូលមកពីប្រទេសជិតខាងច្រើនក្នុងមួយថ្ងៃៗ បានធ្វើឲ្យប្រជាពលរដ្ឋ មានការគិតមុន និងសម្រេចចិត្តទិញយកទៅបរិភោគ ការគិតរបស់ប្រជាពលរដ្ឋមុន និងទិញបន្លែដែលលក់នៅតាមទីផ្សានានា យកទៅបរិភោគនោះ គឺគាត់ខ្លាចប៉ះពាល់ដល់សុខភាពក្រុមគ្រួសាររបស់គាត់ ដោយសារបន្លែដែលនាំចូលទាំងនោះ គឺមានជាតិគីមីច្រើន។ ប៉ុន្តែបើបន្លែដែលប្រជាកសិករ យើងដាំក្នុងស្រុក គឺប្រជាពលរដ្ឋយើង ទិញដោយមិនបាច់គិតពិចារណានោះទេ ហើយបច្ចុប្បន្ននេះបន្លែដែលដាំដុះក្នុងស្រុកលក់ដាច់ខ្លាំងជាងបន្លែ ដែលនាំចូលពីប្រទេសជិតខាង។
លោក ពឹង ទ្រីដា បានបន្តថា ក្នុងឱកាសដែលលោករួមជាមួយក្រុមការងារ ចុះត្រួតពិនិត្យការដាំបន្លែតាមបែបបច្ចេកទេសថ្មីរបស់ប្រជាកសិករ នៅភូមិស្ថាពរ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ថា បន្លែដែលប្រជាកសិករដាំតាមបែបបច្ចេកទេសថ្មី គឺជាបន្លែដែលគ្មានជាតិគីមីដោយប្រើថង់កៅស៊ូ គ្របពីលើ និងបានសន្សំសំចៃទឹកស្រោចស្រពបានច្រើន ហើយពួកគាត់អាចដាំដុះបានពេញមួយឆ្នាំ ដោយទទួលបានទិន្នផលខ្ពស់ និងបានបង្កើន ប្រាក់ចំណូលលើកស្ទួយជីវភាពក្រុមគ្រួសារទៀតផង។
លោក ពឹង ទ្រីដា បានបញ្ជាក់ថា ប្រជាកសិករដែលដាំដុះបន្លែតាមបែបលក្ខណៈបុរាណ ងាកមកដាំដុះបន្លែតាមលក្ខណៈបច្ចេកទេសថ្មីវិញព្រោះ យើងអាចធ្វើបានពេញមួយឆ្នាំ ព្រមទាំងទទួលបានប្រាក់ចំណូលខ្ពស់ទៀតផង។ លោកក៏បានសំណូមពរឲ្យប្រជាកសិករយើងត្រូវដាំដុះបន្លែដោយឈរលើ ភាពស្មោះត្រង់មិនមែនបន្លែដែលយើង ដាំបានមានគេកុំម្មង់ទិញច្រើន ហើយបែរជាយើងប្រើជីគីមីឲ្យឆាប់បានផលនោះក៍វាមិនល្អដែរ។
លោក ហេង គង់ និងភរិយា ឈ្មោះ សំ ដៀត ដែលជាកសិករគំរូ បានថ្លែងថា កាលពីមុនគាត់ដាំដុះបន្លែតាមលក្ខណៈបុរាណ ដូចកសិករផ្សេងៗ ទៀតនៅក្នុងភូមិដែរ។ តែដោយមានការយកចិត្តទុកដាក់ពីមន្ត្រីកសិកម្មដែលតែងតែចុះមកបង្រៀនពីរបៀបដាំដុះបន្លែ តាមបែបលក្ខណៈបច្ចេកទេសថ្មី គាត់ក៏មានការចាប់អារម្មណ៍ហើយក៏អនុវត្តន៍តែម្តង រហូតមកដល់ពេលនេះ គាត់យល់ច្បាស់ព្រមទាំងធ្វើការវិភាគថ្លឹងថ្លែងឃើញថា ការដាំដុះបន្លែ តាមលក្ខណៈបុរាណ គឺមានការពិបាកថែទាំជាងការដាំដុះបន្លែ តាមបែបបច្ចេកទេសថ្មីឆ្ងាយណាស់ ហើយសព្វថ្ងៃនេះគាត់មានការសប្បាយចិត្ត ណាស់ដោយសារមានឈ្មួញបញ្ជាទិញបន្លែគាត់ យកទៅលក់នៅទីផ្សារមានចំនួនកើនឡើងជាលំដាប់៕