(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ការអំពាវនាវរបស់មេដឹកនាំអតីតគណបក្សសង្រ្គោះជាតិ ឲ្យបរទេសឈប់ទិញសម្លៀកបំពាក់ ស្បែកជើង និងទំនិញដទៃទៀតរបស់កម្ពុជា មិនមែនជាការសម្លាប់សម្តេចនោះទេ គឺជាការសម្លាប់កម្មករ និងប្រជាពលរដ្ឋទៅវិញនោះទេ។ (សូមទស្សនាវីដេអូ និងស្តាប់ប្រសាសន៍របស់សម្តេចនៅខាងលើ)

នៅចំពោះកម្មករ កម្មការិនីជាង១ម៉ឺននាក់ក្នុងកិច្ចសំណេះសំណាលនាព្រឹកថ្ងៃពុធ ៤រោច ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចនាយករដ្ឋមន្រ្តី ក៏បានឲ្យកម្មករ កម្មការិនី កត់ចំណាំថា ប្រសិនបើមានការកាត់បន្ថយការទិញទំនិញរបស់កម្ពុជាណាមួយ គឺជាទង្វើរបស់បក្សប្រឆាំង ដែលយកកម្មករធ្វើជាចំណាប់ខ្មាំងបិទបាំងការប្រព្រឹត្តទង្វើខុសច្បាប់របស់ខ្លួន។​

សម្ដេចតេជោ ហ៊ុន សែន មានថ្លែងយ៉ាងដូច្នេះ «​បក្សប្រឆាំងគេបានទៅអំពាវនាវ ហើយឥលូវកំពុងតែបន្ដអំពាវនាវឲ្យប្រទេសក្រៅបញ្ឈប់ការទិញទំនិញពីកម្ពុជា ខ្លួនឯងធ្វើខុសច្បាប់គេកាត់ទោស ខ្លួនឯងទៅអំពាវនាវ តើសម្លាប់ ហ៊ុន សែន ឬក៏សម្លាប់នរណា។ ក្មួយចាំឲ្យច្បាស់បើមានការកាត់បន្ថយការបញ្ជាទិញណាមួយ គឺជាកំហុសរបស់ពួកបក្សប្រឆាំងទាំងអស់ វាមិនមែនស្លាប់ ហ៊ុន សែន ទេ តែមានស្លាប់កម្មករ»

បើទោះបីក្រុមអតីតបក្សប្រឆាំងអំពាវនាវយ៉ាងនេះក្ដី សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានបង្ហាញជំនឿថា ប្រទេសបញ្ជាទិញទំនិញរបស់កម្ពុជាមានការ​យល់ច្បាស់ ​ពីសេចក្ដីត្រូវការរបស់ប្រជាជនកម្ពុជា ហើយប្រទេសកម្ពុជាមួយនេះ មានទំនាក់ទំនងជាដៃគូរពាណិជ្ជកម្មជាមួយប្រទេសនានា នៅក្នុងក្របខណ្ឌតំបន់ និងក្របខណ្ឌអន្ដរជាតិផងដែរ។

​សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ឡើងវិញផងដែរថា អ្វីដែលសម្រេចបានរាល់ថ្ងៃនេះ ដោយរាប់ទាំងការតម្លើងប្រាក់ឈ្នួលដល់កម្មករ និងការឧបត្ថម្ភផ្សេងៗជាច្រើន មិនមែនកើតចេញពីក្រុមបក្សប្រឆាំងស្នើនោះទេ ពោលគឺកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

បក្សប្រឆាំងគ្មានបានជួយអ្វីដល់ប្រទេសជាតិនោះទេ មានតែការបំផ្លេចបំផ្លាញជាតិទៅវិញ ជាក់ស្ដែងដូចជាការអំពាវនាវឲ្យបរទេសកាន់បន្ថយ ការទិញទំនិញនេះជាដើម»។ នេះជាការបញ្ជាក់បន្ថែម​របស់ សម្ដេចតេជោ នាយករដ្ឋមន្ដ្រី។

ជាមួយគ្នានេះ សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏បានលើកឡើងថា ​បច្ចុប្បន្ននេះ​ជាភ័ព្វសំណាង ដែលកម្ពុជាបានរកឃើញក្រុមជនក្បត់ជាតិឱនក្បាលបម្រើប្រយោជន៍បរទេស ដើម្បីបំផ្លាញ​ប្រយោជន៍ជាតិ ហើយប្រសិនបើសម្តេចបានដឹងពីផែនការ និងគម្រោងរបស់ក្រុមក្បត់ជាតិនេះ គឺសម្តេចនឹងកម្ចាត់តាំងពីយូរណាស់មកហើយ៕