(ប៉េកាំង)៖ អគ្គមេបញ្ជាការយោធាចិន បានប្រាប់យោធាមីយ៉ាន់ម៉ាថា ខ្លួនចង់បានទំនាក់ទំនងជិតស្និទ្ធជាងមុន ជាមួយនឹងប្រទេសអាស៊ានមួយនេះ ដើម្បីការពារសន្តិសុខ និងសន្តិភាពនៅក្នុងតំបន់ទាំងមូលនេះ។ នេះបើតាមការសម្តីរបស់មន្ត្រីយោធាចិន ចំពោះមុខដំណើរទស្សនកិច្ចនៃមន្ត្រីជាន់ខ្ពស់យោធាមីយ៉ាន់ម៉ា ក្នុងរដ្ឋធានីប៉េកាំង ដែលដកស្រង់ដោយ Channel News Asia នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧។
សម្រាប់ប្រទេសចិនត្រូវបានគេមើលឃើញថា បានព្យាយាមបង្កើនចំណងមិត្តភាពទាំងផ្នែកការទូត និងសេដ្ឋកិច្ចដ៏ប្រសើរជាមួយនឹងប្រទេសជិតខាងរបស់ខ្លួន គឺមីយ៉ាន់ម៉ា ជាច្រើនឆ្នាំណាស់មកហើយ ដោយទីក្រុងប៉េកាំងតែងតែធ្វើការផ្តល់ជំនួយលើគ្រប់វិស័យ ជាពិសេសថ្មីៗនេះ ចិនបានផ្តល់ជាគំនិត និងគាំទ្ររដ្ឋាភិបាលស៊ីវិល ព្រមទាំងយោធាមីយ៉ាន់ម៉ា ក្នុងការដោះស្រាយបញ្ហាជនជាតិរ៉ូហ៊ីងយ៉ា ដែលអន្តរជាតិកំពុងតែដាក់បន្ទុកខ្លាំងលើប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនៃមន្ត្រីជាន់ខ្ពស់យោធាមីយ៉ាន់ម៉ា ទៅកាន់ប្រទេសចិននាពេលនេះ បានកើតមានឡើងស្របពេលដែលបញ្ហារ៉ូហ៊ីងយ៉ា នៅតែក្តៅគគុក ខណៈជនជាតិរ៉ូហ៊ីងយ៉ាជាង ៦២០,០០០នាក់ហើយ បានរត់ភៀសខ្លួន និងកំពុងជ្រកកោណនៅតំបន់ព្រំដែននៃប្រទេសបង់ក្លាដែស គិតចាប់តាំងពីអំឡុងខែសីហា ឆ្នាំ២០១៧មក។
រំលឹកកាលពីបីថ្ងៃមុន នៅក្នុងសេចក្ដីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានលើកឡើងពីវិធីដោះស្រាយបញ្ហា រ៉ូហ៊ីងយ៉ា ទាំងបីជំហានធំៗដោយ «ជំហានដំបូង គឺអនុវត្តន៍បទឈប់បាញ់នៅក្នុងរដ្ឋ Rakhine សំដៅស្ដារស្ថេរភាព និងសណ្ដាប់ធ្នាប់ឡើងវិញ ដើម្បីអនុញ្ញាតឱ្យជនភៀសខ្លួនរ៉ូហ៊ីងយ៉ា អាចត្រឡប់ពីបង់ក្លាដែសមកភូមិកំណើតរបស់ពួកគេវិញ និងធានាថា ពួកគេមិនត្រូវបានបង្ខំ ឱ្យភៀសខ្លួនសាជាថ្មី... តមកទៀតបន្ទាប់ពីបទឈប់បាញ់ កិច្ចចរចាទ្វេភាគីមួយត្រូវតែធ្វើឡើង ខណៈជំហានចុងក្រោយគួរតែធ្វើការងាររួមគ្នា លើការស្វែងរកដំណោះស្រាយរយៈពេលវែង ផ្អែកលើការកាត់បន្ថយភាពក្រីក្រ»៕