(អាហ្សង់ទីន)៖ កិច្ចខិតខំប្រឹងប្រែងក្នុងការកំណត់ទីតាំងនាវាមុជទឹក ដែលបានបាត់ដំណឹង ជាមួយនឹងនាវិក៤៤នាក់កាលពីថ្ងៃពុធសប្តាហ៍មុន ត្រូវបានធ្វើឡើងដោយក្រុមស្រាវជ្រាវជាច្រើនក្រុមទាំងតាមផ្លូវទឹក និងផ្លូវអាកាស នេះបើយោងតាមការលើកឡើងរបស់មន្ត្រីក្រុមនាវិកប្រចាំប្រទេស អាហ្សង់ទីនដកស្រង់ដោយសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧។

ខាងក្រោមនេះជាព័ត៌មានសំខាន់ៗជុំវិញហេតុការណ៍បាត់នាវាមុជទឹកខាងលើនេះ៖

១៖ តើក្រុមនាវិកអាចសល់ឱកាសរស់បានប៉ុន្មានថ្ងៃ?
ក្នុងស្ថានភាពធម្មតា នាវាមុជទឹកអាចមានថាមពលឥន្ទនៈ ទឹក ប្រេង និងអ៊ុកស៊ីសែនប្រើប្រាស់គ្រប់គ្រាន់ សម្រាប់ប្រតិបត្តិការរយៈពេល៩០ថ្ងៃ ដោយមិនចាំបាច់ ត្រូវការជំនួយបន្ថែមពីខាងក្រៅឡើយ។ ក្នុងអំឡុងពេលនេះ នាវាមុជទឹកអាចបន្តស្ថិតក្រោមផ្ទៃទឹក ឬងើបឡើងដើម្បីបន្ថែមថាមពល ឬដើម្បីផ្តល់ឱកាសដល់ក្រុមនាវិក ស្រូបយកខ្យល់អាកាសបរិសុទ្ធ។

ប្រសិនបើនាវានេះអណ្តែតលើផ្ទៃទឺក ហើយបើគម្របបើកចំហនោះ វាអាចផ្គត់ផ្គង់ខ្យល់ និងអាហារបានរយៈពេល៣០ថ្ងៃប៉ុណ្ណោះ។

ប៉ុន្តែប្រសិនបើនាវាបន្តមុជក្រោមផ្ទៃទឹក និងមិនអាចងើបបានទាល់តែសោះ នោះខ្យល់អ៊ុកស៊ីសែន អាចផ្គត់ផ្គង់បានរយៈពេល៧ថ្ងៃប៉ុណ្ណោះ។
យើងឃើញថា នាវានេះបានធ្វើទំនាក់ទំនងចុងក្រោយបំផុតកាលពីថ្ងៃពុធកន្លងទៅនេះ មានន័យថា គិតមកដល់ថ្ងៃទី២១នេះ វាមានរយៈពេលប្រាំថ្ងៃកន្លងទៅហើយ ដែលនាវានេះបានបន្តលិចបានក្នុងផ្ទៃទឹកសមុទ្រ ហេតុនេះពួកគេមានរយៈពេលយ៉ាងច្រើនពីរថ្ងៃទៀតតែប៉ុណ្ណោះ។

២៖ តើទីតាំងចុងក្រោយនាវាមុជទឹកនេះ ស្ថិតនៅចំណុចណា?
នាវាមុជទឹក San Juan ធ្វើដំណើរចេញពីមូលដ្ឋានទ័ពនៃប្រជុំកោះ Tierra del Fuego ស្ថិតនៅភាគខាងត្បូងនៃប្រទេស អាហ្សង់ទីន ឆ្ពោះទៅកាន់កំពង់ផែនៅ Mar del Plata ដែលមានចម្ងាយប្រមាណ ២៦០ម៉ាយល៍ ភាគខាងត្បូងនៃ Buenos Aires។ នាវាមុជទឹកនេះ គ្រោងនឹងធ្វើដំណើរទៅដល់គោលដៅ នៅថ្ងៃអាទិត្យកន្លងទៅនេះ។ ទីតាំងចុងក្រោយបំផុតរបស់នាវា ដែលគេកំណត់បានកាលពីថ្ងៃពុធកន្លងទៅនេះ គឺនៅឈូងសមុទ្រ San Jorge ដែលមានចម្ងាយ ប្រមាណពីរបីរយគីឡូពីឆ្នេរភាគខាងត្បូងប្រទេស អាហ្សង់ទីន ដែលស្ថិតនៅចម្ងាយប្រមាណពាក់កណ្តាលរវាងមូលដ្ឋានចេញដំណើរ និងគោលដៅ។

៣៖ តើអាចនឹងមានអ្វីកើតឡើងទៅលើនាវាមុជទឹក?

លោក Reed បាននិយាយថា នាវានេះអាចនឹងទទួលរងនូវបញ្ហាកំហុសបច្ចេកទេសណាមួយ។ ប៉ុន្តែវាអាចបញ្ហាបនិ្តចបន្តួច ដែលបណ្តាលឱ្យពួកគេត្រូវ ជាប់គាំងនៅកន្លែងណាមួយ ឬស្ថិតនៅបាតសមុទ្រ។

អ្នកនាំពាក្យកងទ័ពជើងទឹករបស់ប្រទេសអាហ្សង់ទីន លោក Galeazzi បាននិយាយកាលពីថ្ងៃចន្ទកន្លងទៅនេះថា លោកកាពីទែនរបស់នាវា San Juan បានរាយការណ៍ពីកំហុសបច្ចេកទេស នៅក្នុងប្រព័ន្ធអាគុយរបស់នាវា ភ្លាមៗមុនពេលនាវាបាត់ដំណឹង។

បន្ទាប់ពីនាវារងគ្រោះបានជួបប្រទះ បញ្ហាម៉ាស៊ីជាប់គាំងឈប់ដំណើរការរយៈពេលខ្លី ហេតុនេះលោកកាពីទែនទទួលបានបញ្ជាឱ្យផ្លាស់ប្តូរទិសដៅ ដោយវិលត្រឡប់ មកកាន់ដែនសមុទ្រ Mar del Plata វិញ។ ប្រភពព័ត៌មានបានឱ្យដឹងថា បញ្ហានេះត្រូវបានគេចាត់ទុកថា ជារឿងទម្លាប់ទៅហើយ ចំណែកនាវិកត្រូវបានគេ រាយការណ៍ថា មានសុវត្ថិភាពធម្មតាទេ។

លោក Galeazzi មិនបានលើកឡើងអំពីខ្លឹមសារលម្អិតនៃការធ្វើទំនាក់ទំនងចុងក្រោយឡើយ ដោយគ្រាន់តែបញ្ជាក់ថា កងនាវិកបានធ្វើទំនាក់ទំនងជាមួយ ប្រធានក្រុមរបស់ខ្លួនម្តងទៀត មុនពេលបាត់ខ្លួន។ សូមជម្រាបថា ដោយសារនាវាមុជទឹក San Juan គឺជានាវាមុជទឹកប្រើប្រាស់ថាមពលម៉ាស៊ូត មិនមែនថាមពលនុយក្លេអ៊ែរ ហេតុនេះពេលវេលានៃការមុជទឹក មានកម្រិត។

៤៖ តើការងារស្រាវជ្រាវនេះទទួលបានដំណឹងអ្វីខ្លះ?

កងនាវិករបស់ប្រទេស អាហ្សង់ទីន កាលពីថ្ងៃចន្ទកន្លងទៅនេះ ទទួលបានសញ្ញាសម្លេងមួយ ដែលត្រូវបានគេគិតថា ជាសម្លេងមកពីនាវាមុជទឹកដែល បានបាត់ដំណឹងនេះ។ ប្រព័ន្ធសូណា (ឧបករណ៍វាស់ជម្រៅ និងចាប់សម្លេង) នៃនាវាពីរគ្រឿង ចាប់បានសម្លេងដែលមានលក្ខណៈស្រដៀង នឹងសម្លេងឧបករណ៍ អ្វីម្យ៉ាងទង្គិចនឹងតួនាវាមុជទឹក នេះបើយោងតាមការលើកឡើងរបស់មន្ត្រីនាវិកជាន់ខ្ពស់អាមេរិក ដែលមានទំនាក់ទំនងជិតស្និតជាមួយនឹងការងារស្រាវជ្រាវនេះ។

មន្ត្រីរូបនេះបានលើកឡើងថា ក្រុមនាវិកនៃនាវាមុជទឹកដែលជួបហេតុការណ៍ណាមួយ តែងតែគោះទៅលើតួនាវាមុជទឹករបស់ខ្លួន ដើម្បីផ្តល់ដំណឹងដល់នាវាផ្សេងទៀត ដែលឆ្លងកាត់ទីតាំងនាវារបស់ពួកគេ។

៥៖ ហេតុអ្វីមិនបញ្ជូននាវាមុជទឹកផ្សេងទៀត ដើម្បីស្វែងរកនាវាដែលបាត់ដំណឹង?

កាពីទែននៃកងទ័ពជើងទឹកអាហ្សង់ទីនលោក Hector Alonso បាននិយាយថា «អ្វីដែលយើងត្រូវការនៅពេលនេះ គឺនាវាដែលមានបំពាក់ឧបករណ៍ស្រូបសំឡេង ដើម្បីជួយការងារស្វែងរកបានត្រឹមត្រូវ»។ «ការបញ្ជូននាវាមុជទឹកផ្សេងទៀត ដើម្បីស្វែងរកមិនអាចជួយអ្វីបន្ថែមនោះទេ ព្រោះនាវាមុជទឹកមិនមានបច្ចេកវិទ្យា ដើម្បីអាចធ្វើការរុករកក្រោមទឹកបានឡើយ»។ ប៉ុន្តែប្រសិនបើនាវា San Juan ត្រូវបានរកឃើញ ខណៈដែលនាវិកនៅរស់នៅឡើយនោះ ក្រុមការងារពិត ជាត្រូវការនាវាបន្ថែមដើម្បីសង្គ្រោះជីវិតរបស់ពួកគេ។ ហេតុនេះសហរដ្ឋអាមេរិកបានបញ្ជូននាវាសង្គ្រោះទៅតំបន់សង្ស័យ ដើម្បីត្រៀមជួយ ក្នុងករណីចាំបាច់។

៦៖ ឧទាហរណ៍ថា នាវាមុជទឹកត្រូវបានរកឃើញ តើក្រុមនាវិកទាំងនោះត្រូវបានសង្គ្រោះដោយរបៀបណា?

បើទោះបីជានាវាមុជទឹក ត្រូវបានគេកំណត់ទីតាំងបាន យើងនៅតែត្រូវការរយៈពេលប៉ុន្មានថ្ងៃបន្ថែម ដើម្បីសង្គ្រោះមនុស្សក្នុងនាវា។ អ្វីដែលជាបញ្ហា គឺពេលនោះអ៊ុកស៊ីសែនអាចនឹងដល់ពេលត្រូវអស់ ជាពិសេសក្នុងករណីដែលលើផ្ទៃទឹកមានសភាមិនអំណោយផល។ «វាមានការលំបាកជាខ្លាំង ក្នុងការធ្វើការស្រាវជ្រាវ ខណៈដែលទឹកសមុទ្រមានរលកកម្ពស់ប្រមាណ៨ម៉ែត្រ» នេះជាការលើកឡើងរបស់កាពីទែននៃកងទ័ពជើងទឹកអាហ្សង់ទីនលោក Hector Alonso។ វាលំបាកក្នុងការសង្គ្រោះ ដោយសារបច្ចុប្បន្នក្រុមការងារមិនអាចដឹងបានទេថា តើទីតាំងរបស់ពួកគេមានជម្រៅទឹកប៉ុន្មានម៉ែត្រនោះ។

ឧទាហរណ៍ថា នាវានេះបានទើនៅលើគោក វាក៏អាចបង្កក្តីកង្វល់មួយផងដែរ។ ក្នុងស្ថានភាពនេះ នាវាមុជទឹកចាំបាច់ត្រូវផ្នែកគម្របនៅលើខាងលើ ឬផ្អៀងឆ្វេងស្តាំ ហេតុដូច្នេះគម្របរបស់វាងាយនឹងបើកបានយ៉ាងងាយសង្គ្រោះជិវិតមនុស្ស។ ប៉ុន្តែកុំភ្លេចថា ទឹកសមុទ្រមានរលកធំៗ មិនរាបស្មើនោះទេ។ ហេតុនេះប្រសិនបើនាវាមុជទឹកក្រឡាប់ មាននឹងមានការលំបាកជាខ្លាំង៕

បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា