(ភ្នំពេញ)៖ ថវិកាជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ជាង ២៧ម៉ឺនដុល្លារអាមេរិក ត្រូវបានផ្តល់ទៅមន្ទីរអប់រំក្នុងខេត្តព្រះវិហារ ប៉ៃលិន និងខេត្តមណ្ឌលគិរី សម្រាប់សាងសង់អគារសិក្សាចំនួន ៤ខ្នង ហើយថវិកាជាង ១៣ម៉ឺនដុល្លារទៀត ត្រូវបានផ្តល់សម្រាប់ការអប់រំផ្នែកបរិស្ថាននៅតាមមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ។

ថវិកាជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ត្រូវបានចុះហត្ថលេខារវាងលោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា ជាមួយប្រធានប្រធានមន្ទីរអប់រំ ខេត្តព្រះវិហារ ប៉ៃលិន មណ្ឌលគិរី និង នាយិកា​អង្គការ​ Nature Center Risen ដែលជាអ្នកអនុវត្តន៍គម្រោងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧។

លោកឯកអគ្គរដ្ឋទូតជប៉ុន បានបង្ហាញក្តីសប្បាយរីករាយដែលបានប្រារព្ធ​ពិធី​ចុះ​​ហត្ថលេខាសម្រាប់គម្រោងគូសាណូណិ និង​គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន។ លោកសង្ឃឹមថា គម្រោង​ទាំង​នេះនឹងផ្តល់ផលប្រយោជន៍ដោយ​ផ្ទាល់ជូនប្រជាជន​និងសិស្សានុសិស្សនៅ​តាមតំបន់គោលដៅ​ ​ថែម​ទាំងជំរុញ​ទំនាក់ទំនងមិត្តភាព​រវាងប្រទេសជប៉ុន ​និងប្រទេសកម្ពុជាបន្ថែមទៀត។

ប្រធានមន្ទីរអប់រំមកពីខេត្តព្រះវិហារ ប៉ៃលិន និងមណ្ឌលគិរី ដែលទទួលបានជំនួយសម្រាប់សាងសង់អគារសិក្សា បានថ្លែងជំនួយរបស់រដ្ឋាភិបាលជប៉ុន គឺមានសារៈសំខាន់ខ្លាំងក្នុងការរួមចំណែកលើកកម្ពស់ការអប់រំ និងផ្តល់ចំណេះដឹងដល់កូនប្រជាពលរដ្ឋខ្មែឬនៅតាមទៅជនបទ។ ពួកគេបានបញ្ជាក់ដែរថា ជំនួយនេះ ជាសក្ខីភាពបញ្ជាក់ឲ្យឃើញច្បាស់នូវមនោសញ្ចេតនា យកចិត្តទុកដាក់ខ្ពស់ពីរដ្ឋាភិបាល និងប្រជាជនជប៉ុន ចំពោះរដ្ឋាភិបាល និងប្រជាជនកម្ពុជា។

ជំនួយដែលរដ្ឋាភិបាលជប៉ុនបានផ្តល់ជូននេះរួមមាន៖

ទី១៖ គម្រោងសាងសងអគារសិក្សា១ខ្នង នៅសាលាបឋមសិក្សាពើក ក្នុងស្រុកជ័យសែន ខេត្តព្រះវិហារ នូវថវិកាចំនួន ៨៥,៤១៣ដុលា្លរ និង ៦០,៨២០ដុល្លារ ដើម្បីផ្តល់ជូនក្រសួងអប់រំ យុវជន និងកីឡា ខេត្តព្រះវិហារ ដើម្បីកសាងអគារសិក្សានៅសាលាបឋមសិក្សាពើក និងសាលបឋមសិក្សាកក់កន្ថង។ នេះជាសាលាទី៤ និងទី៥ ទទួលជំនួយក្រោមជំនួយគឡូសាណូណិ ក្នុងខេត្តព្រះវិហារ។

ទី២៖ គម្រោងសាងសង់អគារសិក្សា១ខ្នង នៅសាលាបឋមសិក្សាមេម៉ង់ ក្នុងស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី នូវថវិកាចំនួន ៧០,៤៧០ដុល្លារ បានផ្តល់ដល់មន្តីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី។ សាលានេះ គឺជាសាលាដំបូងដែលបានទទួលជំនួយក្រោមជំនួយគឡូសាណូណិ ក្នុងខេត្តមណ្ឌលគិរី។

ទី៣៖ គម្រោងសាងសងអគារសិក្សា១ខ្នង នៅសាមបឋមមត្តេយ្យសិក្សា-បឋមសិក្សា-អនុវិទ្យាល័យប៉ាងរលឹមរតនៈ ក្នុងស្រុកប៉ៃលិន ខេត្តប៉ៃលិន នូវថវិកាចំនួន ៥៧,៣៦៨ដុល្លារ។

និងទី៤៖ គម្រោងអនុវត្តបរិស្ថានរស់នៅប្រកបដោយនិរន្តរភាព តាមរយៈការអប់រំបរិស្ថានតាមបែបអនុវត្ត នៅក្នុងមជ្ឈមណ្ឌលគរុកោសល្យភុមិភាគ នៅកម្ពុជា នូវថវិការចំនួន ១៣១,១៨៩ដុល្លារ៕