(កំពង់ចាម)៖ ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម និងជាស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី ឯម កុលស នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់ថវិកាមរណៈសង្រ្គោះជូនដល់គ្រួសារអតីតយុទ្ធដែលបានពលី មរណ: ពិការ បាត់បង់សមត្ថភាពពលកម្ម ចំនួន១៣គ្រួសារមកពី ៧ក្រុង-ស្រុក។
ក្នុងពិធីនេះក៏មានការចូលរួមពី លោក ទូច ឆៃ ប្រធានមន្ទីរសង្គមកិច្ច និងអតីតយុទ្ធជន និងជាអនុប្រធានអចិន្រ្តៃយ៍សមាគមអតីតយុទ្ធជនកម្ពុជា, លោកឧត្តមសេនីយ៍ត្រី សាន សុភា ស្នងការរង និងជាប្រធានលេខាធិការដ្ឋាន ស.អ.ក, លោកស្រី ទុំ ស៊ីសុភារី សមាជិកបេឡាសង្គ្រោះ, តំណាងសឹករងខេត្ត, អាវុធហត្ថខេត្ត និងអស់លោកសមាជិកស.អ.ក ជាច្រើនរូបទៀត សរុបរួមចំនួន៤២នាក់ ស្រី១៤នាក់។
ថវិកាដែលលោកឧត្តមសេនីយ៍ត្រី ឯម កុសល ប្រគល់ជូនគ្រួសារអតីតយុទ្ធជនពលីនោះរួមមាន មួយគ្រួសារទទួលបានថវិកាពីសមាគមអតីតយុទ្ធជនកម្ពុជា ចំនួន ៤,០០០,០០០ និងលិខិតរំលែកមរណៈទុក្ខ ម្នាក់១សន្លឹក។ បន្ថែមលើនោះ លោកបានជួយឧបត្ថម្ភបន្ថែម នូវថវិកាផ្ទាល់ខ្លួន ក្នុង១គ្រួសារ ចំនួន៣០,០០០រៀល ទឹកក្រូច០១កេស និងមី០១កេសទៀតផង៕