(ភ្នំពេញ)៖ អគារ៤២ជាន់ «Golden Tower 42th» ដែលគេឮថាជាអគារខ្ពស់ជាងគេនៅកម្ពុជា ជាប់ស្ដុតពេទ្យចិននោះ នឹងដំណើរការសាងសង់ឡើងវិញក្នុងពេលឆាប់ៗនេះ ក្រោយផ្អាកបណ្តោះអាសន្នកាលពីឆ្នាំ២០០៨។ បើតាមការប្ដេជ្ញារបស់ប្រធានក្រុមហ៊ុនម្ចាស់អគារ៤២ជាន់នេះ។
សំណង់អាគារខ្ពស់ទី១នេះ ត្រូវបានផ្អាកដំណើរការសាងសង់របស់ខ្លួនទាំងស្រុង បន្ទាប់ពីទទួលរងនូវវិបត្តិហិរញ្ញវត្ថុសកល ឆ្នាំ២០០៨។
ថ្វីត្បិតតែវិបត្តិហិរញ្ញវត្ថុសកលលោកបានអូសបន្លាយ អស់រយៈពេលជាច្រើនឆ្នាំក៏ដោយ ក៏ក្រុមហ៊ុន Yon Woo (Cambodia) Co., Ltd មិនបានចាកចេញពីវិស័យសំណង់នេះឡើយ ដោយក្រុមហ៊ុននៅតែមានក្តីជឿជាក់យ៉ាងមុតមាំថា វិស័យសំណង់នៅកម្ពុជានឹងមានសន្ទុះងើបឡើងវិញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ក្រុមហ៊ុន Yon Woo (Cambodia) Co., Ltd នៅតែបន្តខិតខំស្វែងរកគ្រប់មធ្យោបាយដោះស្រាយរាល់បញ្ហាប្រឈមមុខទាំងអស់ ដើម្បីអាចសម្រេចតាមបំណងប្រាថ្នា ក៏ដូចជាពាក្យសន្យាដែលខ្លួនបានសន្យាជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងមក។
សំណង់អាគារខ្ពស់នេះ មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីព្រះសីហនុ កែងមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ម្ចាស់ក្រុមហ៊ុន Yon Woo ក៏បានស្នើសុំឲ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ មេត្តាអធ្យាស្រ័យ និងផ្តល់ឱកាសឲ្យក្រុមហ៊ុនក្នុងការបន្តការសាងសង់ ដើម្បីសម្រេចបានតាមបំណងប្រាថ្នា ក៏ដូចជាពាក្យសន្យារបស់ខ្លួនឡើងវិញម្តងទៀត៕