(កណ្ដាល)៖ កងរាជអាវុធហត្ថចំណុះឲ្យខេត្ត បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តកណ្តាល ចំនួនជាង២០០នាក់ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ រៀបចំពិធី ផ្តល់ឈាមជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម សម្រាប់ជួយជនរងគ្រោះ ដែលត្រូវការឈាមចាំបាច់។ ពិធីនេះរៀបចំ ធ្វើនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តកណ្តាល។
សមាសភាពចូលរួម រួមមាន៖ លោកមេបញ្ជាការ លោកមេបញ្ជាការរង រងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងក្រុង ស្រុកទាំង១១ ព្រមទាំង នាយទាហាន នាយរងទាហាន នៃកងរាជអាវុធហត្ថចំណុះឲ្យខេត្តកណ្តាល និង ស.ស.យ.ក យុវជនសិស្ស ចំនួនសរុប ២៥៧នាក់។ ក្នុងនោះ កងរាជអាវុធហត្ថ ចូលរួមចំនួន ចូលរួម ២០៦នាក់ យុវជន និងសិស្ស៥១នាក់ បានផ្ដល់ឈាមសរុប១៦៥នាក់ ក្នុងនោះស្រី ២៤នាក់ ដោយឡែក អាវុធហត្ថបានផ្តល់ឈាមចំនួន១០៦នាក់។
លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានលើកឡើងថា អនុវត្តន៍តាមភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និង សង្គ្រោះ ដែលជា យន្តការ ដឹកនាំដ៏មានប្រសិទ្ធភាព របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអនុសាសន៍ ដឹកនាំរបស់លោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្ត ធ្វើឲ្យនាយ-នាយរង នៃកងរាជអាវុធហត្ថខេត្តកណ្តាលទាំងអស់ បានយកអស់ស្មារតីអនុវត្តតួនាទីភារកិច្ច និងមានការទទួលខុសត្រូវ ខ្ពស់ជាពិសេស កម្លាំងកងរាជអាវុធហត្ថ បានត្រៀមរួចជាស្រេច ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលកំពុងខ្វះឈាម និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។
លោកមេបញ្ជាការ បានសង្កត់ធ្ងន់ថា កងរាជអាវុធហត្ថខេត្តកណ្តាល បានធ្វើជាគំរូល្អ និងមានស្នាដៃកិត្តិយសកេរ្ត៍ឈ្មោះល្អ នេះដោយមានការដឹកនាំចង្អុលបង្ហាញពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក បណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល ឲ្យយកចិត្តទុកដាក់ ឈរលើការគោរពបទបញ្ជាការគោរពវិន័យ សាមគ្គី ឯកភាពផ្ទៃក្នុង គោរពតាមឋានានុក្រម ពិសេសមានឆន្ទៈក្នុងការការពារនិងបំរើប្រជាជន។
ជាមួយនោះផងដែរ កងរាជអាវុធហត្ថ ក៏មានតួនាទីយ៉ាងសំខាន់សម្រាប់ ជួយដល់សង្គមទាំងមូល ក្នុងការថែរក្សាការពារ ពង្រឹងសន្តិសុខ ស្ថិរភាពនយោបាយ និងរក្សាសណ្តាប់ធ្នាប់ សាធារណៈ ហើយមកដល់បច្ចុប្បន្ននេះ កងរាជអាវុធហត្ថខេត្តកណ្តាល បានបង្កើតនូវសមទ្ធផលជាច្រើន សម្រាប់អង្គភាពជាពិសេសក្រៅពីការងារស្នូល កងរាជអាវុធហត្ថខេត្ត បានចូលរួមសហការ និងចុះជួយដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា នៅពេលដែលប្រជាពលរដ្ឋមានតម្រូវការ។
សូមបញ្ជាក់ថា ក្នុងពេលកំពុងធ្វើការផ្តល់ឈាមនេះផងដែរ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុមន្ទីរ មេបញ្ជាការ មេបញ្ជាការរង ក្រុងស្រុក ទាំង១១ នាយ-នាយរង អាវុធហត្ថទាំងអស់ បានចូលរួមស្តាប់អនុសាសន៍សំខាន់ៗ របស់លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល ដែលបានផ្តល់កម្លាំងចិត្ត ដល់បងប្អូនចូលរួម ដោយផ្ទាល់ ក្នុងការផ្តល់ឈាមសំរាប់បំរើឲ្យជនរួមជាតិ ដែលមានតំរូវការឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្សនាពេលបច្ចុប្បន្ន និងទៅអនាគត ជាពិសេសលោក មេបញ្ជាការ បានចូលរួម ផ្តល់ឈាមមុនគេ ដើម្បីធ្វើជាគំរូជូនដល់កងកម្លាំងចូលរួមទាំងអស់៕