(ភ្នំពេញ)៖ អង្គការអន្តរជាតិខាងការងារ (ILO) បានស្នើដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បង្កើតគណៈកម្មការប្រឹក្សាយោបល់ និងបច្ចេកទេសមួយ ជាមួយអន្តរក្រសួង និងភាគីពាក់ព័ន្ធ ដើម្បីផ្ដល់ការប្រឹក្សាយោបល់ដល់កម្មករក្នុងវិស័យសំណង់ ហើយអង្គការ ILO ខ្លួនឯង ក៏បានសន្យាថានឹងជួយគាំទ្រដល់ការបង្កើតគណៈកម្មការ និងការអនុវត្តការងាររបស់គណៈកម្មការនេះផងដែរ។
ការស្នើរបស់អង្គការ ILO ចំពោះក្រសួងការងារខាងលើនេះ ត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ ជាមួយប្រតិភូបេសកកម្មនៃគម្រោង ILO-Japan ដឹកនាំដោយលោក Sho Sudo ប្រធានក្រុមប្រឹក្សាបច្ចេកទេសនៃគម្រោង «ការលើកកម្ពស់ស្ដង់ដារសុខភាព និងសុវត្ថិភាពការងារ (OSH) ក្នុងវិស័យសំណង់នៅកម្ពុជា» នៅទីស្តីការក្រសួងការងារ នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោករដ្ឋមន្ត្រី អ៉ិត សំហេង បានឲ្យដឹងថា បច្ចុប្បន្ននៅកម្ពុជាវិស័យសំណង់មានការលូតលាស់ខ្លាំង ដែលបញ្ជាក់ឲ្យឃើញពីវឌ្ឍនភាព និងការរីកចម្រើនផ្នែកសេដ្ឋកិច្ច ហើយការរីកលូតលាស់នេះបានស្រូបយកកម្លាំងពលកម្មជាច្រើន ដែលទាមទារឲ្យក្រសួងការងារ អន្តរក្រសួង និងភាគីពាក់ព័ន្ធដទៃទៀត ត្រូវតែយកចិត្តទុកដាក់រួមគ្នាចំពោះកម្មករក្នុងវិស័យនេះ។
លោក Sho sudo បានលើកឡើងថា ដើម្បីជំរុញ និងគាំទ្រលើសុខភាព និងសុវត្ថិភាពការងារចំពោះកម្មករលើវិស័យសំណង់ អង្គការ ILO មានគោលដៅមួយចំនួនក្នុងការលើកកម្ពស់សុខភាព និងសុវត្ថិភាពការងារដល់កម្មករក្នុងវិស័យនេះ ដែលគម្រោងខាងលើ អង្គការ ILO សូមជំរុញឲ្យក្រសួងការងាររៀបចំនូវលក្ខខណ្ឌគតិយុត្ត និងពង្រឹងលើសន្តិសុខសុវត្ថិភាពការងារ។
តំណាងអង្គការ ILO រូបនេះ បានស្នើឲ្យលោករដ្ឋមន្ត្រីក្រសួងការងារ រៀបចំបង្កើតគណៈកម្មការប្រឹក្សាយោបល់ និងបច្ចេកទេសមួយ ជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ភាគីនិយោជក និងភាគីសហជីពដែលតំណាងឲ្យកម្មករ ដើម្បីផ្តល់ការប្រឹក្សាយោបល់ដល់កម្មករ ដែលធ្វើការលើវិស័យសំណង់នេះ។
លោករដ្ឋមន្ត្រី អ៉ិត សំហេង ពិតជាមានក្ដីរីករាយ និងចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការលើកឡើងរបស់តំណាងអង្គការ ILO ក្នុងការជួយលើកកម្ពស់កម្មករក្នុងវិស័យសំណង់របស់កម្ពុជា ដោយលោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងការងារបានធ្វើការជាច្រើន និងបានរៀបចំលិខិតគតិយុត្តិរួចមកហើយដែរ ដើម្បីធានាដល់ការការពារដល់កម្មករសំណង់ តែទោះជាយ៉ាងណា ក្រសួងការងារនឹងពិចារណាចំពោះសំណូមពរខាងលើនេះ៕