(ភ្នំពេញ)៖ ក្រុមហ៊ុនធំៗចំនួន៤ គឺក្រុមហ៊ុន Idealink Consulting នៅកម្ពុជា, Dow Jones មកពីសិង្ហបុរី, TESS International និង Pioneer Contunuum មកពីប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២២ ខែវិច្ឆិកានេះ បានរួមគ្នាជួយជំរុញ និងពន្លឿនចំណេះដឹង លើវិស័យបច្ចេកវិទ្យាផ្នែកហិរញ្ញវត្ថុ នៅកម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើន។
លោក ឈ សុផាណៈ អគ្គនាយកក្រុមហ៊ុន Idealink Consulting បានថ្លែងថា «សិក្ខាសាលានៅថ្ងៃនេះ យើងប្រព្រឹត្ដទៅក្រោមប្រធានបទ The Future, Visualize to Materialize -What Starts Here, will Change Your World ដែលយើងនឹងផ្ដោតសំខាន់ទៅលើការពង្រឹងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ឈានទៅដល់ស្ដង់ដារ នៅក្នុងប្រទេសអាស៊ាន ជាមួយនឹងការអនុវត្ដន៍ច្បាប់ តាមរយៈការចែករំលែកចំណេះ បទពិសោធន៍ រួមទាំងបញ្ហាប្រឈមជាច្រើន ទាំងការប្រឆាំងការសម្អាតប្រាក់ ការកំណត់មុខសញ្ញាឧក្រិដ្ឋកម្ម និងការបង្កើនប្រសិទ្ធភាពបច្ចេកវិទ្យា ពីអ្នកជំនាញដ៏ល្បីល្បាញ មកពីសិង្ហបុរី និងម៉ាឡេស៊ី ដល់អ្នកគ្រប់គ្រង មន្ដ្រីផ្នែកអនុវត្ដច្បាប់ អ្នកគ្រប់គ្រងហានិភ័យ តាមធនាគារ, មីក្រូហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធ ជិត១០០អង្គភាព នៅកម្ពុជា»។
លោកអគ្គនាយក្រុមហ៊ុនរូបនេះ បានថ្លែងបន្ដថា «សម្រាប់វិស័យធនាគារនៅកម្ពុជាយើងសព្វថ្ងៃ ចំណាយលុយជាច្រើន ក្នុងវិស័យបច្ចេកវិទ្យា ឲ្យសម្បូរបែប ដើម្បីពង្រឹងច្បាប់អនុវត្ដន៍នៅក្នុងធនាគារ ពិសេសការផ្ដល់សេវាល្អរហ័សទាន់ចិត្ដ ដោយភាពជឿទុកចិត្ដ ទៅដល់អតិថិជនទាំងចាស់-ថ្មី នៅគ្រប់មជ្ឈដ្ឋាន ដូច្នេះ នេះជាឱកាសដ៏ល្អសម្រាប់ពួកគាត់ ក្នុងការពង្រឹង និងពង្រីកប្រសិទ្ធការងារ ឲ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត»។
ឆ្នាំនេះ ជាឆ្នាំទី២ហើយ ក្នុងការៀបចំសិក្ខាសាលា ចែករំលែកចំណេះដឹង និងអភិវឌ្ឍសមត្ថភាព ក្នុងវិស័យហិរញ្ញវត្ថុ នៅរាជធានីភ្នំពេញ ដែលពិនិត្យពិភាក្សាអំពីនិន្នាការថ្មីៗ ក្នុងតំបន់ ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ ការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងអំពីយុទ្ធសាស្ដ្រ វិធានក្នុងការកំណត់ និងសមត្ថភាពផ្នែកបច្ចេកវិទ្យានានា តាមតម្រូវការនៃច្បាប់ និងបញ្ញតិ្ដនានា។
ក្រុមហ៊ុន Idealink Consulting ជាក្រុមហ៊ុនផ្គត់ផ្គង់បច្ចេកវិទ្យានៅកម្ពុជា បង្កើតឡើងក្នុងឆ្នាំ២០១២ ដោយក្រុមអ្នកជំនាញវិជ្ជាជីវៈ មកពីឧស្សាហកម្មផ្សេងៗគ្នា ហើយបានផ្តោតជាពិសេស លើការផ្តល់សេវាកម្មបច្ចេកវិទ្យា សម្រាប់វិស័យធនាគារ ដែលមកទល់នឹងពេលនេះ មានសាខាជាច្រើន នៅតាមបណ្ដាប្រទេសល្បីនៅលើពិភពលោក៕