(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ បានលើកឡើងថា កងរាជអាវុធហត្ថត្រូវ ខិតខំយកចិត្តទុកដាក់ខ្ពស់ លើផ្នែកច្បាប់ វិន័យ បម្រើប្រជាពលរដ្ឋ និងកិច្ចការពារឲ្យបាននូវសន្តិភាព ហើយប្រឆាំងដាច់ខាត រាល់សកម្មភាពការញុះញង់ណាមួយ ដែលបង្កអស្ថិរភាព ចលាចលក្នុងសង្គមជាតិ នាំឱ្យមានបដិវត្តន៍ពណ៌ ដើម្បីការពារភាពសុខសាន្ត ជូនប្រជាពលរដ្ឋរស់នៅក្នុងភាពសុខដុមរមនា។
លោកឧត្តមសេនីយ៍បានថ្លែងបែបនេះ ក្នុងពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ ឆមាសទី២ឆ្នាំ២០១៧ ដល់កងកម្លាំងចំណុះបញ្ជាការដ្ឋានទាំងអស់ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោកឧត្តមសេនីយ៍បានលើកឡើងថា «យើងជាយោធា ជាច្បាប់ ត្រូវស្មោះត្រង់ចំពោះជាតិ លើកកម្ពស់មនសិការស្នេហាជាតិ គោរពច្បាប់ និងគោរពឲ្យម៉ឺងម៉ាត់ នូវលក្ខន្តិកៈរបស់កងយោធពលខេមរភូមិន្ទ និងបទបញ្ជារបស់រាជរដ្ឋាភិបាល រួមទាំងភារកិច្ចដែលថ្នាក់លើបានប្រគល់ជូន, ត្រូវចូលរួមថែរក្សា ការពារសន្តិភាព ឲ្យបានរឹងមាំ ប្រឆាំងដាច់ខាតនូវបដិវត្តន៍ពរណ៍ និងរួមថែរក្សាការពារសន្តិភាព ឱ្យបានរឹងមាំ ដើម្បីទទួលបានឱកាសល្អកាន់តែច្រើនថែមទៀត ក្នុងការកសាងជីវិតរស់នៅ ឲ្យកាន់តែប្រសើរឡើង។
លោកមេបញ្ជាការបន្ថែមទៀតថា ត្រូវបន្តប្រឹងប្រែងយកចិត្តទុកដាក់រៀនសូត្រ តាមគ្រប់រូបភាព ដូចជាតាមប្រព័ន្ធ Internet និងត្រូវចេះប្រើប្រាស់ whatapp & telegram និងមានសេចក្តីអំណត់តស៊ូខិតខំប្រឹងប្រែង ទទួលយកចំណេះដឹងឲ្យបានច្រើន។ ត្រូវរៀបចំផែនការយុទ្ធសាស្ត្រតម្រង់ទិស និងគោលដៅមួយឲ្យបានច្បាស់លាស់ សំដៅទទួលបានជោគជ័យ ប្រឹងប្រែងស្តាប់ការអប់រំ ណែនាំពីសំណាក់គ្រូបង្គោលឈាន ប្រែក្លាយ និងអប់រំបន្តដល់មន្ត្រីក្រោមឱវាទថែមទៀត និងត្រូវចេះចាប់យកចំណុចគន្លឹះសំខាន់ៗ ដែលរៀមច្បងយើង និងគ្រូបង្គោលដើម្បីយកទៅអនុវត្តក្នុងការបំពេញភារកិច្ច បន្តការស្រាវជ្រាវផងធ្វើការផង ដើម្បីអភិវឌ្ឍខ្លួនឯងឱ្យបានជោគជ័យ ក្នុងអាជីពយោធា និងអនុវត្តច្បាប់ ។
មេបញ្ជាការ បានជំរុញឲ្យពង្រឹងការងារអប់រំចិត្តសាស្ត្រជាប្រចាំ ដល់អ្នកក្រោមឱវាទ ត្រូវយកចិត្តទុកដាក់ស្រាវជា្រវរាល់មុខសញ្ញា បង្ក្រាបឲ្យទាន់ពេលវេលាគ្រប់បទល្មើស។ តាមដានការវិវឌ្ឍន៍ នៃសភាពការណ៍ថ្មីៗ រាល់គ្រប់សកម្មភាព និងរក្សាតម្លៃកេរ្តិ៍ឈ្មោះឲ្យបានល្អ ជាកងរាជអាវុធហត្ថស្របតាមពាក្យស្លោក «នៅឲ្យគេស្រឡាញ់ ចេញឲ្យគេរលឹក»៕