(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនក្រុមចោរឆក់០៤នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ បន្ទាប់ពីជនសង្ស័យទាំងនេះ បានធ្វើសកម្មភាពឆក់កាបូបជនបរទេសម្នាក់ឈ្មោះ ALYSSA CASEY កាលពីវេលាម៉ោង២២និង០០នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ខណៈដែលជនរងគ្រោះកំពុងដើរនិយាយទូរស័ព្ទ នៅចំណុចក្រោយវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានលើកឡើងថា ដោយអនុវត្តតាមការណែនាំចង្អុលបង្ហាញ តម្រង់ទិសដៅរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឲ្យកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមចេញល្បាត និងពួនស្ទាក់តាមគោលដៅសំខាន់ៗ រៀងរាល់ថ្ងៃ ទាំងពេលយប់ទាំងពេលថ្ងៃ ដើម្បីបង្ការ និងតាមដាន បង្ក្រាប ក្រុមចោរឆក់ ទាំងនេះឲ្យខាងតែបាន ព្រោះថា សកម្មភាពចោរឆក់ទាំងនេះ មិនត្រឹមតែធ្វើឲ្យជនរគ្រោះបាត់បង់ទ្រព្យសម្បត្តិ ជាទីស្រឡាញ់ និងមានតម្លៃប៉ុណ្ណោះទេ វាថែមទាំងបង្កឲ្យមានសោកនាដកម្មដល់ជនរងគ្រោះ មានទាំងស្លាប់ ទាំងរបួស និងពិកា គួរឲ្យអាណិតអាសូរបំផុត។
កន្លងមកអាវុធហត្ថរាជធានីភ្នំពេញ ក៏បានបង្ក្រាបបទល្មើសជាច្រើនករណីទាន់ពេលវេលា ជាពិសេសបទល្មើសចោរឆក់ដ៏សកម្ម ក៏ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបានជាច្រើនលើក និងបញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ជាច្រើននាក់រួចមកហើយ។ ទន្ទឹមជាមួយគ្នានេះ ក្រៅពីការលះបង់កម្លាំងកាយ កម្លាំងចិត្ត និងពេលវេលា ក្នុងការល្បាតពួនស្ទាក់ទាំងយប់ទាំងថ្ងៃ សមត្ថកិច្ចក៏បានប្រថុយប្រថានអាយុជីវិត ប្រឈមជាមួយគ្រោះថ្នាក់ ក្នុងការប្រដេញតាម ចាប់ក្រុមចោរឆក់ទាំងនេះដូចគ្នាផងដែរ។
ជាក់ស្តែង ករណីឆក់កាបូបជនបរទេសខាងលើ បានបណ្តាលឲ្យជនរងគ្រោះ ដួលរបួសដាច់ កែងដៃ បាតដៃ និងចង្កេះ ហើយ ក្នុងប្រតិបត្តិការពង្រាយកម្លាំងតាមដានពួនស្ទាក់ និងប្រដេញតាមបង្ក្រាបក្រុមចោរឆក់នេះ ក៏បានធ្វើឲ្យសមត្ថកិច្ចអាវុធហត្ថ រាជធានីភ្នំពេញម្នាក់ គឺលោកវរសេនីយ៍ទោ ម៉ាំង សុខលុច នាយការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ ជួបគ្រោះថ្នាក់ ដួលម៉ូតូប្រេះឆ្អឹងក្បាលជង្គង់ម្ខាង របួសធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្រៅប្រទេសផងដែរ។
តាមរយៈការស្រាវជ្រាវ និងវិធានការជំនាញរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ជនដៃដល់បានសារភាពថា រូបគេឈ្មោះ ប៊ុន ឆៃ ឬ ប៊ុន ហួត ឬ ជា ធី អាយុ២៥ឆ្នាំ ពិតជាបានធ្វើសកម្មភាពឆក់កាបូប ជនបរទេសឈ្មោះ ALYSSA CASEY បណ្តាលឲ្យ ជនរងគ្រោះ ដួលរបួស ពិតប្រាកដមែន ហើយកន្លងមករូបគេរួមជាមួយបក្ខពួក តែងតែធ្វើសកម្មភាពឆក់វត្ថុមានតម្លៃពីអ្នកដំណើរ រាប់សិបលើករហូតដល់ចាំមិនអស់ ក្នុងភូមិសាស្ត្រទូទាំងរាជធានីភ្នំពេញ តាមផ្លូវស្ងាត់ មិនសូវមានមនុស្សឆ្លងកាត់ ឬមិនមាន វត្តមានសមត្ថកិច្ច លើសពីនេះទៅទៀត រូបគេ(ប៊ុន ឆៃ ឬ ប៊ុន ហួត ឬ ជា ធី) ក៏ធ្លាប់ជាប់គុកព្រៃស ចំនួន០៣ដងរួចមកហើយ។
លើកទី១ ក្នុងអំឡុងឆ្នាំ២០១៣ រូបគេ ( ប៊ុន ឆៃ ) ជាមួយបក្ខពួកឈ្មោះ ម៉េង តែងតែធ្វើសកម្មភាពឆក់ជាប្រចាំយកលុយ ទិញថ្នាំញៀនជក់ រហូតត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌចំការមន ឃាត់ខ្លួនបានទាំង០២នាក់ បន្ទាប់ពីពួកគេបានយក ទូរស័ព្ទដៃមួយគ្រឿង ម៉ាកSamsung ដែលឆក់បានពីជនបរទេស ទៅបញ្ជាំនៅម្តុំផ្សារកណ្តាល។ ហើយសមត្ថកិច្ចអាវុធហត្ថ រាជធានីភ្នំពេញ បានបញ្ជូន ពួកគេទៅតុលាការ ផ្តន្ទាទោសដាក់ពន្ធនាគារព្រៃស រយៈពេល១ឆ្នាំ ដោយចេញពីពន្ធនាគារ ក្នុងអំឡុង ខែមេសាឬឧសភា ឆ្នាំ២០១៤ ។
លើកទី២ គឺក្រោយពេលចេញពីពន្ធនាគារលើកទី១ រូបគេ ប៊ុនឆៃ បានប្តូរឈ្មោះទៅជាឈ្មោះ ប៊ុន ហួត វិញ រួមជាមួយឈ្មោះ ម៉េង បានបន្តមុខរបរដើរឆក់ជាបន្តទៀត ហើយពួកគេចេញឆក់ស្ទើររាល់ថ្ងៃ មានថ្ងៃខ្លះ ចេញឆក់រហូត ៥ទៅ៦លើកក្នុង១ថ្ងៃក៏មាន ក៏ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌដូនពេញ ឃាត់ខ្លួនរូបគេ (ប៊ុនឆៃ ឬ ប៊ុនហួត) បាននៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៤ ខណៈពេល ពួកគេបានឆក់ទូរស័ព្ទដៃពីជនបរទេស ឯឈ្មោះ ម៉េង បានរត់រួច ហើយសមត្ថកិច្ច អាវុធហត្ថរាជធានីភ្នំពេញ ក៏បញ្ជូនរូបគេ ទៅតុលាការ ផ្តន្ទាទោសដាក់ពន្ធនាគារជាលើកទី២ រយៈពេល១ឆ្នាំទៀត ដោយចេញពី ពន្ធនាគារវិញ ក្នុងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៥ ។
លើកទី៣ គឺក្រោយពេលចេញពីគុកលើកទី២ រូបគេ(ប៊ុនឆៃ ឬ ប៊ុនហួត) បានប្តូរឈ្មោះទៅឈ្មោះ ជា ធី វិញ ហើយក៏ស្វែងរកបក្ខពួក ដើម្បីបន្តមុខរបរឆក់ទៀត តែពួកគេទើបតែធ្វើ សកម្មភាពឆក់ បានចំនួនប្រហែល២០លើក ក៏ត្រូវបានសមត្ថកិច្ចអាវុធហត្ថ រាជធានី ភ្នំពេញក្នុងខណ្ឌដូនពេញ ឃាត់ខ្លួនបានជាលើកទី៣ ក្នុងថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៥ ខណៈពេលដែលរូបគេជាមួយឈ្មោះ ម៉េង បានធ្វើសកម្មភាពឆក់ ទូរស័ព្ទដៃពីស្ត្រីម្នាក់ កំពុងដើរម្នាក់ឯង នៅខាងលិចផ្សារកណ្តាល តែឈ្មោះ ម៉េង បានរត់រួចម្តងទៀត ឯរូបគេ(ប៊ុនឆៃ ឬ ប៊ុនហួត ឬជាធី) ត្រូវបានអាវុធហត្ថ រាជធានីភ្នំពេញបញ្ជូន ទៅតុលាការផ្តន្ទារទោស ដាក់ពន្ធនាគារព្រៃស ជាលើកទី៣ រយៈពេល១ឆ្នាំទៀត ដោយចេញពីពន្ធនាគារវិញ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦។
នៅតែមិនរៀងចាល ក្រោយពេលចេញពីពន្ធនាគារលើកទី៣ ឈ្មោះ ប៊ុន ឆៃ ឬ ប៊ុន ហួត ឬ ជា ធី បានស្វែងរក បក្ខពួក ដើម្បីបន្តមុខរបរ ជាចោរឆក់ទៀត ដោយលើកនេះរូបគេ និងបក្ខពួកធ្វើសកម្មភាពឆក់ទើបតែបានប្រហែល១៧លើក ក៏ត្រូវសមត្ថកិច្ច អាវុធហត្ថរាជធានីភ្នំពេញ ពួនស្ទាក់ ឃាត់ខ្លួនរូបគេបានម្តងទៀត ក្នុងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះតែម្តង។ ហើយនៅ ព្រឹកមិញថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានកសាងសំណុំរឿង បញ្ជូនក្រុមពួកគេសរុប៤នាក់ ទៅតុលាការដើម្បី ផ្តន្ទាទោសតាមច្បាប់ ដូច្នេះសម្រាប់ឈ្មោះ ប៊ុន ឆៃ ឬ ប៊ុន ហួត ឬ ជា ធី ក៏មានវាសនាបានចូលគុកជាលើកទី៤។
លើកនេះឈ្មោះ ប៊ុន ឆៃ ឬ ប៊ុន ហួត ឬ ជា ធី អាចនឹងគ្មានឱកាស បានចេញមកម្តងទៀតឡើយ ព្រោះធ្លាប់ជាប់គុកដល់ទៅ៣ដងរួចមកហើយ រីឯសកម្មភាពឆក់របស់ក្រុមគេម្តងហើយម្តងទៀត មិនត្រឹមតែធ្វើជន រងគ្រោះដួលរបួសប៉ុណ្ណោះទេ ថែមទាំងបង្ក គ្រោះថ្នាក់ដល់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញម្នាក់ ឲ្យរបួសធ្ងន់ធ្ងរ ខណៈពេលដែល បានពួនស្ទាក់និងតាមប្រម៉ាញ់ក្រុមគេ រហូតសមត្ថកិច្ចម្នាក់នេះ ត្រូវបញ្ជូនទៅព្យាបាលនៅក្រៅប្រទេសផងដែរ។
ជាចុងបញ្ចប់ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ក៏ដូចជាមហាជនទូទៅ សូមជួយសហការណ៍ផ្តល់ ព័ត៌មានគ្រប់រូបភាព ដែលសង្ស័យថា ជាមុខសញ្ញាជនល្មើស ដើម្បីឲ្យសមត្ថកិច្ច អាចចាត់វិធានការណ៍ទប់ស្កាត់និងបង្ក្រាប ពួកក្រុមចោរទាំងនេះ បានទាន់ពេលវេលា៕