Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សល់តែ៨ថ្ងៃទៀតប៉ុណ្ណោះ ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន ឆ្នាំ២០១៧នឹងត្រូវបញ្ចប់, អ្នកបង់ពន្ធយឺតត្រូវពិន័យទ្វេដង! (Video inside)

22-11-2017 11:04

(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ គឺនៅសល់តែរយៈពេល៨ថ្ងៃទៀតប៉ុណ្ណោះ ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន ប្រចាំឆ្នាំ២០១៧ នឹងត្រូវបញ្ចប់ ពោលគឺត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧។

ជាមួយគ្នានេះ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្ដីជូនដំណឹងថ្មីមួយដោយប្រកាសឱ្យម្ចាស់ យានយន្ដទាំងអស់ ដែលមានកាតព្វកិច្ចបង់ពន្ធសម្រាប់ឆ្នាំ២០១៧ រួសរាន់ទៅបង់ពន្ធឲ្យទាន់ពេលវេលា ជៀងវាងរងការផាកពិន័យទ្វេដង។

អគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា រយៈពេលកន្លងមកនេះ មានម្ចាស់យានយន្ដភាគច្រើន បានមកបង់ពន្ធរួចរាល់ហើយ តែម្ចាស់យានយន្ដ មួយចំនួនទៀតមិនទាន់បានមកបង់ពន្ធនៅឡើយ។ ដើម្បីជៀសវាងការកកស្ទះ និងការប្រជ្រៀតគ្នា មកប្រកាសបង់ពន្ធ នៅជិតថ្ងៃផុតកំណត់ ដែលអាចនាំទៅដល់បាតុភាព អសកម្ម ដោយប្រការណាមួយអគ្គនាយកដ្ឋាន សូមក្រើនរំលឹកជាថ្មី ដល់ម្ចាស់យានយន្ដ សូមឲ្យរួសរានមកបង់ពន្ធ។

អគ្គនាយកដ្ឋានពន្ធដារ បានបន្ថែមថា ក្នុងករណីម្ចាស់យានយន្ដខកខាន មិនបានបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់យានយន្ដនឹង ត្រូវទទួលរងនូវទោសទណ្ឌ តាមច្បាប់ស្ដីពីសារពើពន្ធជាធរមាន។ អគ្គនាយកដ្ឋានពន្ធដារ នឹងសហការជាមួយ អាជ្ញាធរមានសមត្ថកិច្ចជាពិសេស នគរបាលចរាចរណ៍ ដើម្បីចុះត្រួតពិនិត្យការអនុវត្តប្រមូលពន្ធនេះ តាមដងផ្លូវនានាបន្ទាប់ពីបិទបញ្ចប់ ការប្រមូលពន្ធ៕