(ស្វាយរៀង)៖​ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សាខាកាំកុងត្រូលខេត្តស្វាយរៀង សហការជាមួយមន្ទីរពាណិជ្ជកម្ម គណៈគ្រប់គ្រងសាលា និងអាជ្ញាធរដែនដី បានចុះធ្វើការត្រួតពិនិត្យ គុណភាពទំនិញ និងពន្យល់ណែនាំ របៀបជ្រើសរើសអាហារដែលមានសុវត្ថិភាព ដល់អាជីវករលក់ដូរ និងប្រជាពលរដ្ឋព្រមទាំងធ្វើតេស្តឃីត លើត្រីសាច់មួយចំនួននៅវិទ្យាល័យ ហ៊ុន​ សែន សាមគ្គី ដូនស ស្ថិតក្នុងស្វាយជ្រុំ ដោយមានការចូលរួមពី សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ព្រមទាំងគណៈគ្រប់គ្រងសាលា សរុបជាង៥០០នាក់។

លោក ណាល់ វិចិត្រ ប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀង បានថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មាន Fresh News ប្រចាំខេត្តស្វាយរៀង ឲ្យដឹងថា ការផ្សព្វផ្សាយនូវចំណេះដឹងជាមូលដ្ឋានអំពី «សុវត្ថិភាពម្ហូបអាហារ» នៅពេលនេះមានសារសំខាន់ចាំបាច់ណាស់ក្នុងសង្គម និងជីវភាពប្រចាំថ្ងៃ គឺធ្វើឡើងស្របគ្នានឹងការកំណត់យក «សុវត្ថិភាពចំណីអាហារ» ជាអាទិភាពទី១៖ សម្រាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសជាតិរបស់រាជរដ្ឋាភិបាល ក៏ដូចជាយុទ្ធសាស្ត្របញ្ជ្រាប​ចំណេះ​ដឹងអំពី «សុវត្ថិភាពចំណីអាហារ» ទូទាំង២៥ រាជធានី-ខេត្ត ក្រុង ដែលដាក់ចេញដោយអគ្គនាយកដ្ឋាន កាំកុងត្រូល។

លោក ណាល់ វិចិត្រ បានបន្តថា ការទទួលខុសត្រូវលើ «សុវត្ថិភាពម្ហូបអាហារ» គឺជាការទទួលខុសត្រូវរួមគ្នា ទាំងស្ថាប័នជំនាញទាំងអ្នកនាំចូលទាំង អ្នកផលិតទាំងអ្នកចែកចាយរួមទាំងយើងទាំងអស់គ្នាជាអ្នកប្រើប្រាស់ផងដែរ ព្រោះសុខភាព គឺជាកត្តាចំបងនៃភាពរស់រាននៃជីវិត។

ជាមួយគ្នានោះ មន្ត្រីកាំកុងត្រូល បានធ្វើការបិទស្ទីកឃ័រ និងបង្ហាញដល់អាជីវករ ក៍ដូចជាប្រជាពលរដ្ឋនូវរបៀបមើលថ្ងៃខែកំណត់នៃការបរិច្ឆេទ និងការជ្រើសរើសផលិតផលម្ហូបអាហារ ដែលមានសុវត្ថិភាពសម្រាប់ទទួលទាន និងបានធ្វើការអប់រំ ក៏ដូចជាណែនាំដល់អាជីវករឲ្យដាក់តាំងលក់ ទំនិញដែលមានគុណភាពល្អ មានស្លាកសញ្ញាត្រឹមត្រូវ និងហាមដាច់ខាត ទំនិញដែលគ្មានកាលបរិច្ឆេទច្បាស់លាល់ជាពិសេសហួសកាលបរិច្ឆេទ ប្រើប្រាស់ដែលខុសពីបទបញ្ញតិនៃច្បាប់៕