(ភ្នំពេញ)៖ លោក សុខ រដ្ឋា អតីតបុគ្គលិកវិទ្យុអាស៊ីសេរី ដែលគេស្គាល់ឈ្មោះក្រៅថា «រដ្ឋា វិសាល» នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានអំពាវនាវឱ្យ សហរដ្ឋអាមេរិក និងថ្នាក់ដឹកនាំវិទ្យុអាស៊ីសេរី (RFA) ទទួលខុសត្រូវ ហើយផ្តល់នូវប្រាក់អតីតភាពការងារ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗដល់រូបលោក ក្រោយពេលដែលវិទ្យុនេះ បញ្ចប់កិច្ចសន្យាការងារមុនការកំណត់ ហើយពុំបានធ្វើតាមការសន្យារបស់ខ្លួន។
ក្នុងសន្និសីទកាសែត នៅភោជនីយដ្ឋាន Park Cafe ខាងមុខមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកានេះ លោក សុខ រដ្ឋា ហៅ រដ្ឋា វិសាល បានរៀបរាប់ថា លោកបានបម្រើ ការងារជាមួយវិទ្យុអាស៊ីសេរី រយៈពេល១៣ឆ្នាំ ហើយនៅខែកញ្ញា ឆ្នាំ២០១៧ ក្រុមប្រឹក្សាភិបាលការផ្សាយនៃវិទ្យុអាស៊ីសេរី បានសម្រេចបិទ ការិយាល័យនៅភ្នំពេញ ដោយបញ្ចប់កិច្ចសន្យាការងារទាំងអស់នៅកម្ពុជា ហើយសន្យាថា នឹងផ្តល់ប្រាក់អត្ថប្រយោជន៍ដល់រូបលោក និងបុគ្គលិកអាស៊ីសេរី ផ្សេងៗទៀត។
លោក រដ្ឋា វិសាល អតីតបុគ្គលវិទ្យុអាស៊ីសេរី ប្រចាំនៅខេត្តរតនគិរី បានបន្តទៀតថា រហូតដល់ពេលនេះ មានរយៈពេល២ខែហើយ ដែលលោកបានរង់ចាំ ប្រាក់អត្ថប្រយោជន៍របស់លោក ដែលមិនទាន់ត្រូវបានផ្តល់ជូននៅឡើយទេ ខណៈដែលបុគ្គលិកផ្សេងទៀតរបស់វិទ្យុនេះ គ្រប់គ្នាទទួលបានអស់ហើយ លើកលែងតែលោកម្នាក់ប៉ុណ្ណោះ។
លោក រដ្ឋា វិសាល បានបញ្ជាក់យ៉ាងដូច្នេះថា៖ «រហូតមកទល់ពេលនេះ យើងខ្ញុំចាំ អស់រយៈពេល២ខែមកហើយ គណៈគ្រប់គ្រងវិទ្យុអាស៊ីសេរី មិនទាន់បាន ផ្តល់ប្រាក់អត្ថប្រយោជន៍ការងារ មកឱ្យខ្ញុំដូចការសន្យាទេ ហើយបានកាត់ខ្ញុំ ចេញពីបញ្ជីឈ្មោះនៃអ្នកដែលត្រូវទទួលបានប្រាក់អត្ថប្រយោជន៍នេះ»។
លោក រដ្ឋា វិសាល បានចាត់ទុកថា ការសម្រេចបែបនេះ គឺជារឿងអយុត្តិធម៌ណាស់ សម្រាប់រូបលោក។ លោកអះអាងថា ប្រាក់អត្ថប្រយោជន៍ ដែលោកត្រូវទទួលបាននោះ មានចំនួនសរុប២៨០០០ដុល្លារសហរដ្ឋអាមេរិក។
សូមបញ្ជាក់ថា កាលពីខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅនេះ វិទ្យុអាស៊ីសេរី បានសម្រេចបិទ ការិយាល័យលួចលាក់របស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ហើយបានផ្អាកកិច្ចសន្យាការងារ ជាមួយបុគ្គលនៅក្នុងប្រទេសកម្ពុជាផងដែរ។ ប៉ុន្តែទោះជាយ៉ាងណា រហូតដល់ពេលនេះ វិទ្យុអាស៊ីសេរី នៅតែមានព័ត៌មាន ចុះផ្សាយវាយប្រហារជាបន្តបន្ទាប់ពីកម្ពុជា ខណៈដែលបុគ្គលិកវិទ្យុអាស៊ីសេរី២នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នាថ្មីៗនេះ ក្នុងសណ្ឋាគារមួយ នៅរាជធានីភ្នំពេញ ដោយជាប់ចោទពីបទប្រគល់ឱ្យរដ្ឋបរទេសនូវ ព័ត៌មានជាអាទិដែលបង្កឱ្យមានការអន្តរាយដល់ការការពារជាតិ៕