(ភ្នំពេញ)៖ ផ្ទុយពីប្រទេសលោកសេរីដែលកំពុងប្រតិកម្មខ្លាំងចំពោះការអនុវត្តន៍ច្បាប់របស់កម្ពុជាក្នុងការរំលាយគណបក្សសង្រ្គោះជាតិ និងចាប់មេបក្សប្រឆាំងនេះដាក់ពន្ធនាគារនោះ ប្រទេសចិនដែលជាមហាយក្សនៅតំបន់អាស៊ី និងជាមហាមិត្តដ៏ស្និទ្ធស្នាលរបស់កម្ពុជានោះ បានបន្តបង្ហាញការគាំទ្រដាច់ណាត់ចំពោះចំណាត់របស់កម្ពុជា ដើម្បីរក្សាបាននូវស្ថេរភាព សន្តិភាព និងការអភិវឌ្ឍនៅក្នុងប្រទេសនេះ។
ជំហរបង្ហាញការគាំទ្រចំពោះការអនុវត្តន៍ច្បាប់របស់កម្ពុជាទៅលើទង្វើក្បត់ជាតិរបស់លោក កឹម សុខា ក៏ដូចជាការរំលាយគណបក្សសង្រ្គោះជាតិនេះ បានធ្វើឡើងនៅល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ក្នុងជំនួបពិភាក្សាការងាររវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយលោក កាវ ជៀនមិញ (Cao Jiangminh) អគ្គរដ្ឋអាជ្ញាមហាអយ្យការប្រជាជនកំពូល នៃសាធារណរដ្ឋប្រជាមានិតចិន នៅវិមានសន្តិភាព។
ថ្លែងប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួប លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឲ្យដឹងថា ក្នុងជំនួបនោះសម្តេចតេជោ ហ៊ុន សែន និង លោក កាវ ជៀនមិញ បានរំលឹកពីចំណងទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសចិន និងកម្ពុជា តាំងពីក្នុងសម័យសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ជាមួយមេដឹកនាំចិន។ ទាំងសម្តេចតេជោ ហ៊ុន សែន និងលោក កាវ ជៀនមិញ សុទ្ធតែបានបង្ហាញសុទិដ្ឋិនិយមចំពោះការបន្តរក្សាបាននូវចំណងទំនាក់ទំនងល្អនេះរហូតមកដល់ពេលបច្ចុប្បន្ន ជាពិសេសគឺការគោរពបាននូវនយោបាយចិនតែមួយ។
ក្នុងជំនួបនេះ លោក កាវ ជៀនមិញ ក៏បានបង្ហាញនូវការស្ញប់ស្ញែងផងដែរ ចំពោះភាពរីកចម្រើន និងវឌ្ឍនភាពនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។ ក្រៅពីបង្ហាញការស្ញបស្ញែងចំពោះវឌ្ឍនភាពនៅកម្ពុជាហើយ លោក កាវ ជៀនមិញ ក៏បានបង្ហាញពីជំហររបស់រដ្ឋាភិបាលចិន ចំពោះស្ថានការណ៍នយោបាយនៅកម្ពុជានាពេលបច្ចុប្បន្នផងដែរ។
ឆ្លើយតបស្ថានការណ៍នយោបាយនៅកម្ពុជា ដែលកំពុងរងការប្រតិបត្តិកម្មពីបណ្តាប្រទេសលោកសេរីនោះ លោក កៅ ជៀនមិញ បានអះអាងថា រដ្ឋាភិបាលចិន គាំទ្ររាល់ចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលអនុវត្តន៍កន្លងមកនេះ ដើម្បីកម្ពុជារក្សាបាននូវអធិបតេយ្យ ឯករាជ្យ វិបុលភាព និងការអភិវឌ្ឍ។
លោក កៅ ជៀនមិញ ក៏បានថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ក៏ដូចជាប្រទេសកម្ពុជា ដែលតែងតែគាំទ្រនយោបាយចិនតែមួយ។ លោកបន្តថា ការគាំទ្ររបស់កម្ពុជា តាំងពីអតីតកាល ក៏ដូចជាពេលបច្ចុប្បន្ន បានធ្វើឱ្យចិនមានការវិវត្តន៍ទៅមុខ តាំងពីប្រទេសចិនមិនទាន់បានចូលជាសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមកម្ល៉េះនោះ។
ជាការកត់សម្គាល់ការវិវឌ្ឍន៍នៃស្ថានការនយោបាយនៅកម្ពុជានាពេលបច្ចុប្បន្ន ជាពិសេសការំលាយគណបក្សសង្រ្គោះជាតិ និងការចាប់ខ្លួនលោក កឹម សុខា ក្រោមការចោទប្រកាន់ថា ប្រព្រឹត្តទង្វើក្បត់ជាតិ ដោយឃុបឃិតជាមួយសហរដ្ឋអាមេរិក ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ប្រទេសលោកសេរីជាច្រើនបានទម្លាក់ប្រតិកម្មជាបន្តបន្ទាប់ជាមួយការគំរាមដាក់ទណ្ឌកម្ម និងការកាត់ជំនួយជាដើម។ ផ្ទុយពីប្រទេសលោកសេរីទាំងនេះ ប្រទេសចិន ដែលជាប្រទេសបានផ្តល់ជំនួយអភិវឌ្ឍន៍យ៉ាងច្រើនមកកម្ពុជា តែងតែបានបង្ហាញជំហរគាំទ្រជានិច្ចចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា។
រាល់ជំនួបរវាងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ចិន ជាមួយសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាជាមួយមន្រ្តីជាន់ខ្ពស់កម្ពុជា គឺតែងតែបង្ហាញជំហរយ៉ាងរឹងមាំគាំទ្រចំណាត់ការរបស់កម្ពុជា ហើយថែមទាំងប្តេជ្ញាជួយប្រយុទ្ធប្រឆាំងសកម្មភាពទាំងឡាយដែលឈានទៅធ្វើបដិវត្តន៍ពណ៌នៅកម្ពុជាផងដែរ៕