(ភ្នំពេញ)៖ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក វង្សី វិស្សុត នៅថ្ងៃទី២២ ខែវិច្ឆិកានេះ បានលើកឡើងថា ប្រទេសកម្ពុជាត្រូវការធនធានមនុស្ស ដែលប្រកបដោយចំណេះដឹង ទាំងនៅក្នុងផែ្នកសាធារណៈ និងផ្នែកឯកជន ដើម្បីរួមគ្នាជម្នះឱ្យបាននូវបញ្ហាប្រឈមទាំងឡាយ របស់ប្រទេសជាតិ និងដើម្បីតាមឱ្យទាន់នូវកម្រិតអភិវឌ្ឍន៍ ដូចបណ្ដាប្រទេសដទៃទៀត សម្រាប់ឆ្ពោះទៅកសាងសង្គមសេដ្ឋកិច្ចមួយ ប្រកបដោយវិបុលភាព ថាមភាព និងចីរភាពនៅក្នុងរយៈពេលវែង។ ជាការពិត ប្រទេសយើងធ្វើបានល្អហើយ បើនិយាយពីការអភិវឌ្ឍ តែបើនិយាយពីកម្រិត នៃការអភិវឌ្ឍធៀបនឹងបណ្ដាប្រទេសផ្សេងទៀតវិញ គឺយើងត្រូវប្រឹងធ្វើការងារដ៏ច្រើនថែមទៀង ដើម្បីឱ្យទាន់គេ។
ការថ្លែងយ៉ាងដូច្នេះរបស់លោក វង្សី វិស្សុត ធ្វើឡើងក្នុងឱកាសលោកអញ្ជើញជាអធិបតីភាព ក្នុងពិធីចែកវិញ្ញាបនប័ត្រដល់កម្មសិក្សាការី ដែលបានបញ្ចប់វគ្គសិក្សា ស្តីពីមូលដ្ឋានគ្រឹះម៉ាក្រូសេដ្ឋកិច្ច (Macroeconomic Foundation) ។
លោក វង្សី វិស្សុត បានថ្លែងថា ពិធីចែកវិញ្ញាបនប័ត្រនាថ្ងៃនេះ គឺជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូដ៏ជិតស្និទ្ធ រវាងរាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិរូបិយវត្ថុអន្តរជាតិ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលក្នុងការដាក់ចេញ នូវកម្មវិធីបណ្តុះបណ្តាលសមត្ថភាពដល់មន្ត្រី នៅក្នុងកម្រិតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាពិសេសនៅក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។
លោកបានគូសបញ្ជាក់ផងដែរថា កម្មវិធីបណ្តុះបណ្តាលដូចនេះ មិនធ្លាប់មានពីមុនមកទេ នៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងមូលនិធិរូបិយវត្ថុអន្តរជាតិក្នុងរយៈពេល១០កន្លងមកនេះ។ ប្រការនេះ គឺជាការសបញ្ជាក់ឲ្យឃើញពីការផ្លាស់ប្តូរឥរិយាបថ និងផ្នត់គំនិតរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ព្រោះថាស្ថាប័ននេះ មិនគ្រាន់តែផ្តោតទៅលើការផ្តល់ជំនួយជាកម្ចីហិរញ្ញវត្ថុតែមួយមុខនោះទេ តែថែមទាំងផ្តល់នូវកម្មវិធីបណ្តុះបណ្តាលចំណេះដឹងសេដ្ឋកិច្ចទូលំទូលាយ ដែលមានសារៈប្រយោជន៍ដល់ការអភិវឌ្ឍរបស់ប្រទេសជាសមាជិកជាហូរហែរថែមទៀត។ ពិតណាស់ថា ហិរញ្ញប្បទានដើរតួនាទីសំខាន់នៅក្នុងសេដ្ឋកិច្ច តែបើនិយាយពីសេដ្ឋកិច្ចដែលផ្អែកលើចំណេះដឹង (Knowledge based economy) វិញ គឺចំណេះដឹងដើរតួនាទីសំខាន់ជាងហិរញ្ញប្បទានទៅទៀត។
លោក វង្សី វិស្សុត បានផ្តាំផ្ញើរដល់ជ័យលាភីជាកម្មសិក្សាការីទាំងអស់ថា ក្រៅពីការបន្តអភិវឌ្ឍសមត្ថភាពជំនាញ គឺប្អូនៗត្រូវផ្តោតលើបង្កើតវប្បធម៌ការងារជាលក្ខណៈស្ថាប័ន និងការធ្វើការងារជាក្រុមផងដែរ។ ក្រៅពីនេះ ក៏ត្រូវបន្តអភិវឌ្ឍសមត្ថភាពលើជំនាញទន់ផងដែរ ដូចជា ផ្នត់គំនិត អាកប្បកិរិយា និងឥរិយាបទជាដើម។ ឯកឧត្តមបានបន្តលើកឡើងថា ការសិក្សារៀនសូត្រក្នុងពេលបច្ចុប្បន្ននេះ គឺខុសគ្នាពីមុន ព្រោះបច្ចុប្បន្ននេះ ប្អូនៗត្រូវតែរៀនសូត្រជារៀងរហូត គ្មានថ្ងៃបញ្ចប់។ ថ្ងៃនេះអ្នកបញ្ចប់កម្មវិធីឬការបណ្តុះបណ្តាលលើគ្រឹះម៉ាក្រូសេដ្ឋកិច្ច ក៏ប៉ុន្តែសូមកុំដាក់កម្រិតទៅលើខ្លួនឯងត្រឹមនេះ។ សូមកុំខ្ជះខ្ជាយពេលវេលា ហើយត្រូវបន្តរៀនសូត្រនូវអ្វីដែលមានប្រយោជន៍ ដើម្បីធ្វើបច្ចុប្បន្នភាព និងដើម្បីបង្កើនចំណេះដឹង និងជំនាញរបស់ខ្លួន។ បច្ចុប្បន្នមានវិធីសាស្ត្រជាច្រើនសម្រាប់ការរៀនសូត្រថ្មីៗ ដើម្បីឱ្យខ្លួនអ្នកអាចសម្របសម្រួល និងអាចចាប់យកជំនាញថ្មីៗ និងតាមទាន់ការអភិវឌ្ឍថ្មីៗ។
លោកបានលើកឡើងថា ប្រសិនបើអ្នកនៅតែគិតអំពីសេដ្ឋកិច្ចតាមបែបចាស់ប្រពៃណីទៀត អ្នកនឹងមិនអាចរស់បានទេ នៅពេលដែលយើងនិយាយអំពីសេដ្ឋកិច្ចឌីជីថល។ ដូចនេះ ត្រូវធ្វើបច្ចុប្បន្នភាពចំណេះដឹង និងជំនាញជាប់ជាប្រចាំ ហើយធ្វើឱ្យប្រសើរឡើងជានិច្ច ដើម្បីធ្វើឱ្យអាជីពរបស់ប្អូនៗ នៅតែបន្តដំណើរឆ្ពោះទៅមុខជានិច្ច និងកាន់តែមានសមត្ថភាពចម្រុះសម្បូរបែប។ ជាមួយគ្នានេះ ត្រូវផ្សារភ្ជាប់ទ្រឹស្តី ទៅនឹងការអនុវត្តការងារផ្ទាល់ប្រចាំថ្ងៃផងដែរ ពីព្រោះពេលខ្លះទ្រឹស្តីមានភាពខុសគ្នាខ្លាំងទៅនឹងការអនុវត្តជាក់ស្តែងឆ្ងាយណាស់។ អ្នកខ្លះមានសម្ថតភាពគ្រប់គ្រាន់ក្នុងការបង្រៀន និងមានសញ្ញាប័ត្ររហូតដល់ថ្នាក់បណ្ឌិត ប៉ុន្តែពេលខ្លះពួកគេមានការប្រឈមខ្លាំងនៅពេលដែលពួកគេយកទ្រឹស្តីទាំងនោះមកអនុវត្ត។
លោកបានលើកទឹកចិត្ត ដល់កម្មសិក្សាការី ដែលជាសេដ្ឋវិទូវ័យក្មេងទាំងអស់ ត្រូវបន្តខិតខំធ្វើការងារ និងត្រូវបន្តរៀនសូត្រឱ្យបានខ្លាំងថែមទៀត ទាន់ពេលនៅក្មេង ហើយសូមកុំគិតថា នេះជាការលះបង់ តែត្រូវគិតថា វាគឺជាការវិនិយោគមួយ សម្រាប់អាជីពរបស់ខ្លួនឯងនាពេលអនាគត ក៏ដូចជាដើម្បីភាពរីកចំរើន សម្រាប់ខ្លួនឯង គ្រួសារ ស្ថាប័ន និងប្រទេសជាតិរបស់យើង៕