(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំសមាគមមិត្តភាពកម្ពុជា-ថៃ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងឲ្យដឹងថា សមាគមមិត្តភាពកម្ពុជា-ថៃ បានជួយឲ្យចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរ​ កាន់តែរីកចម្រើនលូតលាស់ទ្វេរឡើង។

ថ្លែងក្នុងកិច្ចប្រជុំសមាគមមិត្តភាពកម្ពុជា-ថៃ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា «ទោះបីជាកន្លងមកសកម្មភាពមិនបានខ្លាំងក៏ដោយ សមាគមទាំងពីរនេះ បាននាំឲ្យចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ​របស់​ប្រទេសទាំងពីរ បានលូតលាស់ជាបន្ដបន្ទាប់។ ដំណាក់កាលកន្លងមកឃើញថា ការដោះស្រាយបញ្ហាពលករ ការដោះស្រាយ​នៅតាមព្រំដែនការដឹកជញ្ចូនគ្រប់បែបយ៉ាងទាំងអស់ ត្រូវបានដោះស្រាយឲ្យមានការរីកចម្រើនជាបន្ដបន្ទាប់ ទំនិញទាំងឡាយដែលមាន​ការកក់ស្ទះមួយចំនួនត្រូវបានសម្រួលបានយ៉ាងល្អប្រសើរ»

សម្ដេច ទៀ បាញ់ បានគូសបញ្ជាក់ដែរថា តាមរយៈសមាគមកម្ពុជា-ថៃនេះ ពលកររបស់កម្ពុជា ត្រូវបានថៃជួយសម្រួលជាបន្ដបន្ទាប់ឲ្យក្លាយ
ជាពល​ករ​ស្រប់ច្បាប់នាពេលខាងមុខនេះ។

សម្ដេចបានបញ្ជាក់ទៀតថា «ទោះបីជាកន្លងមកកម្ពុជា-ថៃមានភាពមិនចុះសម្រុងនឹងគ្នាយ៉ាងណាក៏ដោយប៉ុន្ដែឥឡូវនេះត្រូវបាន​លុបលាងជាបន្ដបន្ទាប់ និងនាំមកនូវភាពល្អូកល្អើន និងបានដោះស្រាយបញ្ហាជាមួយគ្នាយ៉ាងប្រពៃក្នុងរយៈពេលកន្លងមក»

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើត​សមាគម​មិត្ត​ភាព​កម្ពុជា-ថៃ កាលពីខែធ្នូ ឆ្នាំ២០១៥ ដើម្បី​​រឹត​ចំណងមិត្តភាព សាមគ្គីភាព​ និងសហប្រតិបត្តិការ​រវាងកម្ពុជា-ថៃ ការពង្រឹង ​និងពង្រីកទំនាក់ទំនងលើ​គ្រប់ផ្នែក និងវិស័យ​ដូចជា​ពាណិជ្ជកម្ម​ វិនិយោគ​ កសិកម្ម​វប្បធម៌ ទែសចរណ៍​កីឡា អប់រំ សុខាភិបាល​ បណ្តុះបណ្តាល​វិជ្ជាជីវៈនិងសង្គមកិច្ច​។ សមាគមនេះ ក៏មានភារកិច្ច​រៀបចំ​គម្រោង​និង​កម្មវិធី​សហប្រតិបត្តិការ​ ផ្លាស់ប្តូរយោបល់​ ទស្សនកិច្ច​សិក្សា​ ស្រាវជ្រាវ ចែករំលែកបទពិសោធន៍​ ពង្រឹងប្រព័ន្ធ​ទំនាក់ទំនង​និង​ធ្វើរបាយការណ៍ ពីសកម្មភាព​ដាក់ជូន​រដ្ឋាភិបាល​ជាដើម​។

សមាគមនេះមានសម្តេចពិជ័យសេនា ទៀ បាញ់ ជាប្រធាន ឧកញ៉ា លី យ៉ុងផាត់ ជា​អនុប្រធាន ។ សមាគមនេះ​ជាគណៈ​​កម្មា​ធិ​ការ​​​អន្តរក្រសួង​សម្រាប់ទំនាក់ទំនង​កម្ពុជា​-ថៃ ដែលមាន​សមាជិក​ជាង​ ៧០រូប រាប់បញ្ចូល​ទាំង​ទីប្រឹក្សា​ផង​ដែរ ​ដែល​ជា​​​រដ្ឋមន្រ្តីមកពីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​ ក្រសួងកសិកម្ម រដ្ឋមន្រ្តីក្រសួង​​បរិស្ថាន​ និង​អគ្គលេខា​ធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា និងរដ្ឋលេខាធិការក្រសួងការបរទេស។​ ទីប្រឹក្សាផ្សេងទៀត​​មាន​អភិបាល​ខេត្តបាត់ដំបង កោះកុង បន្ទាយ​មានជ័យ​ ឧត្តរមានជ័យ​ និង​ព្រះវិហារ។​

​ឧកញ៉ាចំនួន ៣៥រូបជា​សមាជិក​ ក្នុងនោះរួមមាន​ លោក គិត ម៉េង លោក កុក អាន លោក ពុង ខៀវ​សែ លោក ឡាវ ម៉េងឃីន និង​លោក អាន ម៉ាឌី​ ជាដើម។​ សមាគម​នេះ ​មាន​អគ្គ​លេខាធិការ​ដ្ឋាន​មួយ​ជា​សេនាធិការ​ ដែលមាន​សមាជិក​ចំនួន​៦រូប។​ សមាគម​មិត្ត​ភាព​​ក​ម្ពុជាថៃ​ មា

សមាគមមិត្តភាពកម្ពុជា-ថៃ ក៏មានសិទ្ធប្រើប្រាស់ថវិកា ដោយឡែករបស់ទីស្ដីការគណៈរដ្ឋមន្រ្ដី និងមានសិទ្ធិទទួល និង​ចាត់​ចែងប្រើប្រាស់តាមនីតិវិធីច្បាប់ជាធរមាននូវធនធាន និងមូលនិធិដែលបានមកពីប្រភពផ្សេងៗ​ទៀត សម្រាប់​ដំណើរ​ការការងារ​របស់ខ្លួន៕