(កំពង់ធំ)៖ បេក្ខជនបម្រុងក្រុមប្រឹក្សាឃុំ ក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ សរុប៦នាក់ទៀតហើយ របស់គណបក្សសង្គ្រោះជាតិ ដែលទើបរលាយ បានប្រកាសចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដោយសារតែពួកគាត់បានឃើញ នូវអំពើក្បត់ជាតិរបស់មេគណបក្សសង្គ្រោះជាតិ ដែលបម្រើបរទេស។ នេះបើតាមលិខិតដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
ការសម្រេចដើរចេញរបស់អតីតមន្រ្តីគណបក្សសង្រ្គោះជាតិទាំង៦រូបនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូល បានកាត់ទោស រំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់ សមាជិកជាន់ខ្ពស់របស់ គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
អតីតមន្ដ្រីគណបក្សសង្គ្រោះជាតិទាំង៦រូបនោះ រួមមាន
ទី១៖លោក គង់ ឆុំ អាយុ៦៣ឆ្នាំ បេក្ខជនបម្រុងឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ
ទី២៖លោក ហ៊ុល គឹមឆេង អាយុ៣៩ឆ្នាំ បេក្ខជនបម្រុងឃុំគគីរធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ
ទី៣៖លោក ម៉ក់ សារ៉េត អាយុ៥៤ឆ្នាំ បេក្ខជនបម្រុងឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ
ទី៤៖លោក លុយ រុន អាយុ៥១ឆ្នាំ បេក្ខជនបម្រុងឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ
ទី៥៖លោក ស៊ឹម ញ៉ុល អាយុ៦០ឆ្នាំ បេក្ខជនបម្រុងឃុំពង្រ ស្រុកបារាយណ៍ ខេត្តកំពង់ធំ
ទី៦៖លោក គួយ ច័ន្ទប៉ុញធារ៉ា អាយុ៤៤ឆ្នាំ ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានប្រកាសស្វាគមន៍ និងទទួលសមាជិកសមាជិកាថ្មី មកពីអតីតគណបក្ស សង្គ្រោះជាតិ ទាំង៦រូបនេះ ដែលសុំចូលរួមរស់ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីបានជ្រួតជ្រាប នូវអំពើក្បត់ជាតិរបស់មេបក្សខ្លួន។
សម្រាប់ការចុះចូលពីសំណាក់អតីតមន្រ្តីគណបក្សសង្គ្រោះជាតិខាងលើនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា បានប្រកាសតាមបណ្តាញសារព័ត៌មាន Fresh News ថា «ការស្ម័គ្រចិត្តចុះចូលមកគណបក្សប្រជាជនកម្ពុជា មានឱសានវាទត្រឹមថ្ងៃទី២៤ ខែវិច្ឆិកាប៉ុណ្ណោះ ព្រោះការរៀបចំបញ្ជីក្រុមប្រឹក្សាឃុំសង្កាត់ថ្មី ដើម្បីបញ្ជូនទៅកាន់ គជប នឹងត្រូវបិទត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា, ប្រសិនបើចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកាទៅ ការចុះចូលនៅតែបន្តដដែល ប៉ុន្តែមិនផ្តល់តួនាទីអ្វីនោះទេ»។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យអតីតមន្រ្តីគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលកាត់រំលាយ សូមប្រញាប់ប្រញាល់ចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបាននូវតួនាទីឋានៈអ្វីៗដដែល ព្រោះការកំណត់ពេលវេលាត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា នេះ ធ្វើឡើងតាមលក្ខខណ្ឌរបស់ គ.ជ.ប៕