(កែប)៖ នៅសល់រយៈពេលតែ៣០ថ្ងៃទៀតប៉ុណ្ណោះ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ នឹងបានទស្សនាពិធីបុណ្យសមុទ្រជុំទី២ លើកទី៦ នៅខេត្តកែបហើយ ជាមួយព្រឹត្តិការណ៍កម្សាន្ត និងពិព័រណ៍ផលិតផលដ៏ច្រើនសម្បូរបែប ក្នុងនោះដែរ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការ ដើម្បីត្រៀមរៀបចំបុណ្យសមុទ្រ ឆ្នាំ២០១៧ ក៏បានដាក់អនុសាសន៍ជំរុញឲ្យគ្រប់ភាគី ពាក់ព័ន្ធពន្លឿនកិច្ចការនានា ឲ្យបានចប់រួចរាល់មុនថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧។
ការជំរុញពន្លឿនកិច្ចការត្រៀមរៀបចំបុណ្យសមុទ្រ ឆ្នាំ២០១៧នេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំត្រៀមរៀបចំបុណ្យសមុទ្រ នៅសាលាខេត្តកែប ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក កែន សត្ថា អភិបាលខេត្តកែប នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧។
ពិធីបុណ្យសមុទ្រត្រូវបាន ប្រារព្ធឡើងចំនួន៥លើក រួចមកហើយ ហើយការប្រារព្ធឡើងជាថ្មីនៅខេត្តកែបនេះ នឹងធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២២-២៣-២៤ ខែធ្នូ ឆ្នាំ២០១៧ ក្រោមប្រធានបទ «ឆ្នេរសមុទ្របៃតង៖ បច្ចុប្បន្ន គឺអនាគត» និរន្តរភាពទេសចរណ៍ ដើម្បីការអភិវឌ្ឍន៍។
ក្នុងកិច្ចប្រជុំនោះ លោករដ្ឋមន្រ្តីបានបន្តជំរុញ និងបន្តដាក់ចេញនូវផែនការមួយចំនួន សំដៅពន្លឿនការរៀបចំពិធីបុណ្យសមុទ្រ ឆ្នាំ២០១៧ ក្នុងនោះរួមមាន៖
១៖ អាជ្ញាធរខេត្តត្រូវពន្លឿនការរៀបចំ កែលម្អសោភ័ណភាព ក្រុងកែបឱ្យបានស្អាត រៀបចំបង្គន់អនាម័យសាធារណៈ បង្គន់ចល័តឱ្យបានគ្រប់គ្រាន់ និងត្រូវសម្អាតអនាម័យជាប្រចាំ។ ត្រូវជំរុញរៀបចំហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខេត្ត ឲ្យបានរួចរាល់ទាន់ពេលវេលា សម្រាប់រៀបចំពិធីបុណ្យសមុទ្រ ឆ្នាំ២០១៧។
២៖ ចុះអប់រំបណ្តុះបណ្តាល និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍នានា និងបញ្ហាអនាម័យដល់អាជីវករ និងប្រជាពលរដ្ឋ ដើម្បីបម្រើទេសចរជាតិ និងអន្តរជាតិ ក្នុងឱកាសពិធីបុណ្យសមុទ្រ ឆ្នាំ២០១៧ ឲ្យបានពេញចិត្ត ពិសេសសេវាម្ហូបអាហារ និងកន្លែងស្នាក់នៅ។ គ្រប់ភោជនីយដ្ឋានទាំងអស់ ដើម្បីលុបបំបាត់ការប្បោះក្រដាសចោលក្រោមតុ ត្រូវលុបបញ្ឈប់មិនអោយមានការប្រើប្រាស់ក្រដាសជូតមាត់ទៀតឡើយ គប្បីប្រើកន្សែងត្រជាក់ជំនួស។
៣៖ ត្រូវខិតខំបំផុស និងណែនាំប្រជាពលរដ្ឋក្នុងខេត្តឲ្យរៀបចំ និងតុបតែងគេហដ្ឋានរបស់ខ្លួនឲ្យបានស្អាត សម្រាប់ជួលឲ្យភ្ញៀវជាតិ និងអន្តរជាតិដែលមកចូលរួមពិធីបុណ្យសមុទ្រ ឆ្នាំ២០១៧ ចូលស្នាក់នៅ សំដៅទាញផលចំណេញឲ្យ បានដល់ដៃប្រជាពលរដ្ឋផ្ទាល់។
៤៖ ត្រូវរៀបចំអភិវឌ្ឍន៍ផលិតផលទេសចរណ៍ថ្មីៗឲ្យបានច្រើន ដើម្បីបម្រើ និងទាក់ទាញទេសចរជាតិ និងអន្តរជាតិ មកចូលរួមក្នុងពិធីបុណ្យសមុទ្រ ឆ្នាំ២០១៧ ឲ្យបានច្រើនកុះករ។
៥៖ ត្រូវរៀបចំទស្សនីយភាពសិល្បៈ ការតាំងពិព័រណ៍ផលិតផលទេសចរណ៍ ពាណិជ្ជកម្ម សកម្មភាពកីឡា ការបោះតង់ និងកម្មវិធីសម្អាតឆ្នេរឲ្យបានល្អ និងអញ្ជើញបណ្តាខេត្តជាប់សមុទ្រទាំង៤ និងខេត្តជាសម្ព័ន្ធមិត្តចូលរួមសម្តែងផងដែរ។ ចំពោះកម្មវិធីកីឡានេះទៀតសោត ត្រូវរៀបចំប្រភេទកីឡាលើទឹក និងលើឆ្នេរឱ្យបានច្រើន ដូចជា ទូកក្តោង ម៉ូតូទឹក និងត្រូវរៀបចំព្យុះហយាត្រាឱ្យបានល្អ។
៦៖ ត្រូវខិតខំយកចិត្តទុកដាក់ការពារ និងរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ឲ្យបានល្អប្រសើរ ក្នុងឱកាសពីធីបុណ្យសមុទ្រ ឆ្នាំ២០១៧។ ត្រៀមរថយន្តសង្គ្រោះ ត្រៀមស្ដង់ពេទ្យប្រចាំការ និងត្រៀមអ្នកសង្គ្រោះបឋមឲ្យបានគ្រប់គ្រាន់ ដើម្បីត្រៀមជួយសង្គ្រោះជនរងគ្រោះដោយប្រការណាមួយ ក្នុងឱកាសពិធីបុណ្យសមុទ្រ។
៧៖ ជំរុញការផ្សព្វផ្សាយអំពីបុណ្យសមុទ្រឲ្យបានទូលំទូលាយ តាមរយៈប្រព័ន្ធផ្សព្វផ្សាយសាធារណៈ និងឯកជន មានទូរទស្សន៍ ព័ត៌មានអនឡាញ វិទ្យុ ស្លាកសញ្ញាតាមដងផ្លូវ ស្លាកស្ទិកឃ័រនៅតាមផ្ទះសំណាក់ សណ្ឋាគារជាដើម។
៨៖ លោករដ្ឋមន្ត្រីបានណែនាំឲ្យមន្ទីរទេសចរណ៍ខេត្តកែប ចុះត្រួតពិនិត្យតាមផ្ទះសំណាក់ សណ្ឋាគារ រមណីយដ្ឋានទេសចរណ៍ជាដើម ប្រសិនបើកន្លែងណាគ្មានអាជ្ញាប័ណ្ណទេសចរណ៍ ត្រូវជំរុញឲ្យថៅកែ ឬប្រធានគ្រប់គ្រងមកសុំអាជ្ញាប័ណ្ណឲ្យបានត្រឹមត្រូវតាមច្បាប់។
លោករដ្ឋមន្រ្តីបានឲ្យដឹងថា មន្ទីរ-អង្គភាព និងភាគីពាក់ព័ន្ធក៏ត្រូវពន្លឿនការរៀបចំរមណីយដ្ឋាទេសចរណ៍នានា កែលម្អសោភ័ណភាពនៅតាមដងផ្លូវ និងក្នុងទីធ្លារសាធារណៈនានា ចំណែកសហគមន៍ទេសចរណ៍ ក៏ត្រូវត្រៀមលក្ខណៈឲ្យបានទាន់ពេលវេលា ដើម្បីទទួលទេសចរឲ្យបានល្អផងដែរ។ តាមរយៈការរៀបចំពីធីបុណ្យសមុទ្រនេះ លោករដ្ឋមន្ត្រីចង់ជំរុញឲ្យខេត្តកែប ជាខេត្តគំរូក្នុងការធ្វើឲ្យទីក្រុងមានភាពស្អាត និងបៃតង ស្របតាមស្ដង់ដារអាស៊ាន ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរជាតិ ទេសចរក្នុងតំបន់ ក៏ដូចជាទេសចរនៅជុំវិញពិភពលោកផងដែរ។
សូមរំលឹកថា ព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី៥ រយៈពេល៣ថ្ងៃ នៅខេត្តព្រះសីហនុ កាលពីឆ្នាំ២០១៦ មានភ្ញៀវទេសចរជាតិ-អន្តរជាតិចូលរួមទស្សនាប្រមាណជាង ៥០ម៉ឺននាក់ និងទទួលបានជោគជ័យយ៉ាងធំធេង៕