Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជន​សង្ស័យ២នាក់ បង្ខំឲ្យ​ក្មេងប្រុសស្រី១១នាក់ ដើរហិតកាវសុំទានតាមផ្លូវ តែចុងក្រោយជាប់ខ្នោះអាវុធហត្ថក្រុងប៉ោយប៉ែត​

22-11-2017 10:59

(បន្ទាយមានជ័យ)៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនក្នុងករណីបង្ខំឲ្យក្មេងប្រុសស្រី ១១នាក់ ដើរសុំទានហើយ ថែមទាំងបង្ខំឲ្យហិតកាវទៀតផង​។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានប្រាប់ថា ការឃាត់ខ្លួននេះ​ ធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍បានបន្តថា ជនសង្ស័យ២នាក់ដែលត្រូវឃាត់ខ្លួននោះមានឈ្មោះ ចូច គង់ ភេទស្រី អាយុ៤៤ឆ្នាំ និងឈ្មោះ ឈៀង វណ្ណារ៉ា ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

លោកបានរៀបរាប់ថា ក្រោយពីទទួលព័ត៌មានថាមានកុមារប្រុសស្រីច្រើននាក់ ត្រូវជនសង្ស័យទាំង២នាក់ បង្ខំឲ្យដើរសុំទាននៅតំបន់ប៉ោយប៉ែតរួចមក កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះស្រាវជ្រាវកំណត់មុខសញ្ញា ហើយឈានដល់ការឃាត់ខ្លួនជនសង្ស័យប្រុសស្រី ២នាក់ និងរំដោះកុមាររងគ្រោះចំនួន ១១នាក់។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា កុមាររងគ្រោះទាំង១១នាក់នោះ បាននិយាយប្រាប់សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យទាំង២នាក់នេះ បានបង្ខំឲ្យពួកគេបំបែកគ្នាដើរសុំទាន ខ្លះដើរសុំទាននៅក្នុងផ្សាររុងក្លឿ ប្រទេសថៃ ខ្លះនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងខ្លះទៀតនៅបរិវេណកាស៊ីណូជាដើម ហើយជនសង្ស័យបានកំណត់ក្នុងមួយថ្ងៃ ម្នាក់សុំទានឲ្យបានប្រាក់ ៥ម៉ឺនរៀល ទើបឲ្យបាយហូប បើមិនបានតាមកំណត់ទេ ជនសង្ស័យបង្អត់បាយពួកគេ។ ពេលកុមាររងគ្រោះសុំទានបាន ជនសង្ស័យបានទិញកាវឲ្យពួកគេហិតជាប្រចាំ ហើយដើរដេកតាមសំយ៉ាបផ្ទះរបស់អ្នកស្រុកទៀតផង។

លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន បានបន្តទៀតថា ក្រោយពីអាវុធហត្ថជំនាញសាកសួរចម្លើយរួចមក ជនសង្ស័យបានឆ្លើយសារភាពថា ពួកគេបានឲ្យកុមាររងគ្រោះទាំងនេះ ដើរសុំទានជាច្រើនខែមកហើយ។ បច្ចុប្បន្ន កុមាររងគ្រោះទាំង១១នាក់ ត្រូវបានប្រគល់ទៅឲ្យមន្ទីរសង្គមកិច្ចខេត្ត ចំណែកជនសង្ស័យទាំង២នាក់ ត្រូវបានអាវុធហត្ថជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមផ្លូវច្បាប់៕