(ភ្នំពេញ)៖ តារាសម្ដែងមានសម្រស់ស្រស់ស្អាត ពីធម្មជាតិ ថ្ពាល់ខួចទាំងសង កញ្ញា ម៉ាក សែនសូនីតា ថ្មីៗនេះត្រូវបានមជ្ឈដ្ឋានអ្នកសិល្បៈ និងទស្សនិកជនដឹងគ្រប់គ្នាថា នាងបានបើកហាងលក់ គ្រឿងសមុទ្រស្រស់ៗមួយកន្លែង ស្ថិតនៅខាងក្រោយសណ្ឋាគារ ឡឺប្រេស៊ីដង់ ក្នុងខណ្ឌទួលគោក ដោយបានធ្វើពិធីបើកសម្ពោធ ជាផ្លូវការនាយប់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ខណៈដែលការបើកហាងលក់ និងចែកចាយគ្រឿងសមុទ្រនេះ ត្រូវបានគេដឹងថា មានការជួយជ្រោមជ្រែង ពីសំណាក់បុរសជាគូស្នេហ៍របស់នាង ដែលគេស្គាល់ថា គឺលោក ប៉ុល វិបូ ហៅនីត អតីតអគ្គនាយករងស្ថានីយទូរទស្សន៍ CTN និងបច្ចុប្បន្ន ជាចាងហ្វាងផលិតកម្ម Angkor Picture។
ក្នុងពិធីបើកសម្ពោធលក់ជាផ្លូវការ កាលពីយប់មិញនេះ គេសង្កេតឃើញថា មានអ្នកសិល្បៈជិតស្និទ្ធចូលរួមយ៉ាងច្រើនកុះករ ទាំងអ្នកធ្លាប់ស្គាល់កញ្ញា ម៉ាក សែនសូនីតា និងទាំងអ្នកស្គាល់លោក នីត ដោយត្រូវបានអញ្ជើញចួលរួមញ៉ាំ ដោយសេរី។ ក្នុងនោះតារាសម្ដែងល្បីៗ ចូលរួមមានដូចជា លោក យ៉ែម សំអូន, លោក អេឡិច ចាន់ត្រា, លោក ជា វណ្ណារិទ្ធ និងភរិយា, អ្នកនាង សារាយ សក្ខណា និងស្វាមី, កញ្ញា មាន សូនីតា , កញ្ញា នៅ សូនីតា, កញ្ញា វណ្ណ វលក្ខណ៍, កញ្ញា គង់ វង្សយ៉ាទី ព្រមទាំងតារាល្បីៗ ជាច្រើនដួងទៀត។
តារាសម្ដែងមានវង់ភ័ក្រ្ត ជានារីខ្មែរអង្គរ កញ្ញា ម៉ាក សែនសូនីតា បានថ្លែងប្រាប់ Fresh News ទាំងទឹកមុខសប្បាយរីករាយ ញញឹមបិទមាត់មិនជិតថា ហាងថ្មីដែលជាមុខជំនួញលក់ និងចែកចាយគ្រឿងសមុទ្រ មានឈ្មោះថា «ផែសមុទ្រ» គឺជាការបណ្ដាក់ទុនរួមគ្នារវាងនាង និងលោក ប៉ុល វិបូ ហៅនីត ដោយបានប្រើដើមទុន ប្រមាណ៣ទៅ៤ម៉ឺនដុល្លារ ហើយជាហាងទី១របស់នាង ខណៈដែលសាខាផ្សេងៗជាច្រើនទៀត នឹងត្រូវបើកជាបន្តបន្ទាប់ ប្រសិនបើជំនួញនេះជោគជ័យ។
ម៉ាក សែនសូនីតា និយាយថា «ចា៎..បង បើនិយាយថា ចូលហ៊ុនគ្នាជាមួយបង នីត ក៏ថាបាន ព្រោះគាត់ជាអ្នកផ្ដួចផ្ដើម ឲ្យខ្ញុំបើកហាងលក់គ្រឿងសមុទ្រនេះ ហើយនៅទីនេះ គឺមានលក់គ្រឿងសមុទ្រស្រស់ៗ គ្រប់មុខទាំងអស់ ហើយបើជោគជ័យ មានអ្នកគាំទ្រច្រើន ខ្ញុំនឹងពង្រីកសាខាបន្ថែមទៀត។ ខ្ញុំគិតថា សព្វថ្ងៃបងប្អូនមានការរវល់ច្រើន ចេញពីធ្វើការយប់ៗ ដូច្នេះពេលគាត់ចង់ញ៉ាំគ្រឿងសមុទ្រ គាត់មិនបាច់ទៅដល់សមុទ្រក៏បាន ព្រោះនៅទីនេះ គឺមានគ្រឿងសមុទ្រស្រស់ៗ ចំអិនក្ដៅៗ លក់ជូនភ្លាមៗ ទទួលពីម៉ូយមកស្រស់ៗ តែម្ដង!»។
ដោយឡែក លោក ប៉ុល វិបូ ហៅនីត ដែលអាចនិយាយបានថា ជាគូស្នេហ៍របស់តារាសម្ដែង ម៉ាក សែនសូនីតា បានថ្លែងឲ្យដឹងថា លោកបានមើលឃើញ ពីតម្រូវការទីផ្សារ នៃការញ៉ាំអាហារបែបគ្រឿងសមុទ្រ មានការកើនឡើងខ្ពស់ ជាពិសេសអ្នករស់នៅក្នុងទីក្រុងភ្នំពេញ ហើយគោលដៅរបស់លោក គឺក្នុង១ខណ្ឌ ត្រូវតែមាន «ផែសមុទ្រ» មួយ ដើម្បីបំពេញសេចក្ដីត្រូវការ និងបំរើអាហារសមុទ្រឲ្យទាន់ពេលវេលា និងគ្រប់គ្រាន់។
លោកបន្ថែមថា ជុំវិញរឿងដែលលោកសម្រេចចិត្តឲ្យ កញ្ញា ម៉ាក សែនសូនីតា ជាអ្នកមើលការខុសត្រូវហាងនៅពេលនេះ ព្រោះតែលោកយល់ឃើញថា នាងជាមនុស្សឆ្លាត មានទេពកោសល្យក្នុងការរកស៊ី។ ជាក់ស្ដែងពេលនាងប្រកាសលក់ តាមបណ្ដាញអនឡាញ ឃើញមានអ្នកកុម្ម៉ង់ទិញច្រើន និងសួររកកន្លែងចំអិន ទើបលោកពិភាក្សាគ្នា សម្រេចបើកជាហាងតែម្ដង។ ម្យ៉ាងវិញទៀត លោកមើលឃើញពីភាពជោគជ័យ ក្នុងការងារសិល្បៈរបស់នាង ដែលកេរ្តិ៍ឈ្មោះនេះ អាចជាចំណែកមួយជួយឲ្យអាជីវកម្ម ទទួលបានជោគជ័យ ដូចទៅនឹងអាជីពសិល្បៈរបស់នាងដែរ។
យ៉ាងណាមិញលោក ប៉ុល វិប៉ូ បានទទួលស្គាល់ថា រវាងលោក និងតារាសម្ដែងរូបស្រស់ កូនកាត់ខ្មែរអង្គរពិតៗ នាង ម៉ាក សែនសូនីតា ពិតជាមានលក្ខណៈស្និទ្ធស្នាល នឹងគ្នាពិតមែន ប៉ុន្តែការស្និទ្ធស្នាលនោះ ស្ថិតនៅក្នុងកម្រិតណា លោកសុំមិននិយាយឲ្យស៊ីជម្រៅទេ ដោយលោកអះអាងថា នេះជារឿងឯកជនរបស់មនុស្សម្នាក់ៗ ពោលគឺលោកមិនចង់អត្ថាធិប្បាយអ្វី ឲ្យវែងឆ្ងាយឡើយ៕