Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការចេញដីកាឃុំខ្លួនបុរសពីរនាក់ ក្រោយក្លែងឯកសារស៊ីដាច់ប្រាក់ធនាគារ២០ម៉ឺនដុល្លារ ក្រោយត្រូវបានចាប់ខ្លួននៅខេត្តព្រះសីហនុ

22-11-2017 19:45

(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានចេញដីកាសម្រេចឃុំខ្លួនបុរស២នាក់ ដាក់ពន្ធនាគារ បន្ទាប់ពីត្រូវបានចាប់ខ្លួន នៅខេត្តព្រះសីហនុ ពាក់ព័ន្ធឆបោក និងក្លែងបន្លំឯកសារស៊ីដាច់ប្រាក់ធនាគារមួយចំនួន២០ម៉ឺនដុល្លារ។ នេះបើតាមមន្រ្តីតុលាការបានប្រាប់ភ្នាក់ងារ Fresh News លោក ជួន​ សុជាតិ នៅល្ងាចថ្ងៃនេះ។

សូមបញ្ជាក់ថា កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តព្រះសីហនុ សហការជាមួយនគរបាលស្រុកព្រៃនប់ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ បានអនុវត្តដីកាបង្គាប់ឲ្យនាំខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធរឿងឆបោក និងក្លែងឯកសាររួចបញ្ជូន មកឲ្យចៅក្រមសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីចាត់ការតាមច្បាប់។ ក្រោយការសាកសួររួចហើយ តុលាការបានសម្រេចឃុំជនសង្ស័យ២នាក់នេះ ដាក់ពន្ធនាគារតែម្តង។

កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ លោក វ៉េង ហ៊ត់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យនាំខ្លួនឈ្មោះ សៅ សាន ភេទប្រុស អាយុ៣៩ឆ្នាំ ទីលំនៅស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងឈ្មោះ សំ ផា ភេទប្រុស អាយុ៥៩ឆ្នាំ ទីលំនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពីបទឆបោក និងក្លែងឯកសារប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៥។

បើតាមមន្រ្តីតុលាការ ការចោទប្រកាន់នេះ ផ្តើមចេញពីពួកគេរួមជាមួយមនុស្សមួយចំនួនទៀត បានធ្វើប្លង់ដីពុះច្រៀក រួចយកទៅដាក់នៅធនាគារមួយ ដើម្បីខ្ចីប្រាក់ក្នុងម្នាក់ៗ១០ម៉ឺនដុល្លារអាមេរិក។ លុះក្រោយមកពួកគេមិនសង ទើបខាងធនាគារធ្វើការស្រាវជ្រាវឃើញថា ពួកគេក្លែងឯកសារដើម្បីឆបោកប្រាក់៕