(ភ្នំពេញ)៖ ប្រធាននាយកប្រតិបត្តិ ធនាគារអេស៉ីលីដា លោក អ៉ិន ចាន់នី នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានថ្លែងកត់សម្គាល់ឃើញថា ការវិនិយោគរបស់បរទេស នៅក្នុងប្រទេសកម្ពុជា នៅតែបន្តកើនឡើងជាលំដាប់ ដោយមិនមានបញ្ហាអ្វីនោះឡើយ។
ការសម្រេចបោះទុនវិនិយោគនៅកម្ពុជានេះ ត្រូវបានលោក អ៉ិន ចាន់នី អះអាងថា មកពីកម្ពុជាធានាបាននូវកត្តាចំនួន៣ គឺ កត្តាស្ថិរភាពនយោបាយ កត្តាស្ថិរភាពកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងកត្តាសង្គមកិច្ចល្អរបស់កម្ពុជា។
ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន ក្រោយបញ្ចប់ការចូលរួមកម្មវិធីផ្សព្វផ្សាយរបាយការណ៍ថ្មី របស់ធនាគារពិភពលោក នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកានេះ លោក អ៉ិន ចាន់នី បានលើកឡើងយ៉ាងដូច្នេះថា «វិនិយោគិនកាលណាគេដាក់ទុន វិនិយោគក្នុងប្រទេសនីមួយៗ គឺមើលថា តើប្រទេសកម្ពុជាហ្នឹង បានធានាអ្វីខ្លះ? យើងមើលទៅកម្លាំងលូតលាស់ សេដ្ឋកិច្ចកម្ពុជារបស់យើងខ្លាំង រយៈពេល២០ឆ្នាំ នឹងបន្តការរីកលូតលាស់ខ្លាំងតទៅទៀត ក្នុងរង្វាន់៧ភាគរយ ហើយឆ្នាំ២០១៧, ២០១៨, ២០១៩ នៅតែបង្ហាញសញ្ញា នៃការលូតលាស់ខ្លាំង។...ស្ថិរភាពនយោបាយជារឿងសំខាន់ ហើយសង្គមកិច្ច ដែលទាំង៣នេះ ជារឿងសំខាន់ ដែលគេមកបោះទុនរកស៉ីនៅប្រទេសយើង ហើយមើលឃើញហើយថា វិនិយោគិនមិនមានការប្រែប្រួលទេ គឺគេនៅតែបន្តបោះទុនរកស៉ី»។
ជាក់ស្តែងក្នុងខែតុលា ឆ្នាំ២០១៧ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគចំនួន១៣គម្រោង មានទឹកប្រាក់ជាង៤០លានដុល្លារអាមេរិក ដែលភាគច្រើននៃគម្រោងវិនិយោគនោះ គឺការបើករោងចក្រកាត់ដេរ និងស្បែកជើង។ នេះបើតាមការចុះផ្សាយរបស់កាសែត Khmertime។
បើតាមរបាយការណ៍របស់ធនាគារពិភពលោក ដែលទើបចេញផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកានេះ បានបញ្ជាក់ថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា រក្សាបាននូវភាពរឹងមាំ ក្នុងអត្រា៦,៨ ភាគរយ នៅក្នុងឆ្នាំ២០១៧ និងបន្តកំណើន៦,៩ ភាគរយ នៅក្នុងឆ្នាំ២០១៨។ ពិសេសកម្ពុជា ទទួលបានលំហូរចូលដ៏ល្អនៃវិនិយោគទុនផ្ទាល់ពីបរទេស៕