(ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សារជំនុំជំរះលោកចៅក្រម គី រិទ្ធី នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោស បុរសជនជាតិវៀតណាមចំនួន៧នាក់ ដាក់ពន្ធនាគារកំណត់ក្នុងម្នាក់ៗ១ឆ្នាំ ពីបទប្រមូលផល ដឹកជញ្ជូនអនុផលព្រៃឈើ ដោយគ្មានការអនុញាត តាមមាត្រា៥៣ និងមាត្រា៩៧ នៃច្បាប់ព្រៃឈើ និងពិន័យប្រាក់បង់ចូលថវិការដ្ឋ ក្នុងម្នាក់៥០លានរៀល ក្រោមការចោទប្រកាន់ពីបទប្រមូលផល ដឹកជញ្ជូនអនុផលព្រៃឈើដោយខុសច្បាប់។

មន្រ្តីតុលាការបានប្រាប់ភ្នាក់ងារព័ត៌មានប្រចាំតុលាការ លោក ជួន សុជាតិ នៅព្រឹកថ្ងៃនេះថា «មន្រ្តីនុរក្សពន្ធនាគារ បានបញ្ជូនក្រុមជនជាតិវៀតណាម ពីពន្ធនាគារខេត្តមណ្ឌល់គិរី មកកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីកាត់ទោស។ ជនជាប់ចោទទាំង៧នាក់រួមមាន៖ ទី១-ឈ្មោះ ង្វៀន តុងយុន ទី២- ឈ្មោះ ឡេ តុងឌាំង ទី៣-ឈ្មោះ វ៉ាង ង៉ុកវ៉ាង ទី៤-ឈ្មោះ ង៉ ហាន់ទួ ទី៥-ឈ្មោះ ហ ទីង៉ុកតឹង ទី៦-ឈ្មោះ ង៉ ឌិនទៀន និងទី៧-ឈ្មោះ ដូ វ៉ាងនិញ។

លោកចៅក្រម គី រិទ្ធី បញ្ជាក់ថា កាលពីថ្ងៃ២៣ ខែកុម្ភៈ ឆ្នាំ២០១៧ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះទៅចំណុចប៉ុស្តិ៍ព្រំដែនអូរហ៊ុច និងប៉ុស្តិ៍អូរអាឡៃ ក្នុងដែនជំរកសត្វព្រៃកែវសីម៉ា ខេត្តមណ្ឌលគិរី បានចាប់ជនជាតិវៀតណាមចំនួន៧នាក់ រថយន្តរ៉េវដឹកឈើចំនួន៨គ្រឿង ម៉ូតូ៤គ្រឿង រណាអារឈើយន្ត១គ្រឿង និងឈើហ៊ុបកាត់រួចចំនួន១៥៩ដើម ស្មើនិង១៩៧,៥២៤ម៉ែត្រគូប រួចបញ្ជូនមកការិយាល័យដែនជំរកសត្វព្រៃកែវសីម៉ា កសាងសំណុំរឿងបញ្ជូនមកតុលាការអនុវត្តតាមនីតិវិធី។

នៅចំពោះមុខតុលាការកម្ពុជា ជនត្រូវចោទទាំង៧នាក់ បានឆ្លើយដូចៗគ្នាថា ពួកគេជាជាងជួសជុលរថយន្តដឹកឈើ ដែលឈ្មោះ ឌុក បានជួលពីប្រទេសវៀតណាម ឲ្យមកជួសជុលរថយន្តរ៉េវទាំងនោះ យកត្រឡប់ទៅប្រទេសវៀតណាមវិញ លុះពេលបើករថយន្តចេញពីព្រៃ ក៏ត្រូវសមត្ថកិច្ចកម្ពុជាចាប់ខ្លួនតែម្ដង។

បើតាមមេបញ្ជាការយោធាការពារព្រំដែនបានឆ្លើយថា នៅអំឡុងពាក់កណ្ដាលឆ្នាំ២០១៦ មានជនជាតិវៀតណាមជាច្រើននាក់ បាននាំចូលរថយន្តរ៉េវដឹកឈើ មកក្នុងតំបន់ការពារបរិស្ថានកែវសីម៉ា។ ពេលនោះខ្លួនបានរាយការណ៍ទៅលោក ទៀ ខៃម៉េង មេបញ្ជាការអនុសេនាធំទី២ នៃវរៈការពារព្រំដែនលេខ២០៣ ស្ដីពីសកម្មភាពរបស់ក្រុមជនជាតិវៀតណាម ប៉ុន្តែត្រូវបានមេបញ្ជាការខ្លួនបញ្ជាឲ្យនៅស្ងៀម ចាំតែរាប់ក្បាលឡានយកលុយ ហើយមេរបស់ខ្លួនបានឲ្យទៅជួបគាត់យកស្រោមសំបុត្រ ចំណែករបស់ខ្លួនត្រឡប់មកវិញ ហើយចាប់តាំងពីក្រុមវៀតណាម មកកាប់ឈើក្នុងតំបន់អូហ៊ុច និងអូរលៃ មានឈើហ៊ប់រាបរយឡាន ត្រូវគេដឹកយកទៅប្រទេសវៀតណាម ក្រោយមកទើបខ្លួនដឹងថាឈ្មោះ ជុំ រតនា មេប៉ុស្តិ៍ប៉ូលីសវរៈការពារអូហ៊ុចជាអ្នករត់ការឲ្យពួកវៀតណាមទាំងនោះ មកកាប់ឈើដោយឈ្មោះ ជុំ រតនា បានទៅជួបលោក ទៀ ខៃម៉េង និងថ្នាក់លើផ្សេងៗទៀត ទើបសកម្មភាពកាប់ឈើនៅទីនោះ អូសបន្លាយរហូតដល់ខែកុម្ភៈ ទើបមានការបង្ក្រាប។

តែឈ្មួញឈើ និងអ្នកកាប់ឈើអ្នកបញ្ជាឲ្យមានការដឹកជញ្ជូនចេញទៅមុនអស់ហើយ នៅសល់រថយន្តចាស់ៗឈើមួយចំនួននិងពួកកម្មករស៊ីឈ្នួលចេញទៅក្រោយក៏ត្រូវចាប់ខ្លួនតែម្ដង ។

ក្នុងរឿងក្ដីនេះដែរ មានសាក្សីមួយចំនួនដែលជាប់ពាក់ព័ន្ធក៏ត្រូវបានតុលាការកោះហៅមកសាកសួរដែរ ប៉ុន្តែមានតែមេបញ្ជាការប៉ុស្តិ៍ការពារព្រំដែនអូហ៊ុច និងមន្ត្រីគំរោងការពារសត្វព្រៃ និងបរិស្ថានក្រសួងបរិស្ថានប៉ុណ្ណោះ ដែលចូលមកឆ្លើយនៅតុលាការ៕