(ភ្នំពេញ)៖ របាយការណ៍របស់សមត្ថកិច្ចចម្រុះនៃក្រសួងមហាផ្ទៃ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានបង្ហាញថា គិតចាប់ពីថ្ងៃទី១៧ ដល់ល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ការទម្លាក់ និងរុះរើ ស្លាក បដា រួមទាំងពាក្យស្លោករបស់គណបក្សសង្រ្គោះជាតិ នៅតាមមូលដ្ឋាននានា នៅទូទាំងប្រទេស បានបញ្ចប់ស្ទើតែទាំងស្រុងហើយ ដោយនៅសល់តែក្នុងខេត្តបាត់ដំបង១ប៉ុណ្ណោះ។

របាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា រយៈពេល៤ថ្ងៃ ពោលគិតត្រឹមថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លទ្ធផលនៃការរុះរើ និងទម្លាក់ស្លាកគណបក្ស CNRP នៅទូទាំងប្រទេស មានចំនួនសរុបបានចំនួន ១១.៧០៧ កន្លែងក្នុងនោះរួមមាន៖

១- បន្ទាយមានជ័យ 548 ស្លាក (100%)
២- បាត់ដំបង 627 ស្លាក
៣- កំពង់ចាម 1.107 ស្លាក (100%)
៤- កំពង់ឆ្នាំង 449 ស្លាក (100%)
៥- កំពង់ស្ពឺ 207ស្លាក (100%)
៦- កំពង់ធំ 508 ស្លាក (100%)
៧- កំពត 601 ស្លាក (100%)
៨- កណ្តាល 1.080 ស្លាក (100%)
៩- កោះកុង 82 ស្លាក (100%)
១០- ក្រចេះ 254 ស្លាក (100%)
១១- មណ្ឌលគិរី 58 ស្លាក (100%)
១២- រាជធានី 380 ស្លាក (100%)
១៣- ព្រះវិហារ 350 ស្លាក (100%)
១៤- ព្រៃវែង​ 1.073 ស្លាក (100%)
១៥- ព្រះសីហនុ 347 ស្លាក (100%)
១៦- រតនគិរី 147 ស្លាក (100%)
១៧- សៀមរាប 779 ស្លាក (100%)
១៨- ព្រះសីហនុ 231 ស្លាក (100%)
១៩- ស្ទឹងត្រែង 102 ស្លាក (100%)
២០- ស្វាយរៀង 697 ស្លាក (100%)
២១- តាកែវ 1.139 ស្លាក (100%)
២២- ឧត្តរមានជ័យ 116 ស្លាក (100%)
២៣- កែប 65 ស្លាក (100%)
២៤- ប៉ៃលិន 115 ស្លាក (100%)
២៥- ត្បូងឃ្មុំ 645 ស្លាក (100%)

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា​ ក្នុងការអនុវត្តសាលដីការបស់ តុលាការកំពូល ប៉ុន្មានថ្ងៃនេះ បង្ហាញពីភាពវិជ្ជមានច្រើន ហើយអតីតសមាជិកគណបក្សសង្រ្គោះជាតិនៅតាមមូលដ្ឋាន ក៏បានស្ម័គ្រចិត្តទម្លាក់ស្លាករបស់គណបក្សពួកគាត់ ដោយខ្លួនឯងផងដែរ ដោយពុំមានការរារាំងឡើយ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧​ កន្លងទៅនេះ តុលាការកំពូល បានកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ ដោយសារតែ មានការពាក់ព័ន្ធនឹងអំពើក្បត់ជាតិឃុបឃិតជាមួយបរទេស ក្នុងគោលដៅផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។ ជាមួយគ្នានេះ តុលាការកំពូល ក៏បានហាមឃាត់ដល់ សមាជិកជាន់ខ្ពស់របស់គណបក្សប្រឆាំងនេះ ចំនួន១១៨រូប មិនឱ្យចូលរួមក្នុងឆាកនយោបាយរយៈពេល៥ឆ្នាំផងដែរ។

ក្រោយការសម្រេចរបស់តុលាការកំពូលនេះ ក្រសួងមហាផ្ទៃ បានសម្រេចលុបឈ្មោះគណបក្សសង្រ្គោះជាតិ ចេញពីបញ្ជីគណបក្សនយោបាយ ហើយបានបង្គាប់ឱ្យអាជ្ញាធររាជធានីខេត្តទាំងអស់ ចុះរុះរើ និងទម្លាក់ ស្លាក បដារ និងពាក្យស្លោកគណបក្សសង្រ្គោះជាតិ ឱ្យអស់នៅទូទាំងប្រទេស៕