(ភ្នំពេញ)៖ បុរសជនជាតិកូរ៉េម្នាក់ជានាយកក្រុមហ៊ុនមួយ ត្រូវបានលោក ហុក វ៉ាន់ធីណា ប្រធានសាលាដំបូងខេត្តកណ្ដាល និងជាចៅក្រមស៊ើបសួរ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ដើម្បីស៊ើបសួរបទល្មើស «ធ្វើឱ្យខូចខាតដោយចេតនា»។
ប្រភពព័ត៌មានច្បាស់ការណ៍មួយបង្ហើបឱ្យដឹងថា ជនត្រូវចោទរូបនេះឈ្មោះ YOO DO JOUNG ហៅ ជីណូ ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរនាយកក្រុមហ៊ុន មានទីលំនៅមុនចាប់ខ្លួនផ្ទះលេខ 21B ភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល ។
ប្រភពព័ត៌មានបន្តទៀតថា ជនត្រូវចោទត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់លោក ហុក វ៉ាន់ធីណា ប្រធានសាលាដំបូងខេត្តកណ្ដាល និងជាចៅក្រមស៊ើបសួរ ពាក់ព័ន្ធបទល្មើស «ធ្វើឱ្យខូចខាតដោយចេតនា» តាមមាត្រា៤១០ នៃក្រមព្រហ្មទណ្ឌ ។
មុនពេលបញ្ជូនមកតុលាការជនត្រូវចោទ YOO DO JOUNG ហៅ ជីណូ ត្រូវបានផ្ញើនៅពន្ធនាគារមួយយប់ ទើបនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បញ្ជូនមកតុលាការ ។ ពេលបញ្ជូនមកតុលាការជនត្រូវចោទ YOO DO JOUNG ហៅ ជីណូ ត្រូវបានសាកសួរដោយផ្ទាល់ពីលោក ហុក វ៉ាន់ធីណា ។ ក្រោយបញ្ចប់ការសាកសួរ លោកហុក វ៉ាន់ធីណា សម្រេចចេញដីកាសម្រេចឃុំខ្លួនជនត្រូវចោទ តាមរយៈដីកាលេខ២៩៣៥ ដកបឃន ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលមានសំណុំរឿងព្រហ្មទណ្ឌលេខ 1053 អក ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ។
ព័ត៌មានលម្អិតជុំវិញរឿងក្តីនាយកក្រុមហ៊ុន ធ្វើឱ្យខូចខាតដោយចេតនានេះ ពុំទាន់រកប្រភពព័ត៌មានបញ្ជាក់ ដើម្បីបានពិស្តារនៅឡើយទេ៕