(ភ្នំពេញ)៖ ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ដល់សិស្សានុសិស្ស មន្រ្តីសាខាកាំកុងត្រូល រាជធានីភ្នំពេញ ដោយមានសហការល្អពីសាលាប៊ែលធី អន្តរជាតិ នៅថ្ងៃទី២១ ខែវិច្ឆិកា និងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានចុះត្រួតពិនិត្យគ្រឿងឧបភោគបរិភោគនៅគ្រប់សាខាអស់ហើយដើម្បី បង្កើនទំនុកចិត្តបន្ថែមទៀតរសបស់អាណាព្យាបាលសិស្សានិសិស្សដែលកំពុងសិក្សានៅក្នុងសាលាប៊ែលធីអន្តរជាតិទៅលើគុណភាពចំណីអាហារ។
លោក ហេង មាលី ប្រធានសាខាកាំកុងត្រូលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងការចុះត្រួតពិនិត្យចំណី អាហារខាងលើនេះ គឺផ្តោតសំខាន់ទៅ លើនំកញ្ចប់ សាច់ក្រក សរសៃគុយទាវ លត មី និងភេសជ្ជៈគ្រឿងកំប៉ុងជាដើម ខ្លាចក្រែងមាន សារធាតុហាមឃាត់ ឬក៏ហួសកាលបរិច្ឆេទ។
ប្រធានសាខាកាំកុងត្រូលរាជធានីភ្នំពេញ ក៏បានណែនាំឲ្យអ្នកលក់ដូរ ក្នុងសាលាប៊ែលធីទាំងអស់ ត្រូវមានអនាម័យល្អដើម្បីសុខភាពដល់សិស្ស ចៀសវាងការមានបញ្ហា ផ្នែកសុខភាព ត្រូវរៀបចំទុកដាក់គ្រឿង ដាច់ដោយឡែកពីគ្នា។ ជាមួយគ្នានោះ មន្រ្តីកាំកុងត្រូល ក៏បបានបិទរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ ឲ្យបានយល់ដឹង អំពីផលវិបាក ដែលបណ្តាលមកពីការបរិភោគអាហារហួសកាលបរិច្ឆេទប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។
លោក លី ប៊ុនឆៃ អគ្គនាយករងប៊ែលធីគ្រុប បានឲ្យដឹងថា សាលានឹងមានគម្រោងអញ្ជើញក្រុមអាជីវករលក់ដូរនៅក្នុងសាលាប៊ែលធីអន្តរជាតិ ទាំងអស់ដើម្បីចូលរួមជាមួយមន្ត្រីសាខាកាំកុងត្រូលឲ្យបានយល់បន្ថែមពីសុវត្ថិភាពម្ហូបអាហារ ឲ្យបានច្បាស់ដើម្បីឲ្យអាណាព្យាបាលមានទំនុកចិត្តកាន់តែច្បាស់មកលើក្រុមអាជីវករលើកដូរក្នុងសាលារបស់គាត់។
លោក លី ប៊ុនឆៃ បានបញ្ជាក់ថា ការចុះត្រួតពិនិត្យម្ហូបអាហារតាមសាលាប៊ែលធីនេះ គឺធ្វើឡើងទាំង១៧សាខា អស់ហើយរយៈពេលប៉ុន្មានថ្ងៃនេះ បានត្រួតពិនិត្យម្ហូបអាហារ ក៏ដូចភេសជ្ជៈគ្រប់ប្រភេទដែលបានដាក់លក់នៅក្នុងសាលា។
លោក លី ប៊ុនឆៃ ក៏បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការរបស់ក្រុមមន្រ្តីកាំកុងត្រូល ដែលបានអញ្ជើញចុះមកផ្សព្វផ្សាយជូនសិស្សនៅសាលាប៊ែលធីអន្តរជាតិ៕