(កំពង់ចាម)៖ កម្លាំងនគរបាលខេត្តកំពង់ចាម បានបង្ក្រាបក្រុមគ្រឿងញៀនបាន១០នាក់ នៅស្រុកបាធាយ និងស្រុកកំពង់សៀមរាប និងដកហូតបានថ្នាំញៀនមួយចំនួន នៅពេញមួយថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧, នេះបើតាមលោកឧត្តមសេនីយ៍ត្រី ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកានេះ។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ករណីទី១៖ នៅវេលាម៉ោង៤រសៀល ថ្ងៃទី២១ ខែវិច្ឆិកា នៅចំណុចភូមិស្វាយពក ឃុំបាធាយ ស្រុកបាធាយ ជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលជើងព្រៃ និងស្រុកបាធាយ ដឹកនាំដោយលោកវរសេនីយ៍ត្រី ជីវ សេងរស់ នាយរងការិយាល័យប្រឆាំងគ្រឿងញៀន ប្រតិបត្តិការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយប្រើវិធានញុះញង់ ឃាត់ខ្លួនជនសង្ស័យ០២នាក់ និងដកហូតបាន ម្សៅក្រាមពណ៌សចំនួន៤២កញ្ចប់ លុយ៨០,០០០រៀល ម៉ូតូ០១គ្រឿង ទូរស័ព្ទដៃ០១គ្រឿង។ បន្ទាប់ពីឃាត់ខ្លួនមុខសញ្ញាចែកចាយ០២នាក់ខាងលើ មានមុខសញ្ញាប្រើប្រាស់បានទូរស័ព្ទ មកទិញថ្នាំញៀនបន្តបន្ទាប់មាន ៤នាក់ផ្សេងទៀត ហើយក៏ត្រូវបង្ក្រាបបាន និងដកហូតបាន ទូរស័ព្ទ០៦គ្រឿង ម៉ូតូ០៣គ្រឿង ប្រាក់រៀល១០០,០០០រៀល។
ករណីទី២ នៅវេលាម៉ោង៧យប់ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកំពង់សៀម សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម ដឹកនាំដោយលោកវរសេនីយ៍ទោ ឯក ប៉ាន់ដន អធិការនគរបាលស្រុកកំពង់សៀម និងលោកវរសេនីយ៍ទោ អ៊ឹម ស៊ាងឌី នាយការិយាល័យប្រឆាំងគ្រឿងញៀម ចុះប្រតិបត្តិការបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (វិធានញុះញង់) នៅចំណុចក្រោមស្ពានគីហ្សូណា ភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់។
ដោយឡែកករណីទី៣ លោកស្នងការបញ្ជាក់ថា នៅវេលាម៉ោង០៩៖៣០នាទីយប់ នៅចំណុចភូមិជាលាឃុំជាលា ស្រុកបាធាយ ជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលជើងព្រៃ និងស្រុកបាធាយ ដឹកនាំដោយលោកវរសេនីយ៍ត្រី ជីវ សេងរស់ នាយរងការិយាល័យប្រឆាំងគ្រឿងញៀន ប្រតិបត្តិការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយប្រើវិធានញុះញង់ ឃាត់ខ្លួនជនសង្ស័យម្នាក់។
បច្ចុប្បន្នជនសង្ស័យទាំងអស់នេះ ត្រូវបានកម្លាំងការិយាល័យជំនាញ កំពុងរៀបចំសំណុំរឿងដើម្បីចាត់ការបន្ដតាមច្បាប់៕