(ភ្នំពេញ)៖ ប្រាសាក់ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា បានទទួលវិញ្ញាបនបត្រ អនុលោមភាពសារពើពន្ធកម្រិតមាស ពីអគ្គនាយកដ្ឋានពន្ធដារ ដែលទទួលស្គាល់ ពីការប្តេជ្ញារបស់ប្រាសាក់ ដែលបានប្រកាស និងបង់ពន្ធទាន់ពេលវេលា និងអនុលោមបានល្អតាមកាតព្វកិច្ចពន្ធ។
លោក សាយ សូនី នាយកប្រតិបត្តិគ្រប់គ្រងទីផ្សារ បានថ្លែងថា៖ «ក្នុងនាមជាអ្នកនាំមុខគេក្នុងទីផ្សារ និងជាគ្រឹះស្ថានហិរញ្ញវត្ថុ ដែលធំជាងគេ បើគិតពីទ្រព្យសកម្មប្រាសាក់ តែងតែប្ដេជ្ញាគោរពតាមបទបញ្ញតិ និងអនុលោមភាពផ្នែកច្បាប់។ គំរូអាជីវកម្ម របស់យើង គឺផ្នែកលើសុចរិតភាព ដែលជាមូលដ្ឋានគ្រឹះនៃជោគជ័យរបស់យើង។ តាងនាមឲ្យថ្នាក់គ្រប់គ្រង ប្រាសាក់ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអគ្គនាយកដ្ឋានពន្ធដារ ដែលបានផ្តល់ពានរង្វាន់ឲ្យយើង នូវវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធកម្រិតមាសនេះ។ នេះជាកិត្តិយសយ៉ាងធំធេង ដែលយើងទទួលបានការទទួលស្គាល់បែបនេះ»។
លោក បានបន្ថែមថា លោកជឿជាក់យ៉ាងមុតមាំថា សកម្មភាពនៃការលើកទឹកចិត្តនេះ នឹងជួយលើកកម្ពស់ ដល់អ្នកបង់ពន្ធផ្សេងៗទៀត នៅទូទាំងប្រទេសកម្ពុជា ឲ្យអនុវត្តបានយ៉ាងពេញលេញ តាមកាតព្វកិច្ចពន្ធផងដែរ។៕