Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក រដ្ឋា វិសាល៖ មូលហេតុ RFA មិនផ្តល់ប្រាក់អត្ថប្រយោជន៍ ២៨០០០ដុល្លារ ឱ្យខ្ញុំដោយសារ បែកធ្លាយវីដេអូស្តីពីការបិទវិទ្យុអាស៊ីសេរី​ (Video inside)

22-11-2017 17:18

(ភ្នំពេញ)៖ លោក សុខ រដ្ឋា អតីតបុគ្គលិកវិទ្យុអាស៊ីសេរី ដែលគេស្គាល់ឈ្មោះក្រៅថា «រដ្ឋា វិសាល» នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា មូលហេតុថ្នាក់ដឹកនាំវិទ្យុអាស៊ីសេរី (RFA) មិនផ្តល់ប្រាក់អត្ថប្រយោជន៍ ២៨០០០ដុល្លារ ឱ្យរូបលោក ដោយសារបែកធ្លាយវីដេអូ ស្តីពីការបិទការិយាល័យលួចលាក់របស់ វិទ្យុអាស៊ីសេរីនៅក្នុងប្រទេសកម្ពុជា។

ថ្លែងក្នុងសន្និសីទកាសែត នៅភោជនីយដ្ឋាន Park Cafe ខាងមុខមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោក រដ្ឋា វិសាល បានថ្លែងយ៉ាងដូច្នេះថា៖ «មូលហេតុដែលគេសម្រេចកាត់ផ្តាច់ខ្ញុំ ចេញពីបញ្ជីបើកប្រាក់នេះ គឺដោយខ្ញុំបានធ្វើវីដេអូឃ្លីបមួយ បញ្ជាក់ថា វិទ្យុអាស៊ីសេរី បានបិទការិយាល័យរបស់ខ្លួន នៅរាជធានីភ្នំពេញ គេពុំបានប្រាប់ថាហេតុផលនេះប៉ះពាល់យ៉ាងម៉េចទេ»

លោកបានចេញមុខការងារនូវសកម្មភាពរបស់លោកថា ការបិទការិយាល័យរបស់វិទ្យុអាស៊ីសេរីនេះ គឺជារបៀបលួចលាក់ ព្រោះប្រាប់លោក និងបុគ្គលិកថា បញ្ចប់កុងត្រាបណ្តោះអាសន្ន ហើយឱ្យធ្វើព័ត៌មានដោយលួចលាក់ បញ្ជូនទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដែលជាការជំរុញឱ្យអ្នកសារព័ត៌មានប្រព្រឹត្តផ្ទុយនឹងច្បាប់។

សូមជម្រាបថា វិទ្យុអាស៊ីសេរី បានសម្រេចបិទការិយាល័យរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជាស្ងាត់ៗ កាលពីខែកញ្ញា ឆ្នាំ២០១៧ ហើយបែងចែកឲ្យបុគ្គលិករបស់ខ្លួនទាំងអស់នៅកម្ពុជា ធ្វើការរៀងៗខ្លួន ដោយបញ្ជូនព័ត៌មានផ្ទាល់ទៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

ការសម្រចបិទការិយាល័យនេះ បានធ្វើឡើងស្របពេលដែល រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងចាត់វិធានការតឹងរឹង ទៅលើស្ថាប័នព័ត៌មានមួយចំនួន ដែលមិនគោរពច្បាប់ និងបង់ពន្ធជូនរដ្ឋ។ ជាមួយគ្នានេះកាសែត Cambodia Daily ក៏សម្រេចបិទស្ថាប័នរបស់ខ្លួននៅកម្ពុជាផងដែរ ក្រោយពេលមិនអាចបង់ពន្ធដែលជំពាក់រដ្ឋជាង៦លានដុល្លារបាន។

ក្រោយមានការបិទបែបនេះ លោក រដ្ឋា វិសាល បានលាតត្រដាងជាសាធារណៈ ដែលធ្វើឱ្យសាធារណជន បានដឹងថា អាស៊ីសេរីបានបើកការិយាល័យរបស់ខ្លួនដោយលួចលាក់នៅកម្ពុជា អស់ជាច្រើនឆ្នាំ៕