(សៀមរាប)៖ តំណាងសហគមន៍អភិវឌ្ឍន៍កសិកម្មកម្ពុជា ដឹកនាំដោយលោកវេជ្ជបណ្ឌិត ឃី លាង បានជួបជាមួយលោក ម៉ី ម៉ារ៉ាឌី ប្រធានគម្រោងភូមិធម្មជាតិរុនតាឯក នៃអគ្គនាយកដ្ឋានអាជ្ញាធរជាតិអប្សរា និងបានចុះអនុស្សរណៈយោគយល់គ្នា លើកិច្ចព្រមព្រៀងបង្កើនការដាំដំណាំកសិកម្ម និងទទួលទិញសណ្តែកផ្កាយ ពីប្រជាពលរដ្ឋនៅភូមិធម្មជាតិរុនតាឯក។
តាមការបញ្ជាក់ពីលោក អ៊ឹង តុងអៀង មន្ត្រីសម្របសម្រួលនៃគម្រោងភូមិធម្មជាតិរុនតាឯក បានឱ្យដឹងថា សណ្តែកផ្កាយជាដំណាំមួយប្រភេទ មានការលំបាកក្នុងការបណ្តុះកូនដាំ តែមិនមែនជារុក្ខជាតិពិបាកដាំទេ គឺគ្រាន់តែជីកដីជម្រៅ៣តឹក ៤ជ្រុង លាយជីលាមកសត្វ ជីអង្កាម និងដីដំបូក ហើយដាក់ដាំជាការស្រេច ប៉ុន្តែរុក្ខជាតិនេះពិបាកក្នុងការថែទាំបន្តិច គឺមិនត្រូវការទឹកច្រើនពេកនិងក្តៅពេក ព្រោះវាអាចធ្វើឱ្យវាស្លាប់បាន ក្នុងនោះនៅខែមេសា គឺពិបាកក្នុងការថែទាំបំផុតដោយសាររលកកម្តៅខ្ពស់។
លោក តុងអៀង បន្តទៀតថា បច្ចុប្បន្នការដាំដុះសណ្តែកផ្កាយនៅរុនតាឯក គឺមានចំនួន៤ហិកតា ដោយប្រជាពលរដ្ឋ១៨គ្រួសារ។ ត្រឹមរយៈពេល៧ទៅ៩ខែ នឹងទទួលផលបានហើយអាស្រ័យទៅតាមដី និងការថែទាំ ហើយវាមានរយៈពេលប្រមូលផលដល់ទៅ ២០ទៅ៣០ឆ្នាំឯណោះ។
លោកវេជ្ជបណ្ឌិត ឃី លាង ដែលជាប្រធានសហគ្រាសធុនតូច និងមធ្យមប្រចាំខេត្តកោះកុងដែរនោះ បានឱ្យដឹង ការចុះអនុស្សរណៈនេះ ធ្វើឡើងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ គឺដើម្បីលើកស្ទួយកម្រិតជីវភាពរបស់ប្រជាជននៅទីនេះឱ្យកាន់តែប្រសើរ ព្រោះទីនេះមានទីតាំងល្អ មានធនធានមនុស្សគ្រប់គ្រាន់ ហើយមិនប្រើគីមីក្នុងការដាំដុះ ដែលធ្វើឱ្យផលិតផលមានតម្លៃថ្លៃពេលចូលក្នុងទីផ្សារសហគមន៍។ ក្រុមហ៊ុនបានផ្តល់គ្រាប់ពូជ ជី បច្ចេកទេស និងទីផ្សារចំពោះប្រជាកសិករ ដែលចង់ដាំសណ្តែកផ្កាយទាំងនៅរុនតាឯក និងទូទាំង២៥ខេត្តក្រុង។
លោកប្រធានសហគមន៍បញ្ជាក់ទៀតថា ដើម្បីឱ្យផលិតផលនាំចេញទៅកាន់ទីផ្សារអន្តរជាតិបាន ត្រូវមាន៣ចំណុចសំខាន់ រួមមាន៖ ទី១.រួមគ្នាធ្វើជាបណ្តុំសហគមន៍ និងសហករ, ទី២.ទិន្នន័យជាក់លាក់ និងទី៣.ដាំតាមបច្ចេកវិទ្យាសរីរាង្គ និងសុវត្ថិភាព ដែលជាតម្រូវការរបស់អង្គការសុខភាពពិភពលោក។
បច្ចុប្បន្នតម្រូវការទីផ្សារគឺ ៤០,០០០តោន ក្នុងមួយឆ្នាំ តែមិនអាចផ្តល់ដល់ទីផ្សារបាន ទើបបំផុសឱ្យប្រជាជនដាំ ហើយសណ្តែកផ្កាយដែលដាំបាន សហគមន៍នឹងនាំចេញទៅក្រៅប្រទេសផង និងមួយចំនួនផលិតនៅក្នុងស្រុកផង មិនឱ្យប្រជាជនពិបាកក្នុងការរកទីផ្សារឡើយ។
លោក ម៉ី ម៉ារ៉ាឌី ក៏បានថ្លែងអំណរគុណដល់សហគមន៍អភិវឌ្ឍន៍កសិកម្មកម្ពុជា ដែលបានផ្តល់ឱកាសដ៏ល្អនេះដល់ប្រជាកសិករ។ លោកនឹងជួយជំរុញផ្សព្វផ្សាយ និងលើកទឹកចិត្តប្រជាជន ក្នុងការដាំដុះដំណាំនេះឱ្យបានទូលំទូលាយ ព្រោះមានអ្នកចាំទិញលទ្ធផលដោយមិនបាច់បារម្ភពីតម្លៃ និងតម្រូវការ៕