(ហ្សឺណែវ, ស្វីស)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មរបស់កម្ពុជា នឹងដឹកនាំកិច្ចប្រជុំដាច់ដោយឡែកមួយនៅថ្ងៃទី១០-១៣ ខែធ្នូ ឆ្នាំ២០១៧នេះ ដើម្បីចែករំលែកបទពិសោធន៍គន្លឹះមួយចំនួនទៅដល់ប្រទេសមានការអភិវឌ្ឍន៍តិចតួចចំនួន០៨ ដែលកំពុងសុំចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO)។

ការដឹកនាំកិច្ចប្រជុំដើម្បីចែករំលែកបទពិសោធន៍នេះ នឹងធ្វើឡើងនៅប្រទេសអាហ្សង់ទីន តបតាមការអញ្ជើញរបស់លោកស្រី ​Maika Oshikawa នាយកស្តីទីទទួលបន្ទុកផ្នែកចរចាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក WTO។

ក្រៅពីប្រទេសមានការអភិវឌ្ឍន៍តិចតួចចំនួន០៨ទៅ ក៏មានប្រទេសអភិវឌ្ឍន៍តិចតួចជាច្រើនទៀត ក៏នឹងចូលរួមស្តាប់នូវការចែករំលែកបទពិសោធន៍នេះផងដែរ។ ការដែលអង្គការ WTO អនុញ្ញាតឲ្យកម្ពុជា ចែករំលែកបទពិសោធន៍ ក៏ដោយសារតែពួកគេបានមើលឃើញថា រយៈពេលប្រមាណ ១៣ឆ្នាំ ក្រោយកម្ពុជាក្លាយជាសមាជិក WTO នេះ គឺកម្ពុជា បានក្លាយជាប្រទេសមួយ ដែលមានការអភិវឌ្ឍរីកចម្រើនគួរឲ្យកត់សម្គាល់ ហើយបានទាញអត្ថប្រយោជន៍ជាច្រើនពីអង្កការ WTO។

លោក ប៉ាន សូរស័ក្តិ បានឆ្លើយតបជាវិជ្ជមាន ក្នុងការធ្វើជាប្រធានដឹកនាំកិច្ចប្រជុំដោយឡែកនេះ ដើម្បីចែករំលែកអំពីភាពជោគជ័យ និងបទពិសោធន៍នានារបស់កម្ពុជា ចាប់តាំងពីកម្ពុជាក្លាយជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោកនៅឆ្នាំ២០០៤៕