(ភ្នំពេញ)៖ យោងតាមរបាយការណ៍ថ្មីមួយរបស់ធនាគារពិភពលោក (WB) នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា កំណើននៃការនាំចេញស្បែកជើង គ្រឿងម៉ាស៊ីនអគ្គិសនី បរិក្ខារ និងគ្រឿងបន្លាស់យានយន្ដ បានជួយធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា រក្សាបាននូវភាពរឹងមាំ ខណៈដែលមានការថមថយតិចតួចមកនៅត្រឹម៦,៨ ភាគរយ នៅក្នុងឆ្នាំ២០១៧ ធ្រៀបនឹងឆ្នាំ២០១៦ ដែលមានអត្រា៧ភាគរយ។
យោងតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាចុងក្រោយ ដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានកត់សម្គាល់ថា ការនាំចេញសម្លៀកបំពាក់ និងផលិតផលវាយណភ័ណ្ឌដទៃទៀត មានបរិមាណមធ្យម ក៏ប៉ុន្ដែទស្សនវិស័យរយៈពេលមធ្យម នៅតែមានភាពវិជ្ជមាន ដោយសារតែកំណើនលើការនាំចេញច្រើនប្រភេទទំនិញ និងលំហូរចូលដ៏ល្អនៃវិនិយោគទុនផ្ទាល់ពីបរទេស។
លោកស្រី អ៊ីហ្គូណា ដូប្រាចា នាយិកាគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា បានថ្លែងថា «ប្រទេសកម្ពុជាស្ថិតនៅត្រង់ចំណុចមួយ ដែលបោះជំហានឈានឡើង ក្នុងខ្សែសង្វាក់តម្លៃ វិស័យកម្មន្ដសាលមានការកើនឡើង ដូចជា ពីការកើនតែផ្នែកកាត់ដេរ មកកើនផ្នែកអគ្គិសនី និងគ្រឿងបម្លាស់យានយន្ដ ហើយនោះគឺជាការអភិវឌ្ឍមួយដែលប្រកបដោយក្ដីសង្ឃឹម»។
លោកស្រី បន្ដទៀតថា «ដើម្បីទទួលបានជោគជ័យក្នុងការបង្កើនការវិនិយោគ និងពង្រីកការនាំចេញច្រើនប្រភេទទំនិញ កម្ពុជាចាំបាច់ត្រូវធ្វើកំណែទម្រង់រចនាសម្ព័ន្ធ ឲ្យបានកាន់តែស៊ីជម្រៅជាងនេះបន្ថែមទៀត ដែលជួយដោះស្រាយទៅនឹងថ្លៃចំណាយខ្ពស់ លើអគ្គិសនីនិងភស្ដុតាង ព្រមទាំងគម្លាតនៃជំនាញ»។
កំណើនសេដ្ឋកិច្ចពិតប្រាកដ ត្រូវបានគេរំពឹងថា នឹងនៅតែមានភាពរឹងមាំ គឺកើនឡើងដល់ ៦,៩ ភាគរយ នៅក្នុងឆ្នាំ២០១៨។ ក៏ប៉ុន្ដែ ការធ្លាក់ចុះដែលអាចកើតឡើង នៃសេដ្ឋកិច្ច នៅក្នុងតំបន់ ជាពិសេស នៅក្នុងប្រទេសចិន និងភាពមិនប្រាកដប្រជាដែលអាចកើតមានឡើងទាក់ទងនឹងការបោះឆ្នោត បង្កនូវហានិភ័យចំពោះទស្សនវិស័យនេះ។
ដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញពីវិស័យទេសចរណ៍ (ចំនួនមកដល់នៃអ្នកទេសចរណ៍ មិនស្ថិតថេរ) របាយការណ៍នេះ ស្នើបង្កើនសក្ដានុពលវិស័យទេសចរណ៍ តាមរយៈការបង្កើនតំបន់គោលដៅនឹងផលិតផលសម្រាប់អ្នកទេសចរណ៍ និងតាមរយៈតភ្ជាប់ទំនាក់ទំនងគ្រួសារនៅជនបទទៅនឹងខ្សែសង្វាក់ផ្គត់ផ្គង់វិស័យទេសចរណ៍។
របាយការណ៍នេះ ក៏បានផ្ដល់អនុសាសន៍ផងដែរ ឲ្យផ្ដល់នូវការគាំទ្របន្ថែមទៀត ដល់កសិករនានាដែលបានទទួលរងផលប៉ះពាល់ ដោយសារតែតម្លៃកសិផលធ្លាក់ថ្លៃ ដែលកំពុងតែខិតខំស្វែងរកឱកាសប្រសើរជាងនេះ ដើម្បីចូលរួមទៅកាន់ទីផ្សារ និងបង្កើនផលិតកម្មឲ្យបានច្រើនប្រភេទ។
របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា គឺជារបាយការណ៍ប្រចាំឆមាស ដែលផ្ដល់ជូននូវព័ត៌មានថ្មីៗ ទាក់ទងនិងការអភិវឌ្ឍម៉ាក្រូសេដ្ឋកិច្ចនៅកម្ពុជា ទាំងរយៈពេលខ្លី និងរយៈពេលមធ្យម៕