(ភ្នំពេញ)៖ ផលិតកម្ម Town បានដាក់សម្ពោធចាក់បញ្ចាំងជាផ្លូវការ ខ្សែភាពយន្ដបែបកំប្លែង «អ្នកបម្រើ០០៧» ខណៈដែលអ្នកដឹកនាំ លោក អ៊ិន រិទ្ឋីវិចិត្រ និងលោក ចែម ចាន់ដារ៉ា ហៅពាក់មី បានរំពឹងថា រឿងនេះ នឹងធ្វើឲ្យទស្សនិកជន ដែលទស្សនាជក់ចិត្ត ព្រមទាំងបានត្រជាក់ភ្នែក ព្រោះថាឈុតនីមួយៗ នៃសាច់រឿង ត្រូវបានផលិតករ បានសម្រិតសម្រាំង យ៉ាងល្អ។
ថ្លែងក្នុងពិធីសម្ពោធចាក់បញ្ចាំងជាផ្លូវការ នារោងភាពយន្ត PrimCineplex ស្ថិតនៅក្នុងបរិវេណផ្សារទំនើបសុវណ្ណា នាល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកពាកមី បានឲ្យដឹងថា រឿង «អ្នកបម្រើ០០៧» នេះ មិនផ្តោតលើការអប់រំសង្គមអ្វីច្រើនប៉ុន្មាននោះទេ គឺចំណុចជាគោល គ្រាន់តែចង់បង្ហាញការសើចសប្បាយកំប្លែង និងវណ្ណៈអ្នកមាន អ្នកក្រ។
លោកពាក់មី បានបន្ដទៀតថា រឿង «អ្នកបម្រើ០០៧» នេះ ជារឿងលក្ខណៈ កំប្លែងសើចសប្បាយ និងមានបង្ហាញពីស្នេហាមួយ ដែលមិនប្រកាន់វណ្ណៈ រវាងតួឯកប្រុស និងស្រី ហើយមានតារាចម្រៀង តារាកំប្លែង និងតារាសម្ដែងជាច្រើនរូបបានចូលរួមសម្ដែង។
លោក អ៊ិន រិទ្ឋីវិចិត្រ បានឲ្យដឹងថា រឿង «អ្នកបម្រើ០០៧»នេះ បានថតចប់រួចរាល់អស់ រយៈពេលជាង២ឆ្នាំមកហើយ ដោយវាបានប្រើប្រាស់លុយ ថតអស់ប្រមាណ៥ម៉ឺនដុល្លារ ហើយប្រើរយៈពេលថតជាងកន្លះខែ។
ដោយឡែកតារាចម្រៀងរូបស្រស់កញ្ញា រ៉ាប៊ី បានឲ្យដឹងដែរថា នេះជាស្នាដៃដំបូងដែលនាង នឹងលោក ពាក់មី សម្តែងជាតួសំខាន់ជារួមគ្នា។ កញ្ញាថា ការសម្តែងជាមួយនាយពាក់មី គឺសប្បាយ ហើយចូលចិត្តធ្វើឲ្យសើចទើបរំពឹងថា បងប្អូននឹងជួយគាំទ្រក្រោយពេលបញ្ចាំងជាផ្លូវការ។
ក្រៅពីតារាសម្តែងនាយ ពាក់ មី និងកញ្ញា រ៉ាប៊ី ក៏មានសិល្បករជាច្រើន ចូលរួមសម្តែងផងដែរ ដូចជានាយគ្រឿន នាងខ្ញុង លោក សុវណ្ណ រិទ្ធី ហៅលោកតាវិចទ័រ នាយកៃដ លោក ហាក់ សុខហេង និងតារាកិត្តិយសជាច្រើនទៀត។
សូមបញ្ជាក់ថា នេះជាវណ្ណកម្មទី២ហើយ ដែលលោក អ៊ិន រិទ្ឋីវិចិត្រ និងលោកពាក់មី បានរួមគ្នាដឹកនាំសម្ដែង ដែលរឿងទី១ គឺរឿង «អ្នកម្ដាយសម័យថ្មី» ទទួលបានជោគជ័យយ៉ាងខ្លាំង៕