(កណ្តាល)៖ កម្លាំងជលផលស្រុកស្អាង សហការជាមួយគណៈបញ្ជាការឯកភាពស្រុកស្អាង ខេត្តកណ្តាល បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសជលផល នៅចំណុចបឹងព្រែកគ្រួស និងស្ទឹងកូនជ្រែ ក្នុងឃុំព្រែកអំបិល ដោយដកហូតបានវត្ថុតាងលូស្បែមុង និងសម្ភារពាក់ព័ន្ធជាច្រើនដុតកំទេចចោល នៅនឹងកន្លែង។

លោក វ៉ិត ធារិទ្ធ នាយខណ្ឌជលផលខេត្តកណ្ដាល បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះថា ប្រតិបត្តិការចុះបង្ក្រាបនេះ កម្លាំងជលផលសហការជាមួយ កម្លាំងប្រដាប់អាវុធស្រុកស្អាង ចុះរុះរើរបាំងស្បៃមុង ចោលទាំងស្រុងធ្វើឲ្យប្រជាពលរដ្ឋ មានការសប្បាយចិត្តយ៉ាងខ្លាំង ហើយរបាំងស្បៃមុងនេះ បង្កប៉ះពាល់ដល់ធនធានមច្ឆាជាតិជាពិសេសប៉ះពាល់ដល់ ការប្រកបរបរស្រូវប្រាំង របស់ប្រជាកសិករនោះដោយសារស្ទះផ្លូវ​ទឹកមិនងាយបានធ្វើ និងអាចបង្កឲ្យលិចលង់ក្រោយសាបព្រោះរួចដោយសារ ជំនន់ទឹកភ្លៀងព្រោះកាល ពីឆ្នាំ២០១៦ ពួកគាត់ជួបម្តងរួចមកហើយ បង្កឲ្យខូចខាតស្រែប្រាំង រាប់ម៉ឺនហិចតាដោយសាររបាំងស្បៃមុងនេះ។

លោក វ៉ិត ធារិទ្ធិត បានបន្តថា ចំពោះបទល្មើសនេសាទនៅចំណុចបឹងព្រែកគ្រួស និងស្ទឹងកូនជ្រែ ក្នុងឃុំព្រែកអំបិលនេះ លោកតែងតែណែនាំ ដល់មន្ត្រីថ្នាក់ក្រោមឲ្យយកចិត្តទុកដាក់ ចុះទៅពន្យល់ពួកគាត់ឲ្យបានយល់ពីផលប៉ះពាល់ដោយសារ ការប្រើឧបករណ៍នេសាទខុសច្បាប់ ជាពិសេសពាក់ព័ន្ធទៅនឹងផ្លូវច្បាប់អាច និងមានទោសទណ្ឌទៀតផង ហើយលោកនាយសង្កាត់ជលផលស្រុកស្អាង បានចុះទៅសហការជាមួយ អាជ្ញាធរអញ្ជើញបងប្អូនអ្នកនេសាទខុសច្បាប់ទាំងនោះមកណែនាំ និងធ្វើកិច្ចសន្យាប៉ុន្តែដោយសារ តែក្រុមអ្នកនសាទ ទាំងនោះនៅតែបន្ត គឃ្លើនទើបប្រើធម៌ក្តៅកំទេចចោលតែម្តងទៅ។

លោក វ៉ិត ធារិទ្ធិត បានបញ្ជាក់ថា នៅចំណុចព្រែកគ្រួសបង្ក្រាបរបាំងស្កាត់ព្រែកបាន៨កន្លែង បង្គោលតូច ធំ ៥៦០ដើម ព្រួលឬស្សី៦០ផែន ព្រួលស្បៃមុង៦៤០ម៉ែត្រ និងនៅចំណុចព្រែកកូនជ្រែប ធ្វើការរុះរើរបាំងស្កាត់ព្រែក ចំនួន៦កន្លែង ដកបង្គោលតូច ធំ បាន៣២០ដើម ព្រួលស្បៃមុង ប្រវែង២៥០ម៉ែត្រ ព្រួលឬស្សីចំនួន២៨ផែន រួចយកទៅដុតកំទេចចោលផងដែរ។

ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមានការសប្បាយចិត្តយ៉ាងខ្លាំង និងថ្លែងអំណរគុណចំពោះការខិតខំយកចិត្តទុកដាក់របស់កម្លាំងជំនាញជាពិសេស លោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល និងលោក ញឹម វណ្ណឌឹន អភិបាលស្រុកស្អាង ផងដែរ៕