(ភ្នំពេញ)៖ លោក សុក ផេង អតីតតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំរបស់គណបក្សប្រឆាំង (2003-2008) តាមរយៈបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានអំពាវនាវឱ្យសមាជិកក្រុមប្រឹក្សាមូលដ្ឋាន នៃគណបក្សសង្រ្គោះជាតិដែលទើបរំលាយទាំងអស់ ចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីបម្រើ និងកសាងជាតិកម្ពុជាទាំងអស់គ្នា មុននឹងឱសានវាទមកដល់។
ការអំពាវនាវរបស់អតីតតំណាងរាស្រ្តគណបក្សសមរង្ស៊ីនេះ បានធ្វើឡើងស្របពេលដែល សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ របស់គណបក្សសង្រ្គោះជាតិ ជាបន្តបន្ទាប់ បាននាំគ្នាចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តតំណែងរបស់ខ្លួន ក្រោយពេលដែលគណបក្សរបស់ពួកគាត់ ត្រូវបានរំលាយ។
លោក សុក ផេង បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំ សុក ផេង អតីតអ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ធំ (2003-2008) បច្ចុប្បន្នរដ្ឋលេខាធិការទីស្តីការគណ:រដ្ឋមន្ត្រី សូមអំពាវនាវដល់បងប្អូនជាសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក មេឃុំ ចៅសង្កាត់ ជំទប់ និងសមាជិក ក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងខេត្តកំពង់ធំ នៃគណបក្សប្រឆាំងទាំងអស់ សូមអញ្ជើញមកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ឲ្យបានមុនថ្ងៃទី២៤-១១-២០១៧ គឺដើម្បីយើងបានមកបំរើ និងកសាងជាតិរបស់យើងជាមួយគ្នា»។
លោក សុក ផេង បានពន្យល់បន្តទៀតថា «ការចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា នាពេលនេះ គឺដើម្បីអនាគតរបស់អ្នកកូនចៅអ្នក ក៏ដូចជា ការការពារផលប្រយោជន៍ប្រទេសជាតិរបស់យើង ឲ្យមានសេចក្តីសុខសន្តិភាព និងសេចក្តីសម្បូរសប្បាយតទៅទៀត»។
សូមបញ្ជាក់ថា នាថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវឲ្យអតីតសមាជិកក្រុមប្រឹក្សាមូលដ្ឋានឃុំ/សង្កាត់ របស់ គណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលកាត់រំលាយ ប្រញាប់ប្រញាល់ចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ឱ្យបានមុនថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីទទួលបាននូវតួនាទីឋានៈរបស់ពួកគេ។ ការចុះចូលនៅចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា តទៅនឹងមិនអាចទទួលតំណែងរបស់ពួកគេវិញបានឡើយ។ ព្រោះការកំណត់ពេលវេលាត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា នេះ ធ្វើឡើងតាមលក្ខខណ្ឌរបស់ គ.ជ.ប៕