(កំពង់ធំ)៖ ​ប្រធានក្រុមប្រឹក្សាឃុំ និងសមាជិកក្រុមប្រឹក្សា នៅស្រុកបារាយណ៍ ស្រុកកំពង់ស្វាយ ស្រុកសណ្ដាន់ និងស្រុកសន្ទុក ​ខេត្តកំពង់ធំ សរុប៦​នាក់ទៀតហើយ របស់គណបក្សសង្គ្រោះជាតិ ដែលទើបរលាយ​បានប្រកាសចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា​ដោយសារតែពួកគាត់ បានឃើញនូវអំពើក្បត់ជាតិ របស់មេគណបក្សសង្គ្រោះជាតិ ដែលបម្រើបរទេស។ នេះបើតាមលិខិតប្រកាសចុះចូល ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

ការសម្រេចដើរចេញរបស់អតីតមន្រ្តីគណបក្សសង្រ្គោះជាតិទាំង៦រូបនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូល បានកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

អតីតមន្ដ្រីគណបក្សសង្គ្រោះជាតិ​​​​​ទាំង៦រូបនេះ​៖
ទី១៖ លោក ជា ណារ៉ែម អាយុ៤៧ឆ្នាំ ប្រធានក្រុមប្រឹក្សាឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
ទី២៖ លោក ស្រី វិសាល អាយុ៤០ឆ្នាំ សមាជិកក្រុមប្រឹក្សាឃុំច្រនាង ស្រុកបារាយណ៍ ខេត្តកំពង់ធំ
ទី៣៖ លោក ជា សារ៉ាន់ អាយុ៤៨ឆ្នាំ សមាជិកក្រុមប្រឹក្សាឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ
ទី៤៖ លោក អៀត សុទ្ធា អាយុ២៩ឆ្នាំ អតីតជំទប់ទី២ ឃុំសណ្ដាន់​ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ
ទី៥៖ លោកស្រី ឃុត ស្រីនាង អាយុ៣១ឆ្នាំ បេក្ខជនបម្រុង សមាជិកក្រុមប្រឹក្សាឃុំងន ស្រុកសណ្ដាន់ ខេត្តកំពង់ធំ
ទី៦៖ លោក ម៉ៃ ចន្ថា អាយុ៣៥ឆ្នាំ បេក្ខជនបម្រុងសមាជិកក្រុមប្រឹក្សាឃុំក្លែង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានប្រកាសស្វាគមន៍ និងទទួលសមាជិកសមាជិកាថ្មី មកពីអតីតគណបក្សសង្គ្រោះជាតិ​​​​ទាំង៦រូប ដែលសុំចូលរួមរស់ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីបានជ្រួតជ្រាបនូវអំពើក្បត់ជាតិរបស់មេបក្សខ្លួន។

សម្រាប់ការចុះចូលពីសំណាក់អតីតមន្រ្តីគណបក្សសង្គ្រោះជាតិខាងលើនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា បានប្រកាសតាមបណ្តាញសារព័ត៌មាន Fresh News ថា «ការស្ម័គ្រចិត្តចុះចូលមកគណបក្សប្រជាជនកម្ពុជា មានឱសានវាទត្រឹមថ្ងៃទី២៤ ខែវិច្ឆិកាប៉ុណ្ណោះ ព្រោះការរៀបចំបញ្ជីក្រុមប្រឹក្សាឃុំសង្កាត់ថ្មី ដើម្បីបញ្ជូនទៅកាន់ គជប នឹងត្រូវបិទត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា, ប្រសិនបើចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកាទៅ ការចុះចូលនៅតែបន្តដដែល ប៉ុន្តែមិនផ្តល់តួនាទីអ្វីនោះទេ»។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យអតីតមន្រ្តីគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលកាត់រំលាយ សូមប្រញាប់ប្រញាល់ចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបាននូវតួនាទីឋានៈអ្វីៗដដែល ព្រោះការកំណត់ពេលវេលាត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា នេះ ធ្វើឡើងតាមលក្ខខណ្ឌរបស់ គ.ជ.​ប៕