(កោះកុង)៖ អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ បាននាំរថយន្តមន្ទីរពិសោធន៍ចល័ត ចុះធ្វើពិសោធន៍ត្រួតពិនិត្យគុណភាពបន្លែផ្លែឈើ ដែលអាជីវករនាំចូលពីប្រទេសថៃ តាមមាត់ច្រកទ្វាអន្តរជាតិចាំយាម មកចែកចាយនៅតាមផ្សារក្នុងខេត្តកោះកុង។
ការចុះត្រួតពិនិត្យបន្លែផ្លែដើម្បីស្វែងរកសារធាតុគីមីនេះ ធ្វើឡើងក្រោមការដឹកនាំដោយលោក តន់ យីហេង ប្រធានការិល័យនាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល លោក ជា នី អនុប្រធានសាខាកាំកុងត្រូលខេត្ត រួមទាំងមន្រ្តីជំនាញជាច្រើននាក់។
លោក ជា នី បានបញ្ជាក់ថា ការចុះធ្វើពិសោធន៍របស់មន្ទីរពិសោធន៍ចល័ត ធ្វើឡើងដោយផ្អែកទៅលើច្បាប់ស្តីពី ការគ្រប់គ្រងគុណភាពសុវត្ថិភាពលើផលិតផលទំនិញ និងសេវា និងកិច្ចសម្រួលពាណិជ្ជកម្ម តាមរយៈគ្រប់គ្រងហានីភ័យដែលចែកចេញជា ២ទិដ្ឋភាព រួមមាន៖ ការត្រួតពិនិត្យជាលក្ខណៈរូបវ័ន្ត និងការត្រួតពិនិត្យគុណភាព និងភាពអនុលោម។
លោក ជា នី បានបញ្ជាក់ថា ជាលទ្ធផលនៃការធ្វើពិសោធន៍របស់រថយន្តមន្ទីរពិសោធន៍ចល័ត ទៅលើទំនិញបន្លែផ្លែឈើនៅតាមមាត់ច្រកទ្វារព្រំដែនកម្ពុជា-ថៃ ដែលអាជីវករនាំចូលមកធ្វើការចែកចាយនៅតាមទីផ្សារនោះ ជំនាញកាំកុងត្រូលពុំបានរកឃើញផលិតផលណាដែលប្រើសារធាតុគីមីនោះឡើយ តែនៅតែត្រួតពិនិត្យជាប្រចាំ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់។
លោក ជា នី បានធ្វើការអំពាវរនាវឲ្យអ្នកនាំទំនិញចូលទាំងអស់ ត្រូវនាំចូលតែទំនិញទាំងឡាយណា ដែលគ្មានសារធាតុគីមី មានសំបកវិចខ្ចប់ត្រឹមត្រូវ មានការបរិច្ចេទផលិតត្រឹមត្រូវ ដើម្បីចូលរួមចំណែកការពារផលប្រយោជន៍អ្នកប្រើប្រាស់ ទាំងផ្នែកសុខុមាលភាព និងសេដ្ឋកិច្ច៕